ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ស្ករ​នៅ​ខេត្តព្រះវិហារ​នឹង​ដំណើរការ​ឡើង​វិញ​ចុងខែ​កុម្ភៈ​នេះ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បន្ទាប់​ពី​ផ្អាក​ដំណើរការ​អស់​រយៈពេល​ប្រមាណ​ជិត​៧​ខែ ដោយសារ​តែ​ដំណាំ​អំពៅ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ផលិត​គ្រប់គ្រាន់​មក រោងចក្រ​ផលិត​ស្ករស​ …

ខេត្តព្រះវិហារ ៖ បន្ទាប់​ពី​ផ្អាក​ដំណើរការ​អស់​រយៈពេល​ប្រមាណ​ជិត​៧​ខែ ដោយសារ​តែ​ដំណាំ​អំពៅ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ផលិត​គ្រប់គ្រាន់​មក រោងចក្រ​ផលិត​ស្ករស​លំដាប់ថ្នាក់​ពិភពលោក និង​ធំ​ជាងគេ​នៅ​អាស៊ី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ រ៉ូ​យ ហ្វេ​ង ដែល​មា​នទី​តាំងនៅ​លើ​ទឹកដី​ខេត្តព្រះវិហារ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ចុងខែ​កុម្ភៈ​នេះ ។ នេះ​បើ​យោង​តាម​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ម្សិលមិញ ។

លោក ហ្គួ​យ យៀង តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ រ៉ូ​យ ហ្វេ​ង ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ស្ករ​របស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង នឹង​ចាប់ផ្តើម​ដំណើរការ​កិន​អំពៅ​ផលិត​ស្ករស​ឡើង​វិញ​នៅ​ចុងខែ​កុម្ភៈ​នេះ គ្រា​ដែល​រដូវ​ប្រមូល​ផល​អំពៅ​បាន​មក​ដល់ ។ លោក​បន្ដ​ថា ៖ « ជា​ទូទៅ រោងចក្រ​ផលិត​ស្ករស​អាច​ដំណើរការ​ផលិត​ស្ករស​បាន​ក្នុង​រយៈពេល​តែ​៥០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ បន្ទាប់​ពី​រដូវ​ប្រមូល​ផល​អំពៅ​ចាប់ផ្តើម » ។

លោក​បញ្ជាក់​ថា ៖ « រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ត្រូវការ​អំពៅ​ក្នុង​១​ថ្ងៃ ២​ម៉ឺន​តោន ប៉ុន្តែ​ដំណាំ​អំពៅ​នៅ​ខេត្តព្រះវិហារ នៅ​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផលិត​របស់​រោងចក្រ​នៅឡើយ​ទេ ព្រោះ​ការ​ដាំ​ដុះ​របស់​ក្រុមហ៊ុន​មិន​ទាន់​សម្រេច​បាន​១០០%​នៅឡើយ ។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ដាំ​ដុះ​ដំណាំ​អំពៅ​ប្រមាណ​ជាង​២​ម៉ឺន​ហិ​កតា លើ​ផ្ទៃដី​ដាំ​ដុះ​៤,៨​ម៉ឺន​ហិ​កតា ។ នៅ​ថ្ងៃ​ខាង​មុខ ក្រុមហ៊ុន​នឹង​ពង្រីក​ដី​ដាំ​ដុះ​ដំណាំ​អំពៅ​បន្ថែម​ទៀត​ដើម្បី​ផ្គត់ផ្គង់​អំពៅ​ឲ្យ​គ្រប់​តាម​តម្រូវការ​ផលិត​របស់​រោងចក្រ​មួយ​នេះ » ។

ដោយ​មើលឃើញ​ថា ដំណាំ​អំពៅ​កំពុង​មាន​តម្រូវការ​ខ្ពស់ ថែម​ទាំង​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​បែប​នេះ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ ឬ​នៅ​ក្បែរ​តំបន់​រោងចក្រ​ផលិត​ស្ករស ធ្វើ​យ៉ាងណា សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​អំពៅ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​រក្សា​បាន​នូវ​តម្លៃ ដែល​ជា​ផ្នែក​មួយ​ជួយ​បង្កើន​នូវ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។​   

លោក​លើក​ឡើង​ថា ៖ « ក្នុង​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អភិវឌ្ឍន៍​ដំណាំ​អំពៅ នៅ​ភូមិ​ពោធិ៍ ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ប្រមាណ​ជាង​១០០​គ្រួ​សារបាន​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ដាំ​ដុះ​ដំណាំ​អំពៅ​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​ឃើញ​ថា ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​ធំ ។ ដោយឡែក ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៧​នេះ » ។

គួរ​រំឭក​ថា រោងចក្រ​ផលិត​ស្ករស​លំដាប់ថ្នាក់​ពិភពលោក ធំ​ជាងគេ​នៅ​អាស៊ី​នេះ គឺ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ពោធិ៍​ទាប ឃុំ​ម្លូរ​ព្រៃ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ។ រោងចក្រ​នេះ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៦ កន្លង​ទៅ ដោយ​បាន​បោះទុន​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយឡែក ចម្ការ​អំពៅ​ដែល​គាំទ្រ​សម្រាប់​សង្វា​ក់​ផលិតកម្ម​រោងចក្រ​នេះ មាននៅ​បី​ស្រុក​ក្នុង​ខេត្ត និង​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចំនួន​៥​រួម​គ្នា ។ រោងចក្រ​បាន​ចាប់ផ្ដើម​សាងសង់​តាំងពី​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៤ មក​ម្ល៉េះ​។ ក្រុមហ៊ុន​មួយ​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​អភិវឌ្ឍ​ដំណាំ​អំពៅ​នៅ​ឆ្នាំ​២០១១ ហើយ​បាន​ឈូស​ឆាយដី​ដើម្បី​ដាំ​អំពៅ​ជា​បន្តបន្ទាប់ ។ ដំណាំ​អំពៅ​អាច​ប្រមូល​បាន​ចំណូល​ច្រើន​ជាង​ការ​ធ្វើស្រែ​ចម្ការ ដោយ​ក្នុង​១​ហិ​កតា​អាច​ប្រមូល​ផល​បាន​ដល់​ទៅ​១០០​តោន​ក្នុង​១​ឆ្នាំ ហើយ​ការ​ដាំ​ដុះ​ម្តង​អាច​ប្រមូល​ផល​បាន​ពី​៤ ទៅ​៥​ដង ៕