ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខ្មែរ និង​ថៃ ចាប់ផ្ដើម​ខ្វែងគំនិត​គ្នា​រឿង​ឱ្យ​កីឡាករ​ថៃ​ចាញ់​ច្រើន​លើ​រេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ថ្មី​ៗ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក ​ថៃ អ៊ូ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​ក្នុង​សង្វៀន​របស់​កម្ពុជា ដូច​ជា​សង្វៀន​PNN ប៉ុស្ដិ៍​លេខ​៥ និង​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ថ្មី​ៗ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក ​ថៃ អ៊ូ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​ក្នុង​សង្វៀន​របស់​កម្ពុជា ដូច​ជា​សង្វៀន​PNN ប៉ុស្ដិ៍​លេខ​៥ និង​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​ពី​ការ​អន់ចិត្ត​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ឱ្យ​កីឡាករ​ថៃ​ចាញ់​ច្រើន​នៅ​លើ​សង្វៀន​អន្តរជាតិ ដែល​លោក​ចាត់​ទុក​ថា ​នោះ​ជា​ការ​ផ្ដល់​ពិន្ទុ​មិន​សុក្រឹត ។ យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​កម្ពុជា​បាន​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ចំពោះ​ប្រតិកម្ម​នេះ​។

លោក ថៃ អ៊ូ និយាយ​ថា លោក​មិន​ជំទាស់​ចំពោះ​លទ្ធផល​ឱ្យ​កីឡាករ​ថៃ​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុ​ជានា​ពេល​កន្លង​មក​ទេ ប៉ុន្តែ​បើ​គេ​ខំ​ប្រកួត​បាន​ល្អ​ហើយ​នៅ​តែ​ឱ្យ​ចាញ់ ឬ​ស្មើ​ច្រំ​ដែលនោះ​ កីឡាករ​របស់​លោក​នឹង​លែង​ចង់​មក​ប្រកួត​។ លោក​ថា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជា​សង្វៀន​ដែល​ត្រូវការ​កីឡាករ​ថៃ​ពី​លោក​ច្រើន​ជាងគេ ហើយ​ក៏​ជា​សង្វៀន​​ដែល​កីឡាករ​របស់​លោក​ប្រកាស​ឈប់​ចង់​មក​ប្រកួត​ច្រើន​នាក់​ផង​ដែរ ដោយសារ​តែ​ការ​ផ្ដល់​ពិន្ទុ​ពេល​ខ្លះ គឺ​យោង​ដល់​កីឡាករ​កម្ពុជា​ខ្លាំង​ពេក ។ លោក​ថា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ពេល​ល្ងាច​បានឱ្យ​កីឡាករ​ថៃ​ចាញ់​ពិន្ទុ ដោយ​លទ្ធផល​នោះ​បាន​ធ្វើ​ឱ្យ​លោក និង​ក្រុមការងារ​អន់​ចិត្ត។

លោក​សម្ដែង​ការ​ព្រួយបារម្ភ​ដោយសារ​តែ​កីឡាករ​របស់​លោក​ពីរ​បី​នាក់​ហើយ ​ដែល​ប្រកាស​ខ្លួន​ឈប់​មក​ប្រកួត​នៅ​កម្ពុជា ដោយ​មិនមែន​តែ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មួយ​ទេ គឺ​នៅ​ប៉ុស្ដិ៍​ផ្សេង​ដែល​លោក​ចាត់ចែង​កីឡាករ​ក៏​មាន​បញ្ហា​បែប​នេះ​ដូច​គ្នា ។ លោក​ថា ការ​ប្រកួត​មិន​ថា ​ប្រទេស​ណា​ ឬ​ប្រទេស​ណា​នោះ​ទេ ត្រូវ​តែ​យោង​កីឡាករ​ម្ចាស់ផ្ទះ​ជាង​កីឡាករ​ទៅ​ពី​ក្រៅ ប៉ុន្តែ​លោក​ថា បើ​នៅ​តែ​មាន​បញ្ហា​បែប​នេះ​ច្រើន​ឡើងនោះ​ លោក​ពិតជា​ពិបាក​ដឹកនាំ​កីឡាករ​ថៃ​ល្អ​ៗ​ឱ្យមក​ប្រកួត ដោយសារ​តែ​កីឡាករ​ថៃ​ដែល​យល់​ថា ខ្លួនឯង​ទទួល​ពិន្ទុ​មិន​សមរម្យ​នោះ ទៅ​ផ្សព្វផ្សាយ​បន្ត​នៅ​ក្នុង​សហព័ន្ធ​ថៃ ។

លោក​និយាយ​ថា​ ៖ «​ពួក​គាត់​មិនមែន​ថា ​មក​ចង់​តែ​ឈ្នះ​ទេ តែ​កីឡាករ​ខ្លះ​ប្រកួត​ល្អ ដល់​ពេល​បាន​ត្រឹម​ស្មើ និង​ឱ្យ​ចាញ់ គាត់​មិន​សុខចិត្ត ហើយ​ខ្ញុំ​អត់​មានអី​ទេ ចង់ឱ្យ​ម៉េច​ក៏​បាន​ដែរ ព្រោះតែ​ចាញ់​ក៏​បាន​លុយ​ប៉ុណ្ណឹង ឈ្នះ​ក៏​បាន​លុយ​ប៉ុណ្ណោះ តែ​ដល់​ខ្ញុំ​ទៅ​យក​កីឡាករ​មក​ទៀត​វា​ពិបាក​!»​។  យ៉ាងណាមិញ លោក​បាន​សម្ដែង​អារម្មណ៍​ពេញចិត្ត​សម្រាប់​លទ្ធផល​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា ជា សំនៀង  និង​កីឡាករ​ឈ្មោះ Pich Num Ek កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១២ កុម្ភៈ បើ​ទោះជា​ឱ្យ​កីឡាករ​របស់​លោក​ចាញ់​ពិន្ទុ​ក្ដី ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ទទួលស្គាល់​ថា លទ្ធផល​ពិន្ទុ​មួយ​ចំនួន​នៅ​ក្នុង​ប៉ុស្ដិ៍​លោក​ពិតជា​បាន​លម្អៀង​មួយ​ភាគ​ដល់​កីឡាករ​កម្ពុជា ។ ប៉ុន្តែ​លោក​ថា នោះ​ជា​រឿង​ទៅ​ណា​ក៏​ប៉ះ ខាង​ណា​ក៏​ប៉ះ​ដែល​ លោក​មិន​ចង់​ធ្វើ​ប៉ុណ្ណោះ ។ លោក​ថា កីឡាករ​កម្ពុ​ជាមួយ​ចំនួន​អត់​ទទួលស្គាល់​ថា ​ខ្លួន​ឯង​​ខ្វះខាត​ទេ ​ដោយ​ក្រោយ​ឱ្យ​ចាញ់​រមែង​ឡាំប៉ា និង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ពី​ការ​មិន​ផ្ដល់​តម្លៃ​របស់​គណៈកម្មការ​ផ្ដល់​ពិន្ទុ ដោយ​លើក​ឡើង​ថា មន្ត្រី​ខ្មែរ​ជាន់ពន្លិច​កីឡា​ករ​​ខ្លួនឯង ។ អ្នកខ្លះ​បាន​ទាំង​ផុស​ហ្វេ​ស​ប៊ុ​កថា ឈប់​ចង់​ឡើង​ប្រកួត​នៅ​ពេល​លទ្ធផល​ចាញ់​ប្រៀប ហើយ​មន្ត្រី​សហព័ន្ធ​ឱ្យ​ចាញ់​កីឡាករ​ថៃ ។ លោក​និយាយ​ថា​ ៖ «​ករណី​​ហ្នឹង​រាល់ថ្ងៃ​ខ្ញុំ​ឈឺក្បាល​ជាង​ស្អី​ទៀត ឱ្យ​ខាង​ថៃ​ចាញ់​គេ​ថា ​យក​ជនជាតិ​គេ​មក​បំបាក់ ដល់​ឱ្យ​ខាង​ខ្មែរ​ចាញ់​គេ​ថា ​មិន​ជួយ​យិ​ត​យោង​ជាតិ​សាសន៍​ឯង ដល់​អីុចឹង​ពេល​ខ្លះ​ពួក​ខ្ញុំ​ពិបាក​មែនទែន ជាក់ស្ដែង​ប៉ុន្មាន​ប្រកួត​មុន កីឡាករ​ខ្មែរ​ចាញ់​ច្រើន​ខាង​ក្លិប ខាង​សហព័ន្ធ​ប្រតិកម្ម​មក​តែ​ម្ដង​!» ។ លោក​ថា លទ្ធផល​សព្វថ្ងៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បើ​ឱ្យ​ត្រឹមត្រូវ គឺ​កីឡាករ​កម្ពុជា ​មាន​លទ្ធផល​ឈ្នះ និង​ស្មើ​តិច​ណាស់ ប៉ុន្តែ​លោក​ត្រូវ​តែ​បិទ​ភ្នែក ​ដើម្បី​កុំឱ្យ​កីឡាករ​កម្ពុជា​ខ្លួនឯង​បាក់ទឹកចិត្ត ។ លោក​ថា កីឡាករ​កម្ពុជា​ខ្លះ សំអាង​ថា ​វាយ​ចេញ​ច្រើន ឱ្យ​តែ​ហ៊ាន​ឱ្យ​ចាញ់ គឺ​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​តែ​ម្ដង បើ​ទោះជា​ចំ​គោលដៅ​ទៅ​លើ​កីឡាករ​ថៃ​មាន​ចំនួន​តិច​ក្ដី ។

លោក រាជ សូ​ផែន មន្ត្រី​បច្ចេកទេស និង​ជា​ប្រធាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ទទួលស្គាល់​ថា នេះ​ជា​ករណី​ពិបាក​ដោះស្រាយ ជា​ពិសេស​ចំពោះ​កីឡាករ​ល្បីឈ្មោះ​កម្ពុជា​ ដែល​ចាញ់​ប្រៀប​កីឡាករ​បរទេស​ប្រផិតប្រផើយ ហើយ​ផ្ដល់​ពិន្ទុ​ឱ្យ​ចាញ់​ផ្អែក​តាម​ជាក់ស្ដែង ។ លោកថា សហព័ន្ធ​ទទួលស្គាល់​ថា ​ធ្វើ​ឱ្យ​កីឡា​ក​រ​ថៃ​អន់ចិត្ត តែ​ក៏​ប្រសើរ​ជាង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​បាក់ទឹកចិត្ត ​ព្រោះតែ​ឡើង​ប្រកួត​ចាញ់​ៗ​នោះ​ដែរ ។

យ៉ាងណាមិញ លោក​ថា ពិន្ទុ​យិ​ត​យោង​កើតឡើង​សម្រាប់​តែ​កីឡាករ​កម្ពុជា​មាន​ពិន្ទុ​ប្រហាក់ប្រហែល​ប៉ុណ្ណោះ ទើប​ឱ្យ​ឈ្នះ និង​ឱ្យ​ស្មើ​សម្រាប់​ការ​ចាញ់​ប្រៀប​មិន​ច្រើន ៕