ខេត្តត្បូងឃ្មុំ ៖ រថយន្តដឹកថ្មចេញពីការដ្ឋានកិនថ្មឧកញ៉ា លីម ប៊ុណ្ណា ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ដោយមិនមានគ្របកៅស៊ូតង់នោះទេ ខណៈពេលដែលបើកឡើងមកលើផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលកត្តានេះ បង្កឲ្យជ្រុះកម្ទេចថ្ម និងហុយលើអ្នកធ្វើដំណើរតាមដងផ្លូវទៀតផង ធ្វើឱ្យអ្នកដំណើរតាមផ្លូវភ័យខ្លាចគ្រប់ពេលដែលឃើញឡានដឹកថ្មឆ្លងកាត់ ។
![Picture]()
អ្នកស្រី ឆយ លីណា អាយុ៤៨ឆ្នាំ រស់នៅភូមិស្រែសៀម បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ការដ្ឋានកិនថ្មរបស់ឧកញ៉ា ខ្នា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិ ពេលដែលបំផ្ទុះម្ដងៗឡើងញ័ររញ្ជួយ ធ្វើឲ្យសសរផ្ទះរបស់គាត់ត្រូវប្រេះ រួមទាំងក្បឿងក៏បែក ដោយសារតែកម្ទេចថ្មប៉ើងពីលើអាកាសរួចធ្លាក់មកលើ ដែលជាហេតុបណ្ដាលឲ្យបែកក្បឿងតែម្តង។
![Picture]()
ប្រជាពលរដ្ឋរូបនេះ បានរំលឹកថា ប៉ុន្មានឆ្នាំមុន ពេលដែលផ្ទុះនៅការដ្ឋានកិនថ្ម បណ្ដាលឱ្យដុំថ្មខ្ទាតមកត្រូវអ្នកភូមិម្នាក់ស្លា.ប់គួរឱ្យអាណោចអាធម៌។ ក្នុងគ្រានោះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ហើយប្រជាពលរដ្ឋបាននាំគ្នាប្ដឹងមកអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍។ ចំណែកសសរផ្ទះរបស់គាត់ដែលប្រេះ ដោយការញ័ររញ្ជួយពីការដ្ឋានកិនថ្មសព្វថ្ងៃ គឺបានខ្ចីលុយអង្គការយកមកជួសជុលឱ្យល្អដូចដើម បើពុំនោះទេនឹងត្រូវរលំផ្ទះមិនខាន។
![Picture]()
ចំណែកលោក សាំង សុខុម អាយុ៤៦ឆ្នាំ ពលរដ្ឋរស់នៅភូមិស្រែសៀម បានប្រាប់ឲ្យដឹងដែរថា កាលពីមុនការដ្ឋានកិនថ្មរបស់ឧកញ៉ា ខ្នា ពេលដែលបំផ្ទុះដើម្បីយកថ្មម្ដងៗ ពិតជាធ្វើឲ្យអ្នកភូមិរស់នៅក្បែរនោះ មានការភិតភ័យដោយខ្លាចកម្ទេចថ្មប៉ើងធ្លាក់លើដំបូលផ្ទះ តែមកដល់សព្វថ្ងៃនេះ ឃើញថា ពលរដ្ឋរស់នៅក្នុងភូមិមិនមានបញ្ហាដូចមុនឡើយ ម្យ៉ាងមកពីជិតអស់ថ្ម។
![Picture]()
លោក ជា ប៊ុនពៅ មេឃុំជីរោទិ៍២ មានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា សព្វថ្ងៃ សកម្មភាពបាញ់យកថ្មនៅការដ្ឋានឧកញ៉ា ខ្នា នៅសល់តិចៗ ហើយគេបានសំអាតរណ្ដៅថ្មនោះ ដោយគ្រឿងចក្រ ដើម្បីប្រែក្លាយយកធ្វើជាស្រះទឹក។ ជាមួយនោះនឹងរើទៅទីតាំងនៅកន្លែងថ្មី ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយពីកន្លែងចាស់ប្រមាណជាង១០គីឡូម៉ែត្រ ចាប់តាំងពីពេលដែលដុំថ្មប្លោងខ្ទាត ដោយសារការបំផ្ទុះយកថ្មចេញពីការដ្ឋាននេះ បណ្ដាលឱ្យស្លា.ប់អ្នកភូមិម្នាក់រួចមក គឺមានការប្រុងប្រយ័ត្នជាងមុន។
![Picture]()
លោក ប៊ុន ធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា តាមសារាចរណ៍ណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និងថាមពលរាល់ការដឹកកម្ទេចថ្មចេញពីការដ្ឋាន ត្រូវតែមានកៅស៊ូតង់គ្របឲ្យជិត ដើម្បីបង្ការកុំឲ្យកម្ទេចថ្មជ្រុះ និងហុយតាមដងផ្លូវ ប៉ុន្តែក្រុមហ៊ុននេះ អត់គោរពតាមការណែនាំទេ គឺដឹកចំហពេញឡានតែម្តង ធ្វើឱ្យអ្នកដំណើរតាមផ្លូវភ័យខ្លាចគ្រប់ពេលវេលា ។ នេះជាមតិរបស់អ្នកស្រុកនៅទីនោះ។
![Picture]()
លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ប្រាប់តាមទូរស័ព្ទឱ្យដឹងនារសៀលថ្ងៃទី១៣ ខែកញ្ញានេះថា ការដ្ឋានកិនថ្មរបស់លោកនៅភូមិស្រែសៀម ជិតអស់ថ្មហើយ ជាមួយនោះគឺមានកូនចៅរបស់លោកមើលការខុសត្រូវ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាពបន្តទៀត ៕
ចែករំលែកព័តមាននេះ