ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ធនាគារជាតិ​ស្នើ​ឱ្យ​ធនាគារ​ទាំងអស់​គោរព​តាម​ក្រម​ប្រតិបត្តិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​ធនាគារ​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា គោរព​ទៅ​តាម​ក្រម​ប្រតិបត្តិ​ធនាគារ ដើម្បី​លើកកម្ពស់​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​ធនាគារ​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា គោរព​ទៅ​តាម​ក្រម​ប្រតិបត្តិ​ធនាគារ ដើម្បី​លើកកម្ពស់​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព សមភាព និង​តម្លៃ​សមរម្យ ចៀសវាង​នូវ​បន្ទុក​បំណុល​លើសលប់ និង​ដើម្បី​ពង្រឹង​កិច្ច​ការពារ​អតិថិជន​ផង​ដែរ ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​សាខា​ធនាគារ គូក​មីន កម្ពុជា​សាខា ទួល​ទំពូង កាលពី​ថ្ងៃ​ទី ១៥ កុម្ភៈ ២០១៧ ។

លោក​ជំទាវ នាវ ច​ន្ទ័​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ប្រមាណ ៧%​ក្នុង​មួយ​ឆ្នាំ ចំពោះ​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​និង​កំពុង​បន្ត​រីក​ចម្រើន​ប្រកបដោយ​សុវត្ថិភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ដោយ​បរិ​យា​ប័ន្ន​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៦ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​ប្រ​ព​ន្ធ័​ធនាគារ​បាន​កើនឡើង​ដល់​៦៤%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ឥណទាន​ទៅ​វិស័យ​ឯកជន​បាន​កើនឡើង​ដល់​៧១%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ពោល​គឺ​ប្រាក់​បញ្ញើ​មាន​កំណើន​១៨% និង​ឥណទាន​មាន​កំណើន​២២% ធៀប​នឹង​ឆ្នាំ​២០១៥ ។

លោក​ជំទាវ​បន្ត​ថា ការ​បន្ត​វិនិយោគ ដោយ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​របស់​ធនាគារ គូក​មីន កម្ពុជា ភី​អិ​ល​ស៊ី ជា​បន្តបន្ទាប់ ជា​ពិសេស​ចំពោះ​ការ​សម្រេចចិត្ត​បើក​សាខា​ថ្មី​ចំនួន​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ធនាគារ​ក្នុង​ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ដើម្បី​ផ្ដល់​ការ​ងាយស្រួល​ដល់​អតិថិជន ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ និង​ការ​ពង្រឹង​សក្ដានុពល​ប្រកួតប្រជែង ស្រប​តាម​យន្តការ​ទីផ្សារ​ដែល​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​អាជីវកម្ម​ធនាគារ។

លោក យុន ចុង គ្យូ នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​សម្ព័ន្ធ​ហិរញ្ញវត្ថុ​គូក​មីន បានឱ្យ​ដឹង​ថា ធនាគារ​គូក​មីន​កម្ពុជា បាន​និង​កំពុង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កំពុង​ពង្រីក​អាជីវកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចំពោះ​ឯកជន និង​ក្រុមហ៊ុន​ខ្នាត​តូច ។

លោក​ថ្លែង​ថា ៖ « ធនាគារ​គូក​មីន បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​ថា នឹង​លូតលាស់​ទៅ​ជា​ធនាគារ​ខ្នាត​មធ្យម​នៅ​កម្ពុជា ដល់​ឆ្នាំ​២០២០ តាម​រយៈ​បណ្តាញ​បង្រួបបង្រួម​រវាង​បណ្តាញ​អន​ឡាញ និង​អ​ហ្វ​ឡាញ » ។ លោក​បន្ដ​ថា ៖ «​ធនាគារ គូក​មីន​កម្ពុជា កំពុង​តែ​អនុវត្ត​ការ​ពង្រីក​ហិរញ្ញវត្ថុ​ឯកជន​ប្រកបដោយ​និរន្តរភាព​ដោយ​ផ្តោត​ជា​សំខាន់​លើ Liiv KB Cambodia ដែល​ជា​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល ប្រកបដោយ​ភាព​ជិត​ស្និទ្ធ​សម្រាប់​ការ​រស់នៅ​ប្រា​ចាំ​ថ្ងៃ ដែល​បាន​ចាប់​ដំណើ​ការ​តាំងពី​ខែកញ្ញា​ឆ្នាំ​មុន ហើយ​គ្រោង​នឹង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​រួម​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​។ ម្យ៉ាងទៀត ធនាគារ​គូក​មីន​នឹង​បន្ត​ពង្រីក​សកម្មភាព​សប្បុរសធម៌​សង្គម​សម្រាប់​អតិថិជន​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​ធនាគារ» ។

គួរ​បញ្ជាក់​ថា ស្រប​ពេល​ដែល​វិស័យ​ធនាគារ​កម្ពុជា ទទួល​បាន​លំហូរ​មូលធន​កាន់តែ​ច្រើន​ពី​ក្នុង​តំបន់ និង​ពិភពលោក អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បាន​បន្ត​ពង្រឹង​ការ​តាមដាន និង​ទប់ស្កាត់ សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទាំង​ទៅ​លើ​ឯកសារ​ដែល​បាន​រាយការណ៍ និង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ត្រៀម​ចុះ​ត្រួតពិនិត្យ​លើ​ស្ថាប័នហិរញ្ញវត្ថុ មិនមែន​ធនាគារ អំពី​ប្រតិបត្តិការ​សាច់ប្រាក់​នានា​របស់​ស្ថាប័ន​ទាំងនោះ ។ ទន្ទឹម​នឹង​នោះ​ដែរ អង្គភាព​ស៊ើបការណ៍ ក៏​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អង្គភាព​ស៊ើបការណ​ហិរញ្ញវត្ថុ​បរទេស ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ការងារ​របស់​អង្គភាព​ស៊ើបការណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​វិសាលភាព​កាន់តែ​ទូលំទូលាយ ៕