ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួង ងៀប បន្តកូរតុលាការ៖ លើកមុន មិន​បង្ហាញ​ខ្លួន ពេលនេះ មិនទទួលយក​មេធាវីចាត់​តាំង សវនាការលើកពេលទៅថ្ងៃទី២៩ ខែកញ្ញា ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ តុលាការ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងលោកអតីត​ផ្កាយ៣ ឧកញ៉ា ឌួង ងៀប ទៅថ្ងៃទី២៩ ខែកញ្ញា​ខាងមុខ។ មូលហេតុដោយសារតែ​អវត្តមានមេធាវីការពារ​ក្តី​ឱ្យជនជាប់ចោទ…

រាជធានីភ្នំពេញ៖ តុលាការ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងលោកអតីត​ផ្កាយ៣ ឧកញ៉ា ឌួង ងៀប ទៅថ្ងៃទី២៩ ខែកញ្ញា​ខាងមុខ។ មូលហេតុដោយសារតែ​អវត្តមានមេធាវីការពារ​ក្តី​ឱ្យជនជាប់ចោទ ហើយ​តុលាការ បានចាត់តាំង​មេធាវីជំនួស តែលោក ឌួង ងៀប បដិសេធ​។

សំណុំរឿងផ្កាយ៣ ឌួង ងៀប ត្រូវបានតុលាការលើកយកមកបើកសវនាការ កាលពីព្រឹកថ្ងៃ៦ ខែកញ្ញា​នេះ ដែលជាសវនាការលើកទី២ បន្ទា​ប់ពីលើកទី១ អវត្តមានជនជាប់ចោទ​។

លើកទី២នេះ ក៏ត្រូវបានលើកពេលទៀត ដោយមានវត្តមានជនជាប់ចោទ ឌួង ងៀប តែអត់អវត្តមានមេធាវីការពារក្តីវិញ។ ក្នុងនោះ តុលាការ ក៏បានសម្រេចចាត់តាំងមេធាវីជំនួស ដើម្បីឲ្យបានដំណើរជំនុំជម្រះសួរដេញដោ​ល មិនចង់អូសបន្លាយពេលទៅមុខទៀតទេ​។ ប៉ុន្តែជនជាប់ចោទ ឌួង ងៀប ទទួចមិនទទួលយកមេធាវីចាត់របស់តុលាការទេ ហើ​យ​បានស្នើសុំ​ឲ្យតុលាការលើកពេលទៅថ្ងៃទី២៩ ខែកញ្ញា ដល់​ពេលនោះ បើអវត្តមានមេធាវីការពារដោយ​អាណត្តិទៀត ​ជនជាប់ចោទសម្រេចទទួលយកមេធាវីចាត់តាំង ដោយបញ្ឈប់ការសុំ​ពន្យារពេលទៀតហើយ​។

សូមជម្រាបថា សំណុំរឿងអតីតផ្កាយ៣ នគរបាលជាតិ លោក ឌួង ងៀប ត្រូវបានសាលាដំបូង​រាជធានីភ្នំពេញ លើកយកមកបើក​សវនាការលើអង្គសេចក្តី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែអ្វីដែលជាការខកខាន និងធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះឆេះដុំនោះ គឺអវត្តមានជនជាប់ចោទ ឌួង ងៀប បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារ PJ ឡើង​រាយការណ៍​ថា ​ជនជាប់ចោទ និងមេធាវី បានដាក់​ពាក្យសុំពន្យារពេល​។

កាលពីថ្ងៃទី៣០សីហា លោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ក្នុងសំណុំរឿងក្តីនេះ បានលើកឡើងថា តុលាការបានចេញដីកា​បង្គាប់ ទៅពន្ធនាគារឱ្យនាំជន​ជាប់ចោទ មកបង្ហាញមុខ នៅក្នុងសវនាការតាមនីតិវិធី។ តែមន្ត្រីអនុរក្ស មិនអនុវត្តតាម។ ដូច្នេះដើម្បីការពារផលប្រយោជន៍ផ្លូវច្បាប់ ក៏ដូចជាផលប្រយោជន៍រវាងគូភាគី ពិសេសស្វែង​រកយុត្តិធម៌ក្នុងរឿងក្តីនេះ គប្បីក្រុមប្រឹក្សាតុលាការ លើកពេលសវនាការសិន និងបង្គាប់ឱ្យ​នាំខ្លួនជនជាប់ចោទមកឆ្លើយតទាល់គ្នា នៅពេលក្រោយ​។

សូមរម្លឹកថា ​កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ សា​លាដំបូងរាជធានីភ្នំពេញ បានលើក​យក​បណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប មកបើកសវនាការតាម​ការស្នើសុំរបស់​ជនត្រូវចោទ មុនជំនុំជម្រះលើអង្គសេចក្តី​។ ​នៅថ្ងៃទី៧ ខែកក្កដា តុលាការ បានប្រកាសសាល ដោយសម្រេចនៅបន្តការឃុំខ្លួនជនជាប់ចោទដដែល ដោយរង់ចាំជំនុំជម្រះលើអង្គសេចក្តី។

សូមជម្រាបថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប ​​អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន.(សែកស្អុយ) ។

លោកឧត្តមសេនីយ៍ ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ​ណ្ឌ​កម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវ ឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេ​ញ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ​។

ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះ លេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទ​ប្រកាន់ពីបទ.ឆបោក និងបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើស​មានចែងឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ នឹងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់​។ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ ​ក្រោយឃាត់ខ្លួន តុលាការបានសម្រេចបញ្ជាឱ្យឃុំខ្លួនលោក ឌួង ងៀប នៅពន្ធនាគារ PJ។

សូមបញ្ជាក់ថា មុនពេលចាប់ខ្លួន លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ ​កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការសំណុំរឿង​របស់លោក ប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះ ត្រូវបានបណ្តាញ​សង្គម យកទៅបង្ហោះ និងបានចែកចាយតៗ គ្នា​។

ប៉ុន្តែអ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបំភ្លឺថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាល​ពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០ ដុល្លារមេរិក ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ។ ប៉ុន្តែជនត្រូវចោទពុំមានដីឲ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែ(ដីខ្យល់) ។

អ្នកនាំពាក្យ បន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញ​មូលប្បទានបត្រ ចំនួន ៣សន្លឹក ដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណី បានយក​មូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារ បញ្ជាក់ថា មូលប្បទានបត្រ​ទាំងនោះ គ្មាន​សាច់ប្រាក់ទេ ពោលគឺជាសែកស្អុយ។

អ្នកនាំពាក្យ បានបន្តថា ក្នុងដំណាក់កាល ស៊ើបសួរ ចៅក្រម​ស៊ើបសួរ បាន​ពិនិត្យ​ផ្ទៀងផ្ទាត់ ភស្ដុ​តាង និង​សួរចម្លើយ ជន​ត្រូវ​ចោទ ឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវ ចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមរយៈ​ដីកាសម្រេចលេខ៤២៩៣«ម» ដ.ព.ស ចុះថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែល មាន​កាតព្វកិច្ចតម្រូវឲ្យជនត្រូវចោទ ដាក់ប្រាក់ធានាមិនឃុំខ្លួន ចំនួន ៥.៣០៥.០០០ ដុល្លាររអាមេរិក មកតម្កល់ នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ តែជនត្រូវចោទ ពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ​។

ដោយជនត្រូវចោទ ឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ​ដូច្នេះ​ ចៅក្រមស៊ើបសួរ ក៏បានចាត់វិធានការ តាមនីតិវិធីស្របតាមប្បញ្ញត្តិ មាត្រា ២៣០ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ ត្រូវចាប់ឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោស​លើអង្គសេចក្តី​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ