ស្លឹកជាឧបករណ៍តន្ត្រីផ្លុំ ដែលមានសំនៀងប្រហាក់ប្រហែលនឹងសំនៀងមនុស្សហួចដែរ ។ ឧបករណ៍នេះមិនប្រើចូលរួមជាមួយឧបករណ៍ដទៃឡើយ ។ វាគឺជាស្លឹកឈើស្រស់សុទ្ធសាធ ដែលមានសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោងដូចជាស្លឹកក្រវ៉ាន់ ស្លឹកពួច ស្លឹកជ្រៃក្រឹម ស្លឹកលំពស់។ល។
នៅពេលផ្លុំម្តងៗគេតែងតែយកស្លឹកស្អាតមួយមកពត់តាមបណ្តោយស្លឹក ហើយញាត់ទៅក្នុងមាត់ដោយបិទបើកគួបផ្សំនឹងអណ្តាតយើងខាងក្នុង រួមជាមួយនឹងកំលាំងខ្យល់បញ្ចេញពី ក្នុងអាចធ្វើឱ្យសំនៀងបត់បែនទៅតាមចិត្តយើងចង់បាន ។
ស្លឹកឈើ ស្រពោន ឬស្ងួតក្រៀមមិនអាចយកមកផ្លុំឱ្យមានសំនៀងបានឡើយ ពីព្រោះស្លឹកបែបនេះបាត់អស់សរសៃរស់របស់វាទៅហើយ គេត្រូវការតែស្លឹកឈើបេះភ្លាមៗ យកមកផ្លុំភ្លាមតែប៉ុណ្ណោះ ដូច្នេះហើយបានជាគេមិនយកទៅប្រគំរួមជាមួយនឹងឧបករណ៍ដទៃក្នុងវង់ផ្សេងៗនោះឡើយ ពីព្រោះមានការលំបាករកស្លឹកភ្លាមៗ និងពិបាកថែរក្សាវាទុកឱ្យបានយូរកុំឱ្យស្រពោន កុំឱ្យស្ងួតក្រៀម ។ ម៉្យាងទៀតស្លឹកមួយអាចផ្លុំបានតែមួយបទ ឬពីរបទប៉ុណ្ណោះកាលណាវាទក់ គេត្រូវប្តូរស្លឹកថ្មីមួយទៀត ។
ការផ្លុំស្លឹកកើតឡើងអំពីការទាក់សត្វឬបរបាញ់សត្វនៅក្នុងព្រៃតាំងពីបរមបុរាណមក (និយាយតៗគ្នា) គេផ្លុំស្លឹកត្រាប់សំឡេងសត្វ ឬហៅថាផ្លុំអែបសត្វសំរាប់ឱ្យសត្វទាំងឡាយដែលឮដូចសំលេងរបស់វារត់មករកកន្លែងផ្លុំ ងាយគេនឹងបាញ់នឹងទាក់យ៉ាងស្រួល ។ ក្រោយៗមកទើបគេយកស្លឹកមកផ្លុំជាបទបែបនៅតាមដងព្រៃនៅពេលឃ្វាលគោក្របី។ល។
អ្នកផ្លុំស្លឹកច្រើនតែជាអ្នកចេះច្រៀង ចេះហួច ហើយក្រៅពីគេច្រៀង គេហួច គេយកស្លឹកមកផ្លុំជំនួសដើម្បីបកស្រាយមនោសញ្ចេតនាផ្ទាល់របស់គេនៅពេលដែលគេអផ្សុក ប៉ុន្តែគេចៀសវាងមិនផ្លុំកំសាន្តនៅក្នុងភូមិដែលមានអ្នកស្រុករស់នៅទេកាលពីសម័យដើម ពីព្រោះគេមានជំនឿថា កាលណាគេផ្លុំច្បាស់ជាមានសត្វព្រៃរត់ចូលស្រុក សត្វព្រៃទាំងនោះនឹងនាំមកនូវឧបទ្រពចង្រៃទាំងឡាយឱ្យដល់អ្នកភូមិ ។ ម៉្យាងទៀត ភូមិស្រុកទាំងឡាយច្រើនតែសង់នៅក្បែរមាត់ព្រៃ ដែលជាហេតុងាយឱ្យសត្វព្រៃរត់ចូលស្រុកបានដោយស្រួល ។ សំខាន់ទៅទៀត គឺសត្វខ្លាដែលជាសត្វសាហាវក៏ចេះស្តាប់សំលេងអែបសត្វនេះដែរ ព្រោះសំលេងនេះជាសំលេងត្រាប់តាមសត្វស្លូតៗ ដូចជាសត្វក្តាន់ ប្រើស ឈ្លូស។ល។ ដែលសត្វខ្លាប៉ងជាអាហារ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
ចែករំលែកព័តមាននេះ