ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា ចោទ​ជា​សំណួរ​ថា តើ​គ្រាប់​មីន​ផ្ទុះ​របួស​ទាហាន​ថៃ​៣​នាក់​នោះ ក្នុង​ទឹកដី​អ្នក​ណា?

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ករណី​ទាហាន​ថៃ នៅ​ភូមិភាគ​២ ដើរ​ជាន់​មីន បណ្ដាល​ឱ្យ​ផ្ទុះ​រង​របួស​ចំនួន​០៣​នាក់ ត្រូវ​បាន​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ករណី​ទាហាន​ថៃ នៅ​ភូមិភាគ​២ ដើរ​ជាន់​មីន បណ្ដាល​ឱ្យ​ផ្ទុះ​រង​របួស​ចំនួន​០៣​នាក់ ត្រូវ​បាន​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​ផ្ទុះ​គ្រាប់​មីន​នោះ ក្នុង​ទឹកដី​របស់​អ្នក​ណា ? បើសិនជា​ក្នុង​ទឹកដី​សៀម គ្រាប់​មីន​ចាស់ ឬ​ថ្មី មាន​តែ​ខាង​សៀម​ខ្លួនឯង​ទេ ទើប​ដឹង​ច្បាស់ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​សរសេរ​នៅ​លើ​បណ្ដា​គ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ «​បន្ទាប់​ពី​មាន​ទាហាន​សៀម រង​របួស​ដោយសារ​ជាន់​គ្រាប់​មីន​ផ្ទុះ​ដាច់​ជើង​ម្នាក់ និង​របួស​២​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ម្សិលមិញ​នេះ ភាគី​សៀម​ខ្លះ បាន​បញ្ជាក់​ថា គ្រាប់​មីន​ចាស់​សំណល់​សង្គ្រាម មាន​ក្រុម​ខ្លះ​ថា ជា​គ្រាប់​មីន​ទើប​ដាក់​ថ្មី ដោយសារ​ដី​នោះ បាន​បោ​សម្អាត​មីន​រួច​ហើយ ។ មាន​អ្នក​សារព័ត៌មាន​ខ្លះ បាន​សួរ​មក​ខ្ញុំ ឱ្យ​ធ្វើការ​បកស្រាយ​! ខ្ញុំ​គ្រាន់តែ​សួរ​ត្រឡប់​ទៅ​វិញ​ថា ការ​ផ្ទុះ​គ្រាប់​មីន​នោះ ក្នុង​បូរណភាព​ទឹកដី​របស់​អ្នក​ណា ? បើសិនជា​ក្នុង​ទឹកដី​សៀម​មែន​នោះ ដូចនេះ​ករណី​គ្រាប់​មីន​ចាស់ ឬ​ថ្មី មាន​តែ​ខាង​សៀម​ខ្លួនឯង​ទេ ទើប​ដឹង​ច្បាស់​!» ។

សូម​ជម្រាប​ថា សារព័ត៌មាន​របស់​ថៃ បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ម្សិលមិញ​នេះ​ថា មាន​ករណី​ទាហាន​ថៃ នៅ​ភូមិភាគ​២ បាន​ដើរ​ជាន់​មីន បណ្ដាល​ឱ្យ​យោធិន​ខ្លះ​រង​របួស និង​ខ្លះ​ទៀត ត្រូវ​កាត់​ជើង​។ ជា​រួម ទាហាន​ថៃ​បី​នាក់ រង​របួស​នៅ​ក្នុង​ហេតុការណ៍​មីន​មួយ​គ្រាប់​ផ្ទុះ​ឡើង​នៅ​តំបន់​(Chong Bok) ស្រុក​ណាំ​យ៉ឺ​ន (Nam Yuen) ខេត្ត​ឧ​ប៊ុ​ន​រាជធានី (Ubon Ratchathani) ។

ភ្លាម​ៗ មេបញ្ជាការ​ភូមិភាគ​២​របស់​ថៃ បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​ពុធ​ថា ទាហាន​របស់​ខ្លួន​ម្នាក់​ដើរ​ជាន់​មីន នៅ​ពេល​ក្រុមការងារ​របស់​ពួក​គេ​ដើរ​ល្បាត នៃ​ចំណុច​ចាប់ផ្ដើម នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ពី​តំបន់​ប្រតិបត្តិការ​សឹក​មរកត​ឆ្ពោះទៅ​ភ្នំ​៤៨១ នៅ​ម៉ោង​១​និង​៣០​រសៀល​ថ្ងៃ​ពុធ​។ រំពេច​នោះ គ្រាប់​មីន​ក៏​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​របួស​ទាហាន​ទាំង​បី​នាក់ ។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​មឿង ខេត្ត​ឧ​ប៊ុ​ន​រាជធានី​។ នៅ​ក្នុង​ចំណោម​យោធិន​ទាំងនោះ ម្នាក់​ឈ្មោះ ថា​ណា​វ៉ា​ត់ ហួយ​វ៉ា​ន់ (Thanapat Huiwan) ត្រូវ​កាត់​ត្រឹម​កជើង​ខាងឆ្វេង​។ នៅ​ពេល​ជួយ​សង្គ្រោះ​បឋម​នោះ គាត់​នៅ​ដឹងខ្លួន​នៅឡើយ​ទេ​។ គាត់​ត្រូវ​បាន​លាង​របួស និង​ដាក់​អុកស៊ីហ្សែន​។ បន្ទាប់​មក​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​មន្ទីរពេទ្យ ។

ឥឡូវនេះ គ្រូពេទ្យ​កំពុង​វះកាត់​មុខរបួស និង​តាមដាន​អាកា​រៈរ​បួស​ដោយ​យកចិត្តទុកដាក់ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ក្លាយ​មុខរបួស ។ ដោយឡែក ទាហាន​២​នាក់​ទៀត ដែល​ត្រូវ​របួស​ដែរ​នោះ ម្នាក់​ឈ្មោះ ផា​ធី​ផា​ន ស្រី​ឡា​សាក់ (Patiphant Srilasak) និង​ម្នាក់​ទៀត​ឈ្មោះ ណា​ថា​វុ​ទ្ធ ស្រី​ខឹ​ម (Nathawut Srikhem)​។ ពួក​គេ​រង​របួស នៅ​ត្រង់​ដើមទ្រូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ