ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុនមួយបានចុះទិញស្រូវសែនក្រអូបរបស់ប្រជាកសិករដល់មូលដ្ឋានក្នុង១តោនតម្លៃ១០,៣០០បាត ដែលនេះលើសតម្លៃឈ្មួញ កាលពីថ្ងៃទី២៨ សីហា ស្ថិតនៅភូមិ-ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ដើម្បីការលើកទឹកចិត្តរបស់ប្រជាកសិករ ។

ជាក់ស្តែង នៅរដូវនេះ ជារដូវប្រមូលផលស្រូវប្រភេទស្រូវមិនប្រកាន់រដូវ ឬស្រូវស្រាល ដែលប្រជាកសិករកំពុងប្រមូលផលជាក់ស្តែង នៅភូមិ.ឃុំគោកបល្ល័ង្គ គេឃើញក្រុមហ៊ុនរបស់លោកឧកញ៉ា
ភូ ពុយ បានចុះទិញស្រូវប្រជាកសិករក្នុងតំលៃប្រសើរជាងឈ្មួញ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករក្នុងការបង្កបង្កើនផលស្រូវ។

លោកឧកញ៉ា ភូ ពុយ និងក្រុមការងារបានចុះទិញប្រភេទស្រូវសែនក្រអូបសើមក្នុង១តោនតំលៃ១០,៣០០បាត បើប្រធៀបឈ្មួញកណ្តាលទិញស្រូវសែនក្រអូបក្នុង១តោនតំលៃ១០,០០០បាត ឬតំលៃខ្ពស់អស់១០,១០០បាត ស្រូវស្រង៉ែសើម១តោន តំលៃ៩,១០០បាត និងស្រូវអ៊ីអ៊ាសើមទិញ១តោន តំលៃ៧,៥០០បាត។

ប្រជាកសិករបានសំណូមពរដល់លោកឧកញ៉ា ភូ ពុយ សុំឱ្យជួយទិញស្រូវអ៊ីអ៊ា ស្រូវស្រង៉ែ ព្រោះថា ទីផ្សារឈ្មួញកណ្តាលឡើងចុះតាមតែមាត់ថា មិនដូចក្រុមហ៊ុនទិញស្រូវក្នុងតំលៃប្រសើរជាងឈ្មួញកណ្តាល តែក្រុមហ៊ុនទិញតែស្រូវសែនក្រអូប សង្ឃឹមថាមិនប្រកាន់ស្រូវទេ ។

បើយោងតាមទីផ្សារស្រូវរបស់មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២២នេះ ស្រូវសែនក្រអូបសើមក្នុង១គីឡូក្រាមតំលៃ១,០៦៧រៀល ស្រូវអ៊ីអ៊ា៨៥ ក្នុង១គីឡូក្រាមតំលៃ៧៦០រៀល ស្រូវអ៊ីអ៊ា៥១និង៥៤ក្នុង១គីឡូក្រាមតំលៃ៧៥៤រៀល ៕


ចែករំលែកព័តមាននេះ