ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​គ្រោង​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​នៅ​ឆមាស​ទី​1​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​រំពឹង​ថា នឹង​អាច​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​របស់​ខ្លួន​ចំនួន​៨,០១​លាន​តោន​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ដោយ​ចាប់ផ្តើម​ដាក់​ដេញថ្លៃ​អង្ករ​សម្រាប់​បរិភោគ​២,៨៧​លាន​តោន នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​រំពឹង​ថា នឹង​អាច​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​របស់​ខ្លួន​ចំនួន​៨,០១​លាន​តោន​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ដោយ​ចាប់ផ្តើម​ដាក់​ដេញថ្លៃ​អង្ករ​សម្រាប់​បរិភោគ​២,៨៧​លាន​តោន នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ខាង​មុខ ។

ចំណែក​អង្ករ​នៅ​សល់​៥,២​លាន​តោន​ទៀត នឹង​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ឧស្សាហកម្ម​មិនមែន​អាហារ និង​ចំណី​សត្វ រួម​ទាំង​វិស័យ​ថាមពល​ផង​ដែរ ដោយសារ​អង្ករ​ទាំងនេះ​មានគុណ​ភាព​មិនល្អ ។

លោកស្រី Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស ឱ្យ​ដឹង​ថា ការ​ដេញថ្លៃ​អង្ករ​ដែល​មានគុណ​ភាពល្អ​សម្រាប់​បរិភោគ​ចំនួន​២,៨៧​លាន​តោន​ក្នុង​ខែ​នេះ គួរតែ​អាច​កាត់​បន្ថយ​សម្ពាធ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភពលោក ។

បន្ទាប់​ពី​ការ​ដេញថ្លៃ​ចំនួន​២​ដង​ក្នុង​ឆមាស​នេះ រដ្ឋាភិបាល​គួរតែ​អាច​បញ្ចេញ​អង្ករ​ពី​ស្តុក​ទាំងអស់​របស់​ខ្លួន​នៅ​ខែឧសភា ។

លោកស្រី​ថ្លែង​ថា ៖ « ការ​បញ្ចេញ​អង្ករ​ពី​ស្តុក​នេះ នឹង​អាច​ជួយ​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធំ​ដល់​ប្រទេស​ថៃ ដោយសារ​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ចំនួន​៥០៤​លាន​បាត​ក្នុង​១​ខែ ដើម្បី​រក្សា​ទុក​អង្ករ​ដែល​នៅ​សល់​៨​លាន​តោន » ។

ទោះជា​យ៉ាងណា ក្រសួងពាណិជ្ជកម្ម​មិន​រំពឹង​ថា ការ​ដេញថ្លៃ​លើក​នេះ​នឹង​ទទួល​បាន​តម្លៃ​ខ្ពស់​ទេ ដោយសារ​តែ​អង្ករ​នេះ​ត្រូវ​បាន​រក្សា​ទុក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​គុណភាព​របស់​វា​ក៏​មានការ​ធ្លាក់​ចុះ​ដែរ ។

លើស​ពី​នេះ​ទៀត ធនាគារ​ជា​ច្រើន​បាន​ដាក់​កម្រិត​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​ចូលរួម​ការ​ដេញថ្លៃ​ក្នុង​ខែ​នេះ ។

អង្ករ​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​២,៨៧​លាន​តោន គឺ​សម្រាប់​លក់​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ រួម​មាន អង្ករ Hom Mali និង​២០%​ទៀត​គឺ​អង្ករ​ធម្មតា ហើយ​អង្ករ​នៅ​សល់​គឺ Pathum Thani និង​អង្ករដំណើប ។

សមាគម​នាំ​ចេញ​អង្ករ​ថៃ (TREA) បាន​ព្យាករ​ថា ប្រទេស​ថៃ​នឹង​នាំ​ចេញ​អង្ករ​ចំនួន​៩,៥​លាន​តោន ស្មើ​១៥០​ប៊ី​លាន​បាត​នៅ​ឆ្នាំ​នេះ ទាប​ជាង​ឆ្នាំ​មុន ដែល​ស្មើ​ដល់​៩,៨៨​លាន​តោន ឬ​១៥៤,៤៣​ប៊ី​លាន​បាត ដោយសារ​តែ​មានការ​ប្រកួតប្រជែង​ស្វិតស្វាញ តម្លៃ​ទាប និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត ។

លោក Charoen Laothamatas ប្រធាន​សមាគម TREA និយាយ​ថា ៖ « ថៃ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងឆ្នាំនេះ ខណៈ​ប្រទេស​ជា​ច្រើន​បាន​ផ្គត់ផ្គង់​អង្ករ​ក្នុង​កម្រិត​មួយ​ខ្ពស់ » ។

ថៃ​នឹង​នៅ​តែ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​២​របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​។ គេ​គិត​ថា ឥណ្ឌា​នឹង​នាំ​ចេញ​អង្ករ​តិច​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ច្រើន​ជាង​ថៃ ១០​លាន​តោន។ រីឯ​វៀតណាម ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​៣​របស់​ពិភពលោក ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​នាំ​ចេញ​អង្ករ​៥,៨​លាន​តោន​នៅ​ឆ្នាំ​នេះ ។

ក្រសួងកសិកម្ម​អា​មេ​រិ​ក​រាយការណ៍​ថា ស្រូវ​នៅ​ក្នុង​ស្តុក​ចុងឆ្នាំ​របស់​ពិភពលោក នឹង​កើនឡើង​ពី​១១៦,៥១​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ដល់​១១៨,៧១​លាន​តោន​នៅ​ឆ្នាំ​នេះ ហើយ​ផលិតកម្ម​ស្រូវ​សរុប​នឹង​កើនឡើង​ពី​៤៧២,៣៩ ទៅ​៤៨០,០២​លាន​តោន ។

ចំណែក​តម្រូវការ​ប្រើប្រាស់​ស្រូវ​អង្ករ​នឹង​កើនឡើង​ពី​៤៧០,៥៤ ទៅ​៤៧៧,៨១​លាន​តោន ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​នឹង​កើនឡើង​បន្តិច​ពី​៣៩,៦៩ ទៅ​៤០,៧៨​លាន​តោន​នៅ​ឆ្នាំ​នេះ ៕