ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យសែនលោកខែ ចិនចាត់​ទុក​ថា​ ជា​ពិធីសែនព្រេន​មួយ​សុំ​ឱ្យ​មនុស្ស​គ្រប់​រូប​មាន​សេចក្តីសុខ

2 ឆ្នាំ មុន

ពិធីបុណ្យ​សែន​ព្រះ​ខែ នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២២ ខាង​មុខ​នេះ ខណៈ​ពិធីបុណ្យ​មួយ​នេះ គេ​និយម​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​ថ្ងៃ​ព្រះ​ចន្ទ​ពេញបូណ៌មី ជា​ថ្ងៃ​ដែល​ព្រះ​ចន្ទ​មាន​ពន្លឺ​ខ្លាំងក្នុង​រយៈពេល​មួយ​ឆ្នាំ។បុណ្យ​សែន​ព្រះ​ខែ…

ពិធីបុណ្យ​សែន​ព្រះ​ខែ នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២២ ខាង​មុខ​នេះ ខណៈ​ពិធីបុណ្យ​មួយ​នេះ គេ​និយម​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​ថ្ងៃ​ព្រះ​ចន្ទ​ពេញបូណ៌មី ជា​ថ្ងៃ​ដែល​ព្រះ​ចន្ទ​មាន​ពន្លឺ​ខ្លាំងក្នុង​រយៈពេល​មួយ​ឆ្នាំ។បុណ្យ​សែន​ព្រះ​ខែ គឺជា​ពេល​ជួបជុំ​ដ៏​រីករាយ​របស់​សមាជិកគ្រួសារ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ការ​នឹករលឹក​គ្នា​។​ពិធីបុណ្យ​សែន​ព្រះ​ខែ គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​ព្រះ​ច័ន្ទ​ពេញបូណ៌មី​ជា​រៀង​រាល់​ឆ្នាំ​។

ជនជាតិ​ចិន​បាន​រៀបចំ​ពិធីបុណ្យ​សែន​ព្រះ​ខែ ដោយ​តុបតែង​លម្អ​គោម​ភ្លើងពណ៌​ក្រហម នៅ​ពេល​យប់ ហើយ​ទទួលទាន​អាហារ​ជុំ​គ្នា​ប្រកបដោយ​សេចក្តីសុខ ។ សារសំខាន់​នៃ​បុណ្យ​សែន​លោក​ខែ គឺ​ជនជាតិ​ចិន​សំពះ​សុំ​ពរ​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​គ្រួសារ ។ហោរា​ចិន​លើក​ឡើង​ថា ពិធីបុណ្យ​សែន​លោក​ខែ គឺជា​ការ​សែនព្រេន​នៅ​ក្នុង​បរិវេណ​ដ៏​អធិកអធម ប្រកបដោយ​សេចក្តីសុខ​ពី​មនុស្ស​នៅ​គ្រប់​ទិស​ទី ។

ការ​ប្រារព្ធ​ពិធីបុណ្យ​សែន​លោក​ខែ​របស់​ជនជាតិ​ចិន ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន ព្រោះ​ជោគជតារាសី គឺ​សំដៅ​ទៅ​លើ​សេចក្តីសុខ ក្តី​ស្រឡាញ់ និង​សាមគ្គីភាព​របស់​មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ​។ ចាត់​ទុក​ថា​ជា​ពិធីសែនព្រេន​មួយ​សុំ​ឱ្យ​មនុស្ស​គ្រប់​រូប​មាន​សេចក្តីសុខ​នៅ​ពេល​យប់​នៃ​ពិធី​សែន​ព្រះ​ខែ។

ពិធី​សែន​ក្រៅពី​មាន​នំនែក គឺ​គេ​ដាក់​ផ្លែ​ឈើ​មាន​រាង​មូល និង​ស្អាត ដូច​ជា​ក្រូចថ្លុង​, ផ្លែ​ប៉ោម​, ចេក​, ក្រូចឃ្វិច និង​ទំពាំងបាយជូរ​ជាដើម​។​គេ​ចាប់ផ្តើម​សែន​គេ​នាំ​គ្នា​អុជ​ធូប ទៀន ហើយ​ពេល​អស់​ធូប​ដោយ​យកនំ​នែក ឬ​ផ្លែ​ឈើ​មក​ទទួលទាន​រួម​គ្នា ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ប្រកបដោយ​ភាព​អធិកអធម រួម​ទាំង​ក្តី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ ។រឿងព្រេង​និទាន​ពី​បុណ្យ​សែន​ព្រះ​ខែ​តាម​ប្រពៃណី​ចិន​នំ​សែន​ព្រះ​ខែ គឺជា​វត្ថុ​ដ៏​សំខាន់​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ «​សែន​ព្រះ​ខែ​» ឬ «​ពិធីបុណ្យ​ជុង​ឈី​វ​» នៅ​ខែពេញបូណ៌មី​តាម​ប្រពៃណី​ចិន ។

ជនជាតិ​ចិន​មាន​ជំនឿ​ថា «​ព្រះ​ចន្ទ​» តំណាង ឱ្យ​ស្ត្រីភេទ មាន​ភាព​ស្រស់ស្រាយ ត្រជាក់ត្រជុំ និង​ជា​និមិត្តរូប​នៃ​ក្តី​ស្រឡាញ់ ។
ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​សែន​ព្រះ​ខែ មានរឿង​ព្រេង​និទាន​ពី​ព្រះ​នាង «​ទេពធីតា​ឆាង​អឺ​» ។រឿងព្រេង​និទាន​តំណាល​ថា​ព្រះ​នាង​ឆាង​អឺ ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​បាន​សោយ​ថ្នាំ​វេទមន្ត​ដ៏​វិសេស​ធ្វើ​ឱ្យ​អាច​ហោះហើរ​នៅ​លើ​ដួងព្រះចន្ទ​បាន ។ ក្រោយមក​ព្រះ​នាង​ឆាង​អឺ មានជីវិត​អមតៈ ក្លាយជា​«​ទេពធីតា​នៃ​ព្រះ​ចន្ទ​»​។ព្រះ​នាង​ឆាង​អឺ គឺជា​ទេពធីតា មាន​ក្តី​មេត្តា​ដល់​មនុស្សលោក ។ នៅ​ពេល​ឈាន​ចូល​ដល់​រដូវ​ដាំ​ដុះ ព្រះ​នាង​ឆាង​អឺ​តែងតែ​ប្រោះព្រំ​ទឹកអម្រឹត​លើ​ផែនដី និង​ស្រោចស្រព​ដំណាំ​របស់​កសិករ ។ ដោយសារ​បែប​នោះ​ហើយ​ទើប​មនុស្សលោក​សម្តែង​ការ​ដឹងគុណ​ព្រះ​នាង​ទេពធីតា​ឆាង​អឺ ដោយ​យកនំ​ដ៏​ពិសេស​ហៅ​ថា «​នំ​សែន​ព្រះ​ខែ​»​ដាក់​សែន​ឧទ្ទិស​ជូន ។

របៀបរបប​នៃ​ការ​សែន​ព្រះ​ខែ គឺ​កាលពីដើម​ឡើយ​បុរស​ជនជាតិ​ចិន​មិន​និយម​សែន​ព្រះ​ខែ​ទេ ព្រោះ​មាន​ជំនឿ​ថា​ព្រះ​ចន្ទ​គឺជា​ធាតុ​ស្រី ហេតុ​ដូច្នេះ​ទើប​ឱ្យ​ស្ត្រី​ជា​អ្នក​សែន ប៉ុន្តែ​បច្ចុប្បន្ន​បុរស​ក៏​អាច​សែន​ព្រះ​ខែ​បាន​ដែរ និង​ស្ត្រី​ជា​អ្នក​ចាប់ផ្តើម​សែន​ដំបូង ។
ពិធី​សែន​ព្រះ​ខែ​ចាប់ផ្តើម​តាំងពី​សែន​នៅ​ពេល​ព្រឹក ឧទ្ទិស​ដល់​បុព្វបុរស និង​សែន​សំពះ​ព្រះ​ខែ​នៅ​ពេល​ព្រលប់ ។ ពិធី​សែន​ចាប់ផ្តើម​តាំងពី​ព្រះ​ចន្ទ​រះ និង​គួរ​សែន​ឱ្យ​រួចរាល់​នៅ​មុន​ពេល​ព្រះ​ចន្ទ​រះ​នៅ​ចំ​ពីលើ​ក្បាល ។

នៅ​ពេល​បញ្ចប់​ពិធី​សែន​ព្រះ​ខែ សមាជិក​ក្រុម​គ្រួសារ​ត្រូវ​ជួបជុំ​គ្នា​ទទួលទាន​នំ​សែន​ព្រះ​ខែ​ដោយ​បែងចែក​ឱ្យ​ស្មើនឹង​ចំនួន​មនុស្ស​ក្នុង​គ្រួសារ និង​នំ​ត្រូវ​មាន​ទំហំ ប៉ុន​ៗ​គ្នា ។នំ​សែន​ព្រះ​ខែ គឺជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​កិច្ចសហការ​យ៉ាង​ស្អិត​ល្មួត​របស់​មនុស្ស​ក្នុង​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ