ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​ផ្កាចំប៉ី​យំ​មិន​ចេញ​តម្លៃ​ពី​៤​ម៉ឺន​រៀល ធ្លាក់​មក​ត្រឹម​២​ពាន់​រៀល​លក់​មិន​ចេញ​ទៀត

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ផ្កាចំប៉ី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ នាំ​គ្នា​ដាំ​ដុះ​ដោយ​បានកកើត​តាំងពី​សម័យ​បារាំង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្កាចំប៉ី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ នាំ​គ្នា​ដាំ​ដុះ​ដោយ​បានកកើត​តាំងពី​សម័យ​បារាំង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ  ដោយ​តែ​លក់​បាន​ថ្លៃ​នៅ​លើ​ទីផ្សារ​ដែល​ត្រូវបាន​ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ  នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​គឺយំ​មិន​ចេញ​នោះ​ទេ  ដោយសារ​តម្លៃ​លក់​បាន​ថោក​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ អ្នកខ្លះ​នាំ​គ្នាកាប់​ចោល​ទៅ​ដាំ​ម្រេច និង​ចេក​វិញ​។

អាជីវករ​ឈ្មោះ ជិន ផា​ន់​នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៧​ថា សម្រាប់​អ្នក​ភូមិ​ទួល​សំបូរ​ស្ទើរតែ​ទាំងអស់​បាន​នាំ​គ្នា​ដាំ​ផ្កាចំប៉ីទៅ​តាម​ទំហំ​ដី ក្នុង​នោះ​មាន​អ្នកខ្លះ​ដាំ​១​ហិ​កតា និង​ខ្លះ​ទៀត​លើស​នេះ​ទៅ​ទៀត  ព្រោះតែ​ផ្កា​នៅ​ពេល​ដែល​ហាល​ស្ងួត​យក​ទៅ​លក់​នឹង​បាន​តម្លៃ​ថ្លៃ​ចាប់ពី​៣៥.០០០​រៀល ទៅ​៤០.០០០​រៀល កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​។ អាជីវករ​ឈ្មោះ ផា​ន់​នី  បាន​បន្ត​ថា គ្រួសារ​នីមួយ​ៗ​នៅ​ពេល​ដែល​លក់​ផ្កា​នេះ​បាន​ហើយនឹងទទួល​បាន​កំរៃ​ក្រាស់ក្រែល​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ មិន​ដែល​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​ទៀត​ទេ របរ​នេះ​ត្រូវ​បាន​បន្តវេន​ពី​ឪពុក​ម្តា​យមក​កូន​ថែម​ទៀត​។

ដូច​ជា​រូប​លោក​ផ្ទាល់​ត្រូវ​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​លុះ​ពេល​ដែល​បាន​ច្រើន  និង​មាន​ឈ្មួញ​ធំ​មក​ប្រមូល​ទិញ​នាំ​ចេញ ទៅ​ប្រទេស​វៀតណាម​។ តែ​មក​ដល់​ឆ្នាំ​២០១៦ តម្លៃ​ផ្កាចំប៉ី​ស្ងួត ក្នុង​១​គីឡូក្រាម​តំលៃ​៤.០០០​រៀល ហើយ​មក​ដល់​ខែកុម្ភៈ ២០១៧ តម្លៃ​បាន​ស្រុត​ចុះ​យ៉ាង​ខ្លាំង​មក​នូវ​ត្រឹមតែ​២.០០០​រៀល ស្រប​ពេល​ដែល​ថោក​ដូច្នេះ ហើយ​នោះ​លក់​មិន​ចេញ​ទៀត​ពោល​គឺ  មិន​ទាន់​នឹង​មាន​ឈ្មួញ​មក​រក​ទិញ​នូវឡើយ​ទេ​។ កាលពីមុន​នៅ​ពេល​ដែល​នាំ​ចេញ​ទៅ​វៀតណាម​លក់​បាន​ថ្លៃ​មែន តែ​ចុង​ក្រោយ​នេះ​មាន​ជនជាតិ​ចិន​បាន​ចុះ​មក​ទិញ​ពី​អ្នក​ភូមិ​ដល់​កន្លែង​ស្រាប់តែ​ចុះថោក​ហៅ​មិន​ឮ​។

ស្ត្រី​ឈ្មោះ លី ចំរើន អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ដាំ​ផ្កាចំប៉ី​នេះ​នៅ​លើ​ផ្ទៃដី​៣​ហិ​កតា កន្លង​មក​លក់​បាន​ថ្លៃ​នៅ​ពេល​ដែល​ហាល​ស្ងួត ហើយ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​បាន​ធូរស្រាល​ច្រើន​មិន​មានការ​ខ្វះខាត​នោះ​ទេ ព្រោះ​ក្នុង​១​ហិ​កតា​បាន​ហុច​ផល​ជិត​១​តោន​ផង​ដែរ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧​នេះ តម្លៃ​ផ្កាចំប៉ី​បាន​ចុះថោក​ខ្លាំង​ណាស់​១​គីឡូក្រាម   តំលៃ​បាន​តែ​២.០០០​រៀល បើ​អ្នក​ផ្សេង​វិញ​នឹង​ត្រូវ​កាប់​ចោល​ដាំ​ដំណាំ​ផ្សេង​ៗ​ទៀត​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ តែ​គាត់​វិញ​មិន​កាប់​ចោល​ទេ គឺ​ចេះ​តែ​ថែរក្សា​បន្ត​ទៀត ព្រោះ​គាត់​រាង​ចាស់​ហើយ មិន​មាន​កម្លាំង​ដូច​ក្មេង​ទៅ​ដាំ​ដំណាំ​ក្រៅពី​នេះ​សម្រាប់​ដោះស្រាយ​ជីវភាព ។

ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សូម​ធ្វើ​យ៉ាងណា​ដែល​មាន​កន្លែង​ផលិត​នូវ​វត្ថុធាតុដើម​ខាងលើ​ក្នុងស្រុក​នោះ តម្លៃ​មិន​ចុះថោក​តាមតែ​ឈ្មួញកណ្តាល​ប្រមូល​ទិញ​នោះ​ទេ បើ​មាន​បែប​នេះ​ផ្កាចំប៉ី​នឹង​បាន​ឡើងថ្លៃ​វិញ​មិន​ខាន​។ ចំណែក​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៧​ថា នា​ពេល​កន្លង​ទៅ​រូប​លោក​បាន​ចុះ​ទៅ​ជួប​ពិភាក្សា​ជាមួយនឹង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ក្នុង​ពេល​ដែល​ផ្កាចំប៉ី​បាន​ធ្លាក់​ចុះ ដើម្បី​ឲ្យ​ពួក​គាត់​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ក្នុង​នោះ​មាន​ដូច​ជា​ស្ពៃក្តោប​ក្រោម​ដើម​ចំប៉ី  សម្រាប់​ទ្រទ្រង់​ជីវភាព​។ តែ​ដី​ទីនោះ​ស្ងួត​មិនសូវ​ល្អ​ធ្វើ​បែប​នេះ​រង​ចាំ​ដូច​ដំណាំ​កៅស៊ូ ហើយ​ក្នុង​ពេល​ណាមួយ​ក្រែង​នឹង​ហក់​ឡើងថ្លៃ​វិញ​៕