ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​កើតរោគ​ឃ្លង់​ប្រញាប់​ទៅ​ព្យាបាល​ប្រយ័ត្ន​ហួសពេល

7 ឆ្នាំ មុន

ឃ្លង់​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​លើ​មនុស្ស​តាំងពី​៦០០​ឆ្នាំ​មុន​គ្រិស្តសករាជ និង​ជា​ជំងឺឆ្លង​រ៉ាំរ៉ៃ​កើត​លើ​មនុស្ស​គ្រប់​វ័យ​គ្រប់​ភេទ ដែល​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ Micobacterium Leprae ។ មេរោគ​នេះ​ត្រូវ​បាន​

ឃ្លង់​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​លើ​មនុស្ស​តាំងពី​៦០០​ឆ្នាំ​មុន​គ្រិស្តសករាជ និង​ជា​ជំងឺឆ្លង​រ៉ាំរ៉ៃ​កើត​លើ​មនុស្ស​គ្រប់​វ័យ​គ្រប់​ភេទ ដែល​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ Micobacterium Leprae ។ មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​១៨៧៣ ដោយ​អ្នកប្រាជ្ញ​ឈ្មោះ G.H.A Hansen ជនជាតិ Norway ។

ជំងឺ​នេះ​មានការ​ប៉ះពាល់​លើ​ស្បែក សរសៃប្រសាទ និង​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​អារម្មណ៍​ផ្លូវចិត្ត​របស់​អ្នកជំងឺ តែ​បច្ចុប្បន្ន​ជំងឺ​នេះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​១០០% និង​មិន​បណ្តាល​ឱ្យ​ពិការ​ភាព​ទេ បើ​អ្នកជំងឺ​មក​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ។ ជាក់ស្តែង​ដូច​ជា​អ្នកជំងឺ​ឃ្លង់​ពីរ​នាក់​ដែល​បាន​មក​ព្យាបាល​នៅ​មជ្ឈមណ្ឌល ស្ដារ​លទ្ធភាព​ពល​កម្ម​កៀន​ឃ្លាំង​ផ្នែក​ជំងឺ​ហង់​សិន ដោយសារ​តែ​មិន​បាន​យកចិត្តទុកដាក់ ទីបំផុត​ត្រូវ​ធ្លាក់ខ្លួន​ពិការ ហើយ​មានការ​ស្តាយក្រោយ​យ៉ាង​ខ្លាំង ។ លោក អ៊ំ​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ មក​ពី​ខេត្តស្វាយរៀង ក្រុង​បា​វិត ដែល​បាន​កើត​ជំងឺឃ្លង់​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ដោយ​ពី​ដំបូង​លោក​អ៊ំ​ឃើញ​មាន​ស្លាកស្នាម​ចម្លែក គឺ​ស្នាម​ស​ៗ កើត​មាននៅ​លើ​ជើង តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ​ចេះ​តែ​បន្ត​ទុក​ពីរ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​ខែ​ទៅ​មួយ​ខែ អាការ​ដៃជើង​របស់​គាត់​ចេះ​តែ​ចម្លែក ដោយ​មាន​អាការ​ស្ពឹក និង​មិន​មានការ​ឈឺចាប់​នោះ​ទេ ទោះបីជា​មានការ​មុត​វត្ថុ​រឹង​ស្រួច​អ្វី​ក៏​ដោយ ហើយ​សភាព​ដៃជើង​ចេះ​តែ​មានការ​ទាញ​ទៅ​ជា​ខ្វេរ ខ្វង់​រហូត​ដល់​មាន​ថ្ងៃមួយ​ក្រុមការងារ​ជំងឺឃ្លង់​បាន​ចុះ​ស្រាវជ្រាវ ទើប​រូប​គាត់​បានដឹង​ថា កើត​មាន​ជំងឺឃ្លង់ ។

លោក​អ៊ំ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូប​គាត់​មិន​នឹង​ស្មានថា គាត់​ធ្លាក់ខ្លួន​ពិការ​ដោយសារ​តែ​ជំងឺ​នេះ​ទេ កើតមក​មាន​កាយ​សម្បទាន​គ្រប់គ្រាន់​ដែរ ព្រោះតែ​មានការ​ធ្វេស​ប្រហែស មិន​យកចិត្តទុកដាក់ ទីបំផុត​ធ្លាក់ខ្លួន​ពិការ ហើយ​ពេល​នេះ​គាត់​មាន​របួស​ដៃ​ទៀត ។ ជា​សំណាង​សម្រាប់​ជន​ក្រីក្រ​ដូច​ជា​រូប​គាត់ ដោយ​បាន​មក​ព្យាបាល​នៅ​មជ្ឈ​មណ្ឌល ស្ដារ​លទ្ធភាព​ពលកម្ម​កៀន​ឃ្លាំង​ផ្នែក​ជំងឺ​ហង់​សិន​ដោយ​មិន​មានការ​គិត​ប្រាក់​អ្វី​ទាំងអស់​ទាំង​ការ​ស្នាក់​នៅ ការ​ព្យាបាល ថ្នាំ និង​ការ​ហូប​ចុក តែ​ដើម្បី​កុំ​ឲ្យ​ហួសពេល​លោក​អ៊ំ​សូម​ផ្តាំ​ទៅ​បងប្អូន​កម្ពុជា​ទាំងអស់ បើ​មានការ​សង្ស័យ រោគ​សញ្ញា​មួយ​អ្វីមួយ​គួរតែ​ប្រញាប់​មក​ព្យាបាល កុំ​បណ្តោយ​ទុក​យូរ​រហូត​ដល់​ហួសពេល​កើតក្តី​វិបត្តិ​ដូច​រូប​គាត់។

ដោយឡែក​អ៊ំ​ប្រុស​ម្នាក់​ទៀត អាយុ​ជិត​៦០​ឆ្នាំ មក​ពី​ខេត្តមណ្ឌលគិរី បាន​មក​ព្យាបាល​នៅ​មជ្ឈមណ្ឌល ស្ដារ​លទ្ធភាព​ពលកម្ម​កៀន​ឃ្លាំង​ផ្នែក​ជំងឺ​ហង់​សិន ក៏​បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​កើត​មាន​ជំងឺ​នេះ​តាំងពី​ឆ្នាំ​១៩៨៥​មក​ម៉្លេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដៃជើង​របស់​លោក​ចាប់​ផ្តើ​ស្ពឹក​លែង​មាន​អារម្មណ៍​ឈឺចាប់ ទោះជា​មុត​ឬ​ប៉ះ​វត្ថុ​រឹង ស្រួច​អ្វី​ក៏​ដោយ ។ ដោយសារ​តែ​ជីវភាព គាត់​គិតតែ​ពី​ខំប្រឹង​ធ្វើស្រែ​ចំការ​មិន​ដែល​ខ្វល់​អំពី​ជំងឺ​របស់​ខ្លួន​ឡើយ ទីបំផុត​គាត់​ក៏​បាន​ធ្លាក់ខ្លួន​ពិការ រហូត​ដល់​សូ​ម្បី​តែ​ម្រាមជើង និង​ម្រាមដៃ​ក៏​គ្មាន​ដែរ ។ បច្ចុប្បន្ន​គាត់​បាន​មក​ស្នាក់​នៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ស្ដារ​អស់​រយៈពេល​ពីរ​ខែ​ហើយ ។

សូម​បញ្ជាក់​ថា ជំងឺឃ្លង់​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ពិសេស​អ្នក​ដែល​រស់នៅ​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំងឺ​(​សមាជិកគ្រួសារ​) តាម​រយៈផ្លូវ​ដង្ហើម និង​ស្បែក​ដែល​ដាច់​ចេញ​ទឹករងៃ​។ ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា មាន​ស្លាកស្នាម​ជា​បន្ទះ​លើ​ស្បែក ឬ​ដុំ​ពក ហើយ​មាន​អាការ​ស្ពឹក​នៅ​លើ​ស្នាម​ទាំងនោះ ៕