ខេត្តព្រះសីនុ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តឆ្លងកាត់តាមបណ្តោយឆ្នេរ សមុទ្ររាមនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំដែងការសោកស្តាយ និងលាន់មាត់គ្រប់ៗគ្នាថា ( សូម្បីតែដីឆ្នេរកម្សាន្តសាធារណ:ក៏មិនលើកលែងដែរ ដឹកថ្មនិងដីមកចាក់លុបបំបាត់ឆ្នេរធម្មជាតិ ដើម្បីតែបំរើឱ្យប្រយោជន៍បុគ្គលដែលសំបូរប្រាក់តែប៉ុណ្ណោះ…?) មានតែអ្នក មាន ប្រាក់កំពូលទេដែលចង់បានឆ្នេរធម្មជាតិបែបនេះមែនទេ ?

ប្រភពផ្តល់ព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់ សុំមិនផ្តល់អត្តសញ្ញាណដែលមានលំឋាននៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងដូចៗគ្នាថា កន្លងមកថ្មីៗនេះ ពួកគាត់បានឃើញរថយន្ត និងគ្រឿងចក្រជាច្រើន ដូចហ្វូងស្រមោចដឹកជញ្ជូនថ្ម និងដីចេញពីភ្នំខាងមុខព្រលានយន្ត ហោះអន្តរជាតិកងកេង យកទៅចាក់លុបចូលទៅក្នុងសមុទ្រជាឆ្នេរធម្មជាតិ ដែលមានទីតាំងស្ថិតនៅចំណុចដើមផ្លូវចូលទៅមូលដ្ឋានកងទព័សមុទ្ររាម ខាងក្រោយរង្វង់មូលរូបសំណាកព្រះឧមាមហេស៊ូ ជាព្រំប្រទល់ភូមិថ្មធំ និងភូមិអុងក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា ទីតាំងដែលកំពុងតែធ្វើសកម្មភាពចាក់ថ្មនិងដីលុបយកឆ្នេរពីធម្មជាតិមានបណ្តោយប្រមាណ១០០០ម៉ែត្រ×៥០ម៉ែត្រ ដែលពីជីដូនជីតាមក គឺជាពយឆ្នេរពីធម្មជាតិដែលមានខ្សាច់សរក្បុស មានប្រជុំកោះអមសងខាងដែលអាចទាក់ទាញអារម្មណ៍អ្នក ទេសចរឲ្យមកលេងកំសាន្តជាប់មិនដាច់ ។ តែពេលនេះ ត្រូវបានអ្នកដែលសំបូរប្រាក់ចាយមិនចេះអស់ដឹកថ្ម និងដីមកចាក់លុបរំលោភឆ្នេរពីធម្មជាតិដើម្បីបំរើឲ្យប្រយោជន៍បុគ្គលទាំងមិនចេះខ្មាស់អៀន។

អ្នកជំនួញលើវិសយ័អចលនទ្រព្យ សុំមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា គេឃើញមានផេកដែលមានឈ្មោះ Overseas Bridge Cambodia នៅក្នុងបណ្តាញព័ត៌មានសង្គមបានបង្ហោះពីទីតាំងដីឆ្នេរសមុទ្រដែលកំពុងចាក់ថ្ម និងដីរំលោភយកនេះ គឺសម្រាប់ពុះជាដីឡូតិ៍សាងសង់អគារខ្ពស់ៗទំនើបៗ សម្រាប់លក់ដែលមានតម្លៃរាប់សែនរាប់លានដុល្លារ សម្រាប់អ្នកអភិជន ។

លោកចាន់ រ៉ា មេឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបទទួលការតែងតាំងមុខតំណែងជាមេឃុំរាម បានឲ្យដឹងតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះថា លោកគ្រាន់តែបានដឹងក្រៅផ្លូវការថា លោកមិនបានស្គាល់អ្នកដែលកំពុងតែចាក់ថ្មនិងដីលុបឆ្នេរពីធម្មជាតិ និងចូលទៅក្នុងសមុទ្រនោះទេ តែឮថា គេមានអនុក្រិត្យកាត់ឆ្វៀលចេញពីឆ្នេរដើម្បីធ្វើ ការវិនិយោគ។ លោកបានបន្តឲ្យដឹងបន្ថែមទៀតថា ប៉ុន្តែមួយរយ:ចុងក្រោយនេះ លោកសង្កេតឃើញផ្អាកសកម្មភាពបែបមានការប្រែប្រួលពីអនុក្រិត្យកាត់ឆ្វៀលជាថ្មីឡើងវិញ អាចបង្វែរឈានទៅរកទីតាំងផ្សេងវិញ។

ប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងខេត្តព្រះសីហនុបានបង្ហើបឲ្យដឹងថា អ្នកដែលប្រើប្រាស់គ្រឿង ចក្រដូចហ្វូងស្រមោចដឹកថ្ម និងដីមកចាក់លុបឆ្នេរសមុទ្រទាំងបែបតក់ក្រហល់ ដើម្បីបានធ្វើជាកម្ម សិទ្ធិ គឺជាលោកឧកញ៉ាម្នាក់ដែលមានដីនៅក្នុងខេត្តព្រះសីហនុរាប់រយហិកតា និងបានដាក់ស្លាកនៅលើទីតាំងដីរបស់គាត់ថា ( ដីមិនសម្រាប់លក់ ) ។

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិបានឲ្យដឹងថា លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ កន្លងមកបានប្រើវិធានការណ៍កណ្តាប់ដៃដែករំដោះឆ្នេរសមុទ្រ ដែលជាកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរជាតិ,អន្តជាតិ ដែលបានគ្រប់គ្រងដោយវិស័យឯកជនបានជាច្រើនកន្លែងដល់ប៉ះចំទីតាំងខាងលើនេះស្រាប់តែឲ្យមានសកម្មភាពរំលោភយកឆ្នេរបានយ៉ាងរលូនទៅវិញជាស្នាដៃឧកញ៉ាម្នាក់ឈ្មោះមហាលោតផ្លោះ ។

ដោយឡែក លោក អ៊ុ ធារិ អភិបាលស្រុកព្រៃនប់ និងលោកឡង់ ឌីម៉ង់ ជាអភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមប្រពន្ធ័តេឡេក្រាម ដើម្បីសុំការបកស្រាយពន្យល់អំពីសកម្មភាពខាងលើតែលោកទាំងពីរមិនបានឆ្លើយតបឡើយ ។

តើជាស្នាដៃឧកញ៉ាមហាសម្បត្តិណាដែលមានសំណាងបានឆ្នេរសមុទ្ររាម ធ្វើជាកម្មសិទ្ធិបែបនេះ។ ពេលណាបានឈ្មោះឧកញ៉ាមហាសំណាងនេះ យើងនឹងមានផ្សាយជូនបន្តទៀត ។
ព័ត៌ មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ