ខេត្តកំពង់ឆ្នាំង៖ បទល្មើសនេសាទ នៅតែបន្តកើតមានឡើង បើទោះបីមន្ត្រីជំនាញ បានខិតខំធ្វើការអប់រំផ្សព្វផ្សាយឱ្យបញ្ឈប់ការនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់ ក្នុងរដូវហាមឃាត់ ពេលទឹកឡើងនេះ យ៉ាងណាក្តី។
ជាក់ស្ដែង នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចសម្រុះ បានសហការគ្នាជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ និងគណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច ព្រមទាំងសហគមន៍នេសាទបានធ្វើការ បង្ក្រាបបទល្មើសនៅទីតាំងភូមិសាស្ត្រ ស្រុកទាំង២ខាងលើនេះ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការបង្ក្រាបបទល្មើស គឺបានធ្វើឡើងស្ទើររៀងរាល់ថ្ងៃ ក្នុងរដូវហាមឃាត់នេសាទ ដែលជារដូវត្រីពងកូន។ ជាក់ស្ដែង នៅថ្ងៃនេះ (៨ ខែកញ្ញា) សមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល បានសហការគ្នាចុះបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៌ និងស្រុកកំពង់ត្រឡាច ដែលមាននៅចំណុចឃុំអំពិលទឹក, ចំណុចស្ដីបន្លិច, ចំណុចព្រែកគន្លង, ចំណុចព្រែកអាម៉ាល់, និងចំណុចប្រឡាយដៃត្រង់។
ប្រភពដដែលបានបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប គឺបានប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន ៦ គ្រឿង មានកម្លាំងសមត្ថកិច្ចសរុប ចំនួន ២២នាក់ និងជាលទ្ធផល បានធ្វើការរុះរើរបាំងសាច់អួន ចំនួន ២កន្លែង មានប្រវែង ២៥០ម៉ែត្រ លបលូសាច់អួនចំនួន ៥លប , រុះរើរបាំងស្បៃមុង ២៤ កន្លែង មានលបលូស្បៃមុខ ២៤លប ,បង្គោល ៧៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន ៥០គីឡូក្រាម។
លោក លី ឡា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសខុសច្បាប់ ពិសេសនៅក្នុងរដូវហាមឃាត់ ពេលនេះ ដើម្បីទុកឱ្យត្រីពងកូន៕ ពៅ សុខហ៊ាន








ចែករំលែកព័តមាននេះ