រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ខាបស្អែកនេះ ប្រដាល់ «កំពូលជើងឯកស្រាបៀរប្លេកខេត» នឹងដល់កំណត់ត្រូវប្រកួតអន្តរជាតិទៀតហើយ ដោយប្រកាសបើករេញឲ្យកីឡាករកម្ពុជា២រូប និងថៃ២រូបប៉ះគ្នា។ ការប្រកួតនៅចុងសប្ដាហ៍នេះ កីឡាករ សេក គឹមរួន និង សុខ សុវណ្ណ ដែលសុទ្ធតែជាជើងខ្លាំងល្បីឈ្មោះនៅកម្ពុជា ត្រូវបានសង្វៀនមួយនេះ បើកផ្លូវឱ្យស្វាគមន៍កីឡាករថៃមកពីទីក្រុងបាងកក ដោយរំពឹងថា ការប្រកួតរបស់ពួកគេនឹងកក្រើកសង្វៀនមិនខាន ។
ការប្រកួតដែលនឹងធ្វើឡើងចាប់ពីម៉ោង៨យប់ក្រោមការរៀបចំរបស់ស្រាបៀរ Black Cat និងស្ថិតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែង គឺព្រឹត្តិការណ៍ដំណើរការចំពេលរាត្រីថ្ងៃអាទិត្យ ដែលមានអ្នកទស្សនាយ៉ាងកកកុញស្រាប់ ដោយសូម្បីតែការប្រកួតជាលក្ខណៈជាតិ និងជាតិក្ដី ។ កីឡាករកម្ពុជា២រូប គឺ សេក គឹមរួន និង សុខ សុវណ្ណ ក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃនៅយប់ថ្ងៃអាទិត្យ ដែលនឹងមកដល់នៅថ្ងៃខានស្អែកនេះ ។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៤រូបមានបំណងប៉ះគ្នាយូរហើយ មុនពេលមានការសម្រេចរៀបចំព្រឹត្តិការណ៍អន្តរជាតិរបស់ស្រាបៀរប្លេកខេត ឲ្យពួកគេប្រកួតគ្នានេះ ។ ក្នុងនោះភាគីខាងកីឡាករកម្ពុជា បានទាំងសុំខ្លួនឯងក្នុងការចង់សាកកណ្ដាប់ដៃគ្នា តាំងពីឮមានការផ្គូផ្គងនោះផង ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា លោកបានសម្រេចចិត្តដាក់ សេក គឹមរួន មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ឱ្យឡើងប៉ះប្រកួតជាមួយកីឡាកថៃឈ្មោះ សៀ ផាយ ក្នុងនាមជាគូឯកអន្តរជាតិសម្រាប់ប្រដាល់អន្តរជាតិនៅយប់ថ្ងៃអាទិត្យនោះ ។ លោកថា ជំនួបរវាងពួកគេមិនមែនជារឿងចៃដន្យនោះទេ ដោយលោកថា ភាគីទាំងពីរសុទ្ធតែបានដឹងពីគ្នា និងទទួលយកការផ្គូផ្គងសម្រាប់ការជួបគ្នានោះផង។
កីឡាករ សេក គឹមរួន លោកចាត់ទុកថា ជាជើងខ្លាំងម្នាក់នៅលើសង្វៀនប្រដាល់អន្តរជាតិ ទើបសម្រេចឱ្យឡើងប្រកួតនៅលើសង្វៀន Black Cat ដែលជាព្រឹត្តិការណ៍ចម្រុះតែកីឡាករខ្លាំងៗនៅក្នុងពិភពប្រដាល់ ។ លោកជឿជាក់ថា សមត្ថភាពកីឡាកររូបនេះវាយសន្ធាប់បានល្អ បើទោះជាមុននេះបន្តិចគេត្រូវបរាជ័យក្រោមដៃកីឡាករថៃដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តក៏ដោយ ។
លោកថា នោះជារឿងភ្លាត់ស្នៀតប៉ុណ្ណោះ ប៉ុន្តែធាតុពិតគឺលោកទុកចិត្តកីឡាករកម្ពុជារូបនេះ ទើបលោកសម្រេចចិត្តឱ្យគេឡើងប្រកួតជាមួយកីឡាករថៃខាងលើ ។ លោកថា គូនេះជាជំនួបអ្នកខ្លាំងប៉ះអ្នកខ្លាំង ទើបលោករំពឹងយ៉ាងច្រើនថា ការប្រកួតដែលនឹងធ្វើឡើងពិតជាល្អត្រូវចិត្ត ។
ក្នុងជំនួបគូនេះ កីឡាករថៃ សៀ ផាយ ធ្លាប់ប្រកួត៧១លើក ឈ្នះ៥៤លើក ចាញ់១៥លើក និងស្មើ២លើក ក្នុងពេលដែលកីឡាករកម្ពុជា ធ្លាប់ប្រកួត៨២លើក ឈ្នះ៦៥លើក ចាញ់១លើក និងស្មើ១លើក ។
សម្រាប់កីឡាករ សុខ សុវណ្ណ លោកញាណ សុធី បញ្ជាក់ថា គេត្រូវប៉ះប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ អូ រូណូ នៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់ស្រាបៀរ Black Cat នៅយប់ថ្ងៃអាទិត្យនោះដែរ។ លោកថា ការប្រកួតរបស់គូនេះ នៅមិនទាន់ដឹងថា អ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែល សុខ សុវណ្ណ ឡើងកូដតែពេលខ្លះម្ដង ល្អម្ដង ធ្លាក់ដៃពិបាកប៉ាន់ស្មានពីកម្រិតប្រកួត១០០ភាគរយ ហើយកីឡាករថៃក៏មិនណយដែរ ។ លោកថា កីឡាករថៃធ្លាប់ប្រកួត៦៣លើក ឈ្នះ៥១លើក ចាញ់១១លើក និងស្មើ១លើក រីឯកីឡាករកម្ពុជាធ្លាប់ប្រកួត៦៥លើក ឈ្នះ៥២លើក ចាញ់១០លើក និងស្មើ៣លើក ។
នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកនៅលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃអាទិត្យនោះដែរ ក៏មានការប្រកួតអន្តរជាតិ ខណៈនៅប៉ុស្ដិ៍លេខ៥នាល្ងាចថ្ងៃសៅរ៍ស្អែកនេះ ក៏មានការប្រកួតជម្រុះក្នុងវគ្គ៤នាក់ស្វែងរកចំណាត់ថ្នាក់ផងដែរ៕
ចែករំលែកព័តមាននេះ