ខេត្តព្រះសីហនុ៖ ប្រជានេសាទសមុទ្រលើកឡើងថា លោក គឹម ហ៊ាង មន្ត្រីយោធានៅរាជធានីភ្នំពេញ ពាក់ស័ក្តិ៥ នៅតែបន្តការសាងសង់សំណង់ចូលក្នុងផ្ទៃទឹកសមុទ្រមិនឈប់ឈរបង្កផលប៉ះពាល់សម្រាប់ផ្លូវចូលចតទូកនេសាទរបស់ពួកគាត់ ដែលកន្លងមកពួកគាត់អះអាងថា គាត់ធ្លាប់ចតទូកនៅទីនោះបានដោយសុខសាន្តមិនដែលរំខានពីអ្នកណានោះឡើយ ។

ប្រជានេសាទបានបន្តឲ្យដឹងទៀតថា ពួកគាត់មិនសុខចិត្តទៅនិងសកម្មភាពសាងសង់សំណង់នៅលើផ្ទៃសមុទ្រដែលជាគន្លងផ្លូវទឹកសម្រាប់ការចូលចតទូកនេសាទរបស់ប្រជានេសាទដែលជាសកម្មភាពលោភលន់របស់លោកគឹម ហ៊ាង នោះឡើយ ។ ពួកគាត់ក៏បានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ពីលោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កន្លងមកជាលទ្ធផលលោកចៅសង្កាត់មិនអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបាននោះទេ ហើយការសាងសង់របស់លោក គឹម ហ៊ាង នៅតែបន្តសាងសង់សំណង់ចូលក្នុងទឹកនេះឥតឈប់ឈរមិនរំខានដល់អាជ្ញាធរយ៉ាងត្រជាក់ចិត្តផងដែរ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា ដោយសារតែលោក ឈិត សុផាត ចៅសង្កាត់លេខ១មិនអាចដោះស្រាយកង្វល់ឲ្យប្រជាពលរដ្ឋបានពួកគាត់ក៏បានដាក់ពាក្យបណ្តឹងថ្មី ដើម្បីសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរក្រុងព្រះសីហនុដើម្បីឱ្យអាជ្ញាធរក្រុងជួយដល់ពួកគាត់ឲ្យបានបើកផ្លូវ និងទីកន្លែងជាចំណតទូកដូចពីមុនមក ។ បន្ទាប់ពីរដ្ឋបាលក្រុងព្រះសីហនុទទួលបានពាក្យបណ្តឹងពីប្រជានេសាទ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុបានចុះមកដល់ទីតាំងសំណង់ដែលលោក គឹម ហ៊ាង កំពុងសងសង់រំលោភលើផ្ទៃសមុទ្រដែលជាចំណតទូករបស់ប្រជានេសាទ។ លោកអភិបាលរងក្រុងព្រះសីហនុបានធ្វើកំណត់ហេតុនិងហាមឃាត់មិនឲ្យលោក គឹម ហ៊ាង ធ្វើសំណង់នេះបន្តទៀតនោះឡើយ។

ពេលលោក គង់សោភា អភិបាលរងក្រុងព្រះសីហនុចុះមកធ្វើកំណត់ហេតុផ្អាកការសាងសង់របស់លោកគឹម ហ៊ាងមិនបានមួយដង្ហើមចង្រិតផងលោកគឹមហ៊ាងបានធ្វើការសាងសង់បន្តទៀតឥតឈប់ឈររហូតមកដល់បច្ចុប្បន្ននេះ។ ប្រជានេសាទទាំងអស់បានលើកឡើងបន្តឲ្យដឹងទៀតថា ភាពមិនគោរពច្បាប់របស់លោកគឹម ហ៊ាង ពួកគាត់កើតទុក្ខមិនសុខចិត្តក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍ទៅអាជ្ញាខេត្តព្រះសីហនុនារសៀលថ្ងៃច័ន្ទទី២៩ ខែសីហាឆ្នាំ ២០២២នេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលនៃខណៈអភិបាលខេត្តព្រះសីហនុដើម្បីឱ្យលោកជួយដោះស្រាយជូនពួកគាត់ឱ្យមានចំណតចបទូកឡើងវិញដូចកាលពីមុនផងដែរ។

ជាចុងក្រោយ ប្រជានេសាទសូមធ្វើការអំពាវនាវយ៉ាងទទូចដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងសូមធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលពាក់ពន្ធ័ មេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែលជាប្រជានេសាទកំពុងរងគ្រោះដោយលោក គឹម ហ៊ាង កំពុងសង់ផ្ទះរំលោភយកចំណតទូករបស់ពួកគាត់។ ដោយឡែក លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តព្រះសីហនុមិនអាចសុំការពន្យល់បានទេដោយសារទូរសព្ទ័ចូលមិនមានអ្នកលើក ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសិហនុ បានឲ្យដឹងតាមប្រពន្ធ័តេលេក្រាមថាលោកនិងចាត់មន្ត្រីចុះត្រួតពិនិត្យជំុវិញសំណង់លើផ្ទៃទឹកសមុទ្រនិងឈានទៅអនុវត្តនិតិវិធី។ ជុំវិញបញ្ហាការចោទប្រកាន់ខាងលើនេះលោក គឹម ហ៊ាង មន្ត្រីយោធាពាក់សក្តិ៥មកពីរាជធានីភ្នំពេញអ្នកសារព័ត៌មានយើងមិនអាចសុំប្រតិកម្មពីលោកក្នុងការចោទប្រកាន់របស់ប្រជានេសាទបាននោះឡើយដោយសារពុំមានលេខទូរសព្ទទំនាក់ទំនង។

ដោយឡែក លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុនារសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២នេះលោកបានប្រាប់មកអ្នកសារព័ត៌មានយើងតាមប្រព័ន្ធតេលេក្រាមថាស្អែកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះលោកនិងឲ្យក្រុមការងារចុះទៅមើលទីតាំងនេះ។ ជាចុងក្រោយប្រជានេសាទស្នើសុំឱ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជួយពង្រឹងដល់អាជ្ញាធរថ្នាក់ក្រោមឲ្យអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនខិលខូចដូចករណីខាងលើនេះ ។

គួររំលឹកផងដែរថា ទីតាំងដែលមន្ត្រីយោធាឈ្មោះ គឹម ហ៊ាង សង់រំលោភក្នុងដែនសមុទ្រដែលរដ្ឋហាមឃាត់មានទីតាំងស្ថិតនៅចំណុចក្បែរផែ២៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។



ចែករំលែកព័តមាននេះ