ព្រះពុទ្ធបដិមា១អង្គ អាយុកាលជាង១០០ឆ្នាំ បាត់ជាង៣០ឆ្នាំ បានមាតុនិវត្តន៍មកដល់កម្ពុជាវិញហើយ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ពិធីមាតុនិវត្តន៍ព្រះពុទ្ឋបដិមាមួយអង្គ កសាងអំពីប្រាក់ អាយុកាលប្រមាណជាង១០០ឆ្នាំ និងមានទម្ងន់ជាង២០គីឡូក្រាម បានប្រារព្ឋឡើងកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២២ នៅបរិវេណវត្ត ចន្ទប្បជោត្តនារាម( ហៅវត្តលោកតាសុត )ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។
ពិធីខាងលើនេះស្ថិតក្រោមព្រះអធិបតីភាពសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ អគ្គមហាសទ្ធម្មជោតកឆជ:កិតិ្តបណ្ឌិត នន្ទិយោ សម្តេចព្រះអនុប្រធានថេរសភាជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីសង្ឃគ្រប់ឋានានុក្រម មន្ត្រីសង្ឃនិមន្តមកពីព្រះរាជាណាចក្រថៃ ឯកឧត្តម នរ:រតនវឌ្ឍនោ រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។
ក្រោយពីពិធីបានប្រព្រឹត្តទៅជាបន្តបន្ទាប់តាមទំនាមទម្លាប់ព្រះពុទ្ឋសាសនា រួចមក លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារយើង ឲ្យដឹងថា៖ ព្រះបដិមា ដែលកំពុងប្រារព្ធពិធីមាតុនិវត្តន៍ នៅពេលនេះ ជាព្រះបដិមាកសាងក្នុងសម័យ ព្រះបាទនរោត្តម ដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំ កសាងអំពីប្រាក់ មានទម្ងន់២២ គីឡូក្រាម។ ព្រះពុទ្ធបដិមាមួយអង្គនេះបានបាត់ពី ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងអំឡុងឆ្នាំ១៩៨៨ ។
លោក សុខ ធួក បានបញ្ជាក់ថា ក្រោយពីព្រះគ្រូ យសបញ្ញាញាណចន្ទមុនី សុន ចាន់វីរ: ទីប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជាធិបតី អភិធជ អគ្គមហាសទ្ទម្មជោតិក: កិតិឧទ្ទេសបណ្ឌិតសម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទប្បជោត្តនារាម( ហៅវត្តលោកតាសុត ) បាននិមន្តទៅប្រទេសថៃ ហើយក៏បានឃើញពុទ្ធបដិមាករដែលជារបស់ខ្មែរ ព្រះអង្គក៏បានសុំជាវ ពីគេមកវិញ ហើយគេក៍យល់ព្រម ។ បើគិតទាំងតម្លៃជាវ និងការដង្ហែ (ដឹកជញ្ជូន)មាតុនិវត្តន៍ពីព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បានចំណាយអស់ប្រមាណ៥៥ម៉ឺនបាត ឬស្មើនឹងជាង១ម៉ឺន៤ពាន់ដុល្លារ។
យ៉ាងនេះក្តី នៅសប្តាហ៍ក្រោយនេះ ខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងទៅចុះទៅពិនិត្យជាថ្មីម្តងទៀត ដើម្បីចុះបញ្ជីព្រះបដិមាអង្គនេះជាសម្បត្តិ បេតិកភណ្ឌ័ជាតិ ក្រៅឃ្លាំង និង សុំឱ្យតែគ្រូចៅអធិការ ព្រះសង្ឃគណៈកម្មការវត្ត ក្នុងការធានាថែរក្សាឲ្យបានគង់វង្ស ផងដែរ៕






























ចែករំលែកព័តមាននេះ