ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​ឆ្លាម​បើក​ទៅ​បុក​ពីក្រោយ​ត្រាក់ទ័រ របួសធ្ងន់​ស្រាល​៥​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​០៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​កាម​រី​ឆ្លាម​បើក​ទៅ​បុក​

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​០៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​កាម​រី​ឆ្លាម​បើក​ទៅ​បុក​ពីក្រោយ​ត្រាក់ទ័រ​សណ្ដោង​រ៉ឺ​ម៉ក​ដែល​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៣ មាន​ត្រាក់ទ័រ ឈូស​ដី​មួយ​គ្រឿង​សណ្ដោង​រ៉ឺ​ម៉ក​ពីក្រោយ ដែល​នៅ​លើ​រ៉ឺ​ម៉ក​នោះ​មាន​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ផង​ដែរ​។

ត្រាក់ទ័រ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បែក​កង់​រ៉ឺ​ម៉ក​ខាងក្រោយ​ផ្នែក​ខាងស្ដាំ​ក៏​អែប​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ឈប់​ប្ដូរ​កង់​។ ខណៈ​ដែល​កំពុង​ដោះ​កង់​ដើម្បី​ប្ដូរ​នោះ ស្រាប់តែ​មាន​រថយន្ដ​កាម​រី​មួយ​គ្រឿង​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-2353 បោះពួយ​យ៉ាង​លឿន​មក​ពីក្រោយ​។ ពេល​មក​ដល់​ចំណុច​កើតហេតុ​វាក់​នឹង​ត្រាក់ទ័រ​នោះ​ក៏​បួង​ចង្កូត​ទៅ​ឆ្វេង ប៉ុន្តែ​មិន​ផុត​ក៏​បុក​បញ្ឆិត​ជ្រុង​ខាងឆ្វេង​រ៉ឺ​ម៉ក​ជាប់​ទៅ​មុខ​លែង​រួច បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ដ​ចំនួន​០៥​នាក់​រង​របួសធ្ងន់ និង​ស្រាល រីឯ​រថយន្ដ​បែក​កញ្ចក់​រួញ​ដំបូល​ខូចខាត​យ៉ាងដំណំ​។​

អ្នកបើកបរ​រថយន្ត​ឈ្មោះ អ៊ឹ​ង គឹ​ម​ហួ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នក​រត់​តាក់ស៊ី​បាត់ដំបង ភ្នំពេញ​។ អ្នក​រង​របួសធ្ងន់ និង​ស្រាល គឺជា​អ្នក​ធ្វើ​ដំណើរ​តាម​តាក់ស៊ី​ហើយ​បាន​ឡើង​រថយន្ត​ផ្សេង​ទៀត​បន្តដំណើរ​ទៅ​គោលដៅ​រៀង​ៗ​ខ្លួន​។ ចំណែក​ម្ចាស់​ត្រាក់ទ័រ​ដឹក​ម៉ាស៊ីនកិនស្រូវ​នោះ​ឈ្មោះ ខុ​ម វ​ណ្ណី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដូង​ជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ រថយន្ដ និង​ត្រាក់ទ័រ​បង្ក​គ្រោះថ្នាក់​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕