ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឌិត​រឿង​កុហក​ឪពុក​ម្តាយ​ថា មាន​គេ​មក​ចាប់​ប្អូន​ញាត់​ឡាន ការ​ពិត​…

7 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ករណី​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ជាង​រសៀល ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ ខណៈ​ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​បាន​ព្យាយាមប្រឌិត​រឿង​កុហក​ឪពុក​ម្តាយ​របស់​ខ្លួន​ថា មាន

ក្រុង​ប៉ោយ​ប៉ែ​ត  ៖ ករណី​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ជាង​រសៀល ថ្ងៃ​ទី​១៧  កុម្ភៈ ២០១៧ ខណៈ​ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ សេង​មុនី សូរ្យសែង អាយុ​១០​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុងភូមិ​ចាន់គិរី ក្រុង​ប៉ោយ​ប៉ែ​ត បាន​ព្យាយាម​លាក់បាំង ភូតភ ការ​ពិត ប្រឌិត​រឿង​កុហក​ឪពុក​ម្តាយ​របស់​ខ្លួន​ថា មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ជិះ​រថយន្ត​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ មុខ​បិត​ម៉ាស់ មក​ចាប់​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ សេង មុនី​រិ​ទ្ធិ​ស័ក្ក អាយុ​៨​ឆ្នាំ ដាក់​រថយន្ត រួច​បើក​ចេញ​គេច​ទៅ​បាត់​ស្រមោល ខណៈ​ពេល​គេ​ជា​បង​ឃើញ​ហេតុការណ៍​មានការ​ភ័យ​ស្លន់ស្លោ បានរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ក្នុងផ្ទះ​តែ​ម្តង ។

លុះ​បន្ទាប់​ក្រោយ​លោក តឹង គឹ​ម​សេង អាយុ​៤៣​ឆ្នាំ ត្រូវជា​ឪពុក និង​លោកស្រី អ៊ុ​ច សា​រ៉េ​ត ហៅ​មុំ អាយុ​៤៤​ឆ្នាំ ត្រូវជា​ម្តាយ មក​ពី​ធ្វើការ​នៅ​កាស៊ីណូ​ប៉ោយ​ប៉ែ​ត​វិញ ត្រូវ​កូនប្រុស​ឈ្មោះ​សេង មុនី​សូរ្យសែង បាន​រៀ​រាប់​ប្រាប់​ថា មាន​គេ​មក​ចាប់​ប្អូន​ដាក់​រថយន្ត រួច​មក ពួក​គាត់​បាន​នាំ​គ្នា​បក​ប្តឹង​សមត្ថកិច្ច​ន​គន​របាល​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ជួយ​អន្តរាគមន៍​ដល់​កូន​របស់​គាត់​ដែល​រង​គ្រោះ​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា ខណៈ​ពេល​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ប្រតិបត្តិការ​ទាំង​យប់​មក​ផ្ទះ​ជន​រង​គ្រោះជា​កន្លែង​កើតហេតុ​សួរនាំ​ស្រាវជ្រាវ​ផង​ដែរ ។

លុះ​ព្រឹក​ឡើង​នៅ​ទី​១៨ ខែកុម្ភៈ នេះ លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​អធិការ​នគរបាល​ក្រុង​ដឹកនាំ​ដោយ​លោក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង និង​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង អាជ្ញាធរ​សង្កាត់​-​ភូមិ បន្ត​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​លើ​ករណី​មួយ​នេះ និង​បាន​ហៅ​ក្មេង​ប្រុស​ឈ្មោះ សេង មុនី​សូរ្យសែង អាយុ​១០​ឆ្នាំ ទៅ​សួរនាំ​ម្តងទៀត ។ ទើប​គេ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ប្អូនប្រុស​ខ្លួន​មិន​មាន​នរណា​មក​ចាប់ខ្លួន​ដាក់​ឡាន​អ្វី​ឡើយ គឺ​ពួក​គេ​បាន​នាំ​គ្នា​ជិះ​កង់​ជាមួយ​មិត្តភក្តិ​មាន​គ្នា​៤ ៥​នាក់​ទៅ​លេង​ទឹកស្រះ​មួយ​កន្លែង​ខាងជើង​ផ្ទះ​ប្រហែលជា​២​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត  រួច​ហើយ​ប្អូនប្រុស​របស់​គេ​បាន​លង់ទឹក​ស្រះ​បាត់​ខ្លួន​ហើយ ។  បន្ទាប់​មក​ពួក​គេ​នាំ​គ្នា​មក​ផ្ទះ​វិញ ខ្លាច​ឪពុក​ម្តាយ​វាយ​ធ្វើបាប  ក៏​បាន​ប្រឌិត​រឿង​កុហក​ឪពុក​ម្តាយ ថា មាន​គេ​ជិះ​រថយន្ត​មក​ចាប់​ប្អូន​ញាត់​ឡាន​យក​ទៅ​បាត់​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ដឹង​ការ​ពិត​ហើយ​នោះ សមត្ថកិច្ច រួម​ទាំង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​នាំ​គ្នា រាវរក​សាកសព​ក្មេង​រង​គ្រោះ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ ទើប​រក​ឃើញ​សាកសព​នោះ ហើយ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា រណ្តៅ​ដី​ជ្រៅ​ៗ​ស្ទើរ​ចេញ​ក្បាល​ប្រេត៍ ដែល​គេ​ជីក​កកាយ​យក​អាចម៍ដី​លក់​ធ្វើ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន  គេ​សង្កេត​ឃើញ​កើត​មាន​ជា​ច្រើន​កន្លែង​ណាស់  នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នេះ ។

ដោយ​ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​ដូច​ជា ក្រុមហ៊ុន ហ៊ុ​ល សេង​ហាប់ ត្រូវជា​កូនលោក​គាត ហ៊ុ​ល លោក​ចៅសង្កាត់​ផ្សារ​កណ្តាល​, ក្រុមហ៊ុន លោក​តាំង តេ​ង​ពា​វ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដែល​ប្រកប​អាជីវកម្ម​ដឹក​អាចម៍ដី​លក់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ហានិភ័យ​ដែល​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​បាត់បង់​ជីវិត ដោយ​ការ​លង់ទឹក​ស្លាប់​នេះ គឺ​ដោយសារ​តែ អស់លោក​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងនោះ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ពុំ​បាន​គិតគូរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​នូវ​បញ្ហា​សន្តិសុខ​សង្គម​ជា​ចម្បង ឲ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន  ជា​ប្រមុខ​ថ្នាក់ដឹកនាំ​សម្រាប់​ទៅ​ថ្ងៃ​អនាគត នោះ​ឡើយ ៕