ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​អារ​នៅ​តែ​បន្ត​ដឹក​ចេញពី​ក្រចេះ​មក​ត្បូងឃ្មុំ​ស្ទើរ​រាល់ថ្ងៃ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ឈ្មួញ​នៅ​តែ​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹក​ជញ្ជូន​ឈើ ដោយ​បាន​បង្វែរ​ពី​ការ​ដឹក​តាម​រថយន្ត​ធំ​ៗ​មក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទាំង​យប់​ទាំង​ថ្ងៃ​វិញ​ម្តង តែ​មិនឃើញ​ស្ថាប័ន​ …

ខេត្ត​ត្បូងឃ្មុំ ៖ ឈ្មួញ​នៅ​តែ​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹក​ជញ្ជូន​ឈើ ដោយ​បាន​បង្វែរ​ពី​ការ​ដឹក​តាម​រថយន្ត​ធំ​ៗ​មក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទាំង​យប់​ទាំង​ថ្ងៃ​វិញ​ម្តង តែ​មិនឃើញ​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​វិធានការ​បង្ក្រាប​សោះ ។ ឈើ​ទាំងនោះ​ត្រូវ​បាន​ដឹក​ចេញពី​ស្រុក​ឆ្លូង ខេត្តក្រចេះ កាត់​តាម​ស្រុក​តំបែរ និង​ស្រុក​ក្រូចឆ្មារ បាន​ដោយ​រលូន ហើយ​ក្រុម​ឈ្មួញ​បាន​ធ្លោយមាត់​ថា​មាន​បង់លុយ​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​ប្រចាំការ​នៅ​ស្រុក​ក្រូចឆ្មារ​មួយ​រូប បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ថា សកម្មភាព​ដឹកឈើ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​មក​ពី​ស្រុក​ឆ្លូង ខេត្តក្រចេះ កាត់​តាម​ផ្លូវ​ដង​ទន្លេមេគង្គ​ចូល​មក​ស្រុក​ក្រូចឆ្មារ មាន​ជា​ហូរហែរ ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​នោះ​បាន​ចេញ​ទៅ​តាម​តា​ប៉ាវ​ចូល​ទៅ​ស្រុក​ត្បូងឃ្មុំ ដើម្បី​យក​ទៅ​ចែកចាយ​តាម​បណ្តា​ស្រុក​នានា ។

សមត្ថកិច្ច​ប្រចាំ​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា ពី​មុន​ឈើ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត តែ​មក​ដល់​ពេល​នេះ គឺ​គេ​បាន​ប្រើ​រូបភាព​ដឹក​ជញ្ជូន​តាម​រ៉ឺ​ម៉ក​ម៉ូតូ ប្រៀប​ដូច​សត្វ​កណ្តៀរ​អ៊ីចឹង គេ​ដឹកឈើ​មក​បាន​ដោយ​រលូន​បែប​នេះ គឺ​ពិតជា​មាន​គេ​រត់ការ​តាម​ផ្លូវ​អស់ហើយ បានជា​មិន​ដែល​ឃើញ​មាន​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ចាប់​ឡើយ ។ មាន​ពេល​ខ្លះ​ទៀត​ក្រុម​ដឹកឈើ​នោះ ហៅ​កម្រ​នឹង​ឈប់​ណាស់ សង្ស័យ​តែ​អាច​មានការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

អ្នក​ដឹកឈើ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ដឹកឈើ​ប្រភេទ​ស្រឡៅ​ចេញពី​ស្រុក​ឆ្លូង ខេត្តក្រចេះ នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ចូល​មក​កាន់​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​រត់ការ​ក្នុង​១​លើក​ចំណាយ​លុយ​ប្រមាណ ១០០​ដុល្លារ ក្នុង​នោះ​មាន​ទាំង​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ហើយ​ផាត់​លើ​ការ​ចំណាយ​អាច​នៅ​សល់​ចំណេញ​ប្រហែល​២០​ដុល្លារ  ហើយ​ឈើ​ដឹក​មក​នោះ​គឺ​មាន​ថៅកែ​ម្នាក់​ជា​អ្នក​រត់ការ​បើកភ្លើង​ខៀវ ។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ស្រុក​តំបែរ​ដែល​ល្បី​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ចេញពី​ខេត្តក្រចេះ ល្បី​ថែម​ទាំង​មាន​ដាវ​សា​មូ​រ៉ៃ​ក្នុង​រថយន្ត​ថែម​ទៀត​ក្នុង​ពេល​ដែល​ដឹកឈើ​មក​ម្តង​ៗ ។ ដោយសារ​តែ​រូប​លោក​បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃ​តំបែរ​ទប់ស្កាត់ រួម​សហការ​ជាមួយនឹង​ទា​ហា​នោះ ឃើញ​ថា បាន​ស្ងប់ស្ងាត់​គ្រាន់បើ​បន្តិច​ហើយ ។ ចំពោះ​ករណី​ឈើ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កាត់​តាម​ស្រុក​ក្រូចឆ្មារ​ក៏​នឹង​ត្រូវ​ឲ្យ​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទីនោះ​ត្រូវ​តែ​រួម​សហការ​ជាមួយនឹង​ស្ថាប័ន​ផ្សេង​ដើម្បី​ទប់ស្កាត់​ដែរ ៕