ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខ​សញ្ញាជនសង្ស័យ ៩នាក់ ដែលធ្វើសកម្មភាព​លួច​មានស្ថានទម្ងន់ទោស

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ដែលតែងតែធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងរយៈពេលកន្លងមក…

ខេត្តកំពង់ឆ្នាំង៖ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យចំនួន ៩នាក់ ដែលតែងតែធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងរយៈពេលកន្លងមក ក្នុងភូមិសាស្ត្រស្រុកចំនួន ៤ នៃខេត្តកំពង់ឆ្នាំង។

លោក ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ ដោយរយៈកាលកន្លងមក គឺចាប់ពីដើមខែកក្កដា ដល់ចុងខែសីហា មានសកម្មភាពលួចឆក់​តាមបណ្ដាស្រុកចំនួន ៤ ក្នុងនោះមាន៖ ស្រុកកំពង់ត្រឡាច, ស្រុកសាមគ្គីមានជ័យ, ស្រុកទឹកផុស និងស្រុករលាប្អៀរ កើតមានករណីអំពើលួចមានស្ថានទម្ងន់ទោស​។

ដោយសារស្ថានភាពបែបនេះ  អភិបាលខេត្ត ក៏ដូចជា លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដាក់បញ្ជា​ឲ្យធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញា​។

លោកស្នងការរង បានបន្តថា ក្រោយទទួលបានបទបញ្ជាបែបនេះ រូបលោក បានដឹកនាំមន្ត្រីការិយាល័យព្រហ្មទណ្ឌ សហការជាមួយអធិការនគរបានស្រុកទាំង៤ ចុះធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ មាន៖ ១,ភឿន មិថុនា ជាមុខសញ្ញាជិៈម៉ូតូមកកៀរមូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូតែម្តង,២ ឈ្មោះ ស និមល, ៣ ឈ្មោះ ណន ថាន ៤ ឈ្មោះ ងន សៀងលី, ៥ ប៊ន រស់ ,៦ ឈ្មោះ រ៉េត ឡុង ៧ ឈ្មោះ ហូ អូន ៨ ឈ្មោះ យ៉ាន ពិសី និង៩ ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់) ជនសង្ស័យទាំង ៩ នាក់មានទីលំនៅ ឃុំ មា.នក ស្រុកសាមគ្គីមានជ័យ។

លោកឧត្តមសេនីយ៍​ត្រី ប៉ុល វទ្ធី ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា​ កន្លងមក មានករណីលួចកាច់ក​ម៉ូតូ និងសកម្មភាពផ្សេងៗ យើងបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ រួចអស់ហើយដែរ​។ ដោយឡែក ករណីចុងក្រោយនេះ យើង​បានស្រាវជ្រាវចាប់ឃាត់ខ្លួន​ជនសង្ស័យទាំង ៩នាក់ គឺនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ហើយយើងក៏កំពុងស្នើសុំខាងដីកា​តុលាការ ដើម្បីស្រាវជ្រាវ តាមចាប់ខ្លួនចង់សង្ស័យ នៅសេសសល់ជាបន្តបន្ទាប់ទៀត។

ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង ៩នាក់ ប៉ូលិស ដកហូតវត្ថុតាង មានម៉ូតូធ្វើសកម្មភាព ៤គ្រឿង និង​ដាវ កាំបិត ពូថៅ ដែលជាអាវុធធ្វើសកម្មភាព មួយចំនួនផងដែរ។

ចំពោះពិធីធ្វើសកម្មភាពរបស់ជនសង្ស័យទាំងនេះ ប៉ូលិសបានបញ្ជាក់ថា គឺទី១ ជិះម៉ូតូកៀរម៉ូតូជនរងគ្រោះឲ្យដួល រួចប្រើដាវ ឬកាំបិតដេញកាប់ ពេលជនរងគ្រោះ រត់ចេញពីម៉ូតូ គឺធ្វើសកម្មភាពយកម៉ូតូតែម្ដង។ ទី២ គឺឆក់ ឬធាក់ទៅលើជនរងគ្រោះពេលជិៈម៉ូតូ ដើម្បីធ្វើសកម្មភាព ហើយពួកគេតែងប្រព្រឹត្តឡើងនៅពេលយប់​។

ជាចុងក្រោយ លោកស្នងការរងនគរបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមសហការជាមួយសមត្ថកិច្ច បើមានសកម្មភាពខាងលើត្រូវរាយការណ៍ជាបន្ទាន់។ មួយវិញទៀតសូមបងប្អូនប្រុងប្រយ័ត្នថែរក្សាទ្រព្យសម្បត្តិដោយខ្លួនឯង ព្រោះកន្លងមក ធ្លាប់មាន​​ខ្លះដាក់ម៉ូតូ ហើយមិនដកសោចេញពីម៉ូតូ ជាដើម ដែលជាឱកាសផ្ដល់ដល់ឲ្យជនសង្ស័យ​ធ្វើសកម្មភាព៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ