ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​យំ​បណ្តើរ រៀបរាប់​បណ្តើ​រទាំង​តក់ស្លុត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ក្រុម​ចោរលួច​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​រហស្សនាម​ថា ជា​ក្ដឹប​ចោរ​ផង​នោះ តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ …

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ក្រុម​ចោរលួច​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​រហស្សនាម​ថា ជា​ក្ដឹប​ចោរ​ផង​នោះ តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ និង​បន្ទប់​ជួល​ដែល​កម្មករ​រោងចក្រ​ស្នាក់​នៅ យ៉ាង​ស្ទាត់ជំនាញ និង​សកម្ម ហើយ​ចុង​ក្រោយ​នេះ បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​កាបូប​លុយ​របស់​ស្ត្រី ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ពោធិ៍​ចិន​តុង​ម្នាក់​។

នៅ​ក្នុង​កាបូប​នោះ មាន​លុយ​រួម​នឹង​គ្រឿងអលង្ការ​សរុប​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ បាន​ទុក​កាបូប​នៅ​ក្រោម​គ្រែ​កន្លែង​លក់ដូរ ហើយ​រវល់​តែ​ទៅ​បត់ជើងតូច ប៉ុន្តែ​ខណៈនោះ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៏​ប្រាប់​ទៅ​ម្ចាស់​កាបូប និង​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ដេញ​តាម​ចាប់​បាន​ម្នាក់ គឺ​ក្ដឹប​ចោរ និង​បាន​ដកហូត​កាបូប​លុយ​បាន​មក​វិញ ចំណែកឯ​បក្សពួក​បាន​គេចខ្លួន​បាត់​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្សារ​កណ្ដាល​ជិត​រោងចក្រ​កាត់ដេរ​កង់រទេះ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្ដឹប​ចោរ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ឆ្លាំង អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បក្សពួក​២​នាក់​ទៀត មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 1H-5475​។ ដោយឡែក​ស្ត្រី​ជា​ម្ចាស់​កាបូប​លុយ​ឈ្មោះ គង់ ធីតា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ពោធិ៍​ចិន​តុង ហើយ​នៅ​ក្នុង​កាបូប​នោះ មាន​លុយ​ដុល្លារ​២.១០០​ដុល្លារ និង​ប្រាក់​រៀល​ជា​ច្រើន ព្រមទាំង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត សរុប​ជាង​៣​ពាន់​ដុល្លារ​។

ភ្លាម​ៗ​នោះ​ស្ត្រី​ខាងលើ​នោះ​បាន​ទាំង​យំ​ស្រែក​យ៉ាង​ខ្លាំង ព្រោះ​មានការ​តក់ស្លុត​ចំពោះ​ការ​បាត់បង់​កាបូប​លុយ  ទោះបីជា​ក្រោយមក​នគរបាល​ចាប់​បាន​ចោរ និង​យក​បាន​កាបូប​លុយ​វិញ ក៏​គាត់​នៅ​តែ​យំ​ដែរ ព្រោះ​ទប់ចិត្ត​មិន​បាន​។ ស្ត្រី​ម្ចាស់​កាបូប​នោះ​បាន​និយាយ​ផង យំ​ផង​ថា លុយ​ទាំង​អស់នោះ គឺ​ម៉ូយ​ដែល​ជំពាក់​ថ្លៃ​ទិញ​ទំនិញ ទើប​សង​មក​ឲ្យ​គាត់​ថ្មី​ៗ ហើយ​គាត់​មិន​ទាន់​បាន​យក​ទៅ​ទុកដាក់​នៅឡើយ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ គាត់ បាន​ទុក​កាបូប​លុយ​ខាងលើ​នៅ​ក្រោម​គ្រែ​ក្នុង​កន្លែង​លក់ដូរ បន្ទាប់​មក​គាត់​បាន​ទៅ​បត់ជើងតូច​មួយ​ភ្លែត ប៉ុណ្ណោះ​។ លុះ​ពេល​ចេញ​មក​វិញ​ស្រាប់តែ​អ្នក​ជិតខាង​ប្រាប់​ថា កាបូប​លុយ​នោះ ត្រូវ​បាន​ចោរលួច​បាត់​ហើយ ទើប​គាត់​ស្រែក​ឆោ​រ​ឡោ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ក៏​បាន​ជួយ​ដេញ​តាម រហូត​ដល់​ចំណុច​មុខ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ទើប​ក្រុម​វា​ផ្ដួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន ហើយ​កម្លាំង​បាន​ចាប់​ម្នាក់ ឯ​២​នាក់​ទៀត​គេចខ្លួន​បាត់​។

ក្រោយមក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​បញ្ជូន​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​កា​កាប ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កុំ​មើលងាយ​ក្ដឹប​ចោរ​ម្នាក់​នេះ ព្រោះ​គេ​មាន​ជំនាញ​ខាង​លួច​ខ្លាំង​ណាស់ គេ​មាន​ក្រុម​របស់​គេ​ទាំងអស់​មាន​គ្នា​ចំនួន​៣​នាក់ ដែល​បក្សពួក​២​នាក់​ទៀត គឺជា​មនុស្ស​ពេញវ័យ ហើយ​កន្លង​មក​ក្រុម​នេះ​គឺជា​មុខសញ្ញា​លួច​ដ៏​សកម្ម​បំផុត ប្រទះ​អី​លួច​នឹង​។ ក្រៅពី​លួច​របស់​ដែល​ម្ចាស់​គេ​ទុក​ប្រហែស​នោះ ក្រុម​នេះ គឺជា​មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ ជា​ពិសេស​គាស់​បន្ទប់​ជួល​ដែល​កម្មករ​ជួល​ស្នាក់​នៅ និង​បាន​គេចខ្លួន​រួច​រហូត ទើប​ពេល​នេះ​ត្រូវ​ចាប់ខ្លួន​បាន​ម្នាក់ ឯ​បក្សពួក​២​នាក់​ទៀត​រត់​រួច​ដដែល​៕