ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​នៃ​ពិធីកាត់សក់​បង្កក់ឆ្មប​របស់​អ្នក​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រោយ​ពេល​សម្រាលកូន​មួយ ឬ​ពី​រស​ប្តា​ហ៍ អ្នកស្រុក​អង្គរ​តែងតែ​រៀបចំ​ពិធី​មួយ​សម្រាប់​ទារក​ដែល​ទើប​កើត ។ ពិធី​នោះ គឺ​ពិធីកាត់សក់​ទារក ។ ជាមួយ​គ្នា​នឹង​ពិធីកាត់សក់ គេ​នាំ​គ្នា​គោរព​យាយ​ម៉ប និង​

ខេត្តសៀមរាប ៖ ក្រោយ​ពេល​សម្រាលកូន​មួយ ឬ​ពី​រស​ប្តា​ហ៍ អ្នកស្រុក​អង្គរ​តែងតែ​រៀបចំ​ពិធី​មួយ​សម្រាប់​ទារក​ដែល​ទើប​កើត ។ ពិធី​នោះ គឺ​ពិធីកាត់សក់​ទារក ។ ជាមួយ​គ្នា​នឹង​ពិធីកាត់សក់ គេ​នាំ​គ្នា​គោរព​យាយ​ម៉ប និង​ជូន​វត្ថុ​របស់​ផ្សេង​ៗ ចំពោះ​រូប​គាត់​តាម​លទ្ធភាព​ក្នុង​ន័យ​សម្តែង​នូវ​ការ​អរគុណ និង​ខ​មា​ល​ទោស​ចំពោះ​រូប​គាត់​ដែល​បាន​ជួយ​ខ្វល់​ក្នុង​ការ​សម្រាលកូន​កន្លង​មក ។ ពិធី​នេះ​គេ​ហៅ​ជាប់​គ្នា​ថា «​កាត់សក់​បង្កក់ឆ្មប​» ។

តាម ចាស់​ៗ​ដែល​បាន​ចូលរួម​ពិធី​ពន្យល់​ថា ការ​កាត់សក់​ទារក ទោះជា​កាត់​មែនទែន​ក្តី កាត់​បន្តិច​ជា​ឧបកិច្ច​ក្តី គឺ​ក្នុង​ន័យ​កាត់សក់​ព្រៃ​ចេញ ដើម្បី​ឲ្យ​ដុះ​សក់​ស្រុក​មក​វិញ​។ គេ​មិន​ត្រឹម​កាត់​តែ​សក់​ទេ គេ​មាន​ទាំង​ពិធី​ឈូស​មាត់ ដាប់​ធ្មេញ​ជាដើម​ថែម​ទៀត ដែល​ក្នុង​ន័យ​ឲ្យ អ្វី​ៗ​គ្រប់យ៉ាង​ទៅ​ជា​ស្រុក​មិនមែន​ព្រៃ ។ តាម​វិធី​នេះ​ហើយ​ដែល​គេ​សន្មត​ថា ទារក​នោះ​នឹង​ជា​មនុស្ស​ក្នុង​សង្គម​ដូច​គេ​ដូច​អ្នក​ផ្សេង​ទៀត ពោល​គឺ​មិនមែន​ជា​មនុស្ស​ព្រៃ ។

ចំណែក​ពិធី​បង្កក់ឆ្មប​វិញ ជា​ពិធី​ដឹងគុណ​របស់​ឪពុក​ម្តាយ និង​សាច់ញាតិ​របស់​ទារក​ចំពោះ​យាយ​ម៉ប ដែល​បាន​កាន់​ឈាម​កាន់​ជ័រ​ទារក​ក្នុង​ពេល​ប្រសូត​មក ប្រឡាក់ប្រឡូស​ដោយ​វត្ថុ​មិន​ស្អាត​ផ្សេង​ៗ ។ បច្ចុប្បន្ន​បើ​ទោះជា​គេ​ទៅ​សម្រាលកូន​នៅ​តាម​មន្ទីរពេទ្យ​ក៏​ដោយ អ្នក​អង្គរ​នៅ​រក្សា​ទំនៀម​នេះ ដោយ​អញ្ជើញ​ស្ត្រី​ដែល​ធ្លាប់​ជា​យាយ​ម៉ប​ពី​ដើម​មក​បំពេញ​កិច្ច ។ គេ​រៀបចំ​ស្រូវ និង​គ្រឿង​បរិក្ខារ ផ្សេង​ៗ​ជា​កំណល់​ជម​ជូន​គាត់ ដូច​ជា​គាត់​បាន​ជួយ​បង្កើតកូន​ពិត​ៗ​ដែរ ។

លោកយាយ​ខៀង នៅ​ភូមិ​ទក្សិណ​ខាងត្បូង​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​យាយ​ម៉ប​ក្នុង​ពិធីកាត់សក់​បង្កក់ឆ្មប​នៅ​ភូមិ​ក្រវាន់​បញ្ជាក់​ថា លោកយាយ​ធ្លាប់​ធ្វើ​ឆ្មប​កាន់​ពោះ​ឲ្យ​គេ​តាំងពី​យូរ​មក​ហើយ ។ សព្វថ្ងៃ​ទោះជា​លោកយាយ​មិន​បាន​ទៅ​ជួយ​សម្រាល​គេ​យ៉ាងណា តែ​អ្នកស្រុក​នៅ​តែ​រក្សា​ទំនៀម​ធ្វើ​ពិធី​ដូច​ពី​ដើម​ដដែល​។ លោកយាយ​បញ្ជាក់​ថា «​ពី​ដើម​បើ​យើង​ទៅ​ជួយ​សម្រាល​គេ​អីុចឹ​ង គេ​ត្រូវ​តែ​រៀបចំ​ជម​ជូន​យើង​វិញ បើ​មិន​អីុ​ចឹ​ង​គ្រូ​យើង​នឹង​ធ្វើបាប​យើង ដោយ​បណ្តាល​ឲ្យ​យើង​ជា​ឈឺ​នេះ​ឈឺ​នោះ​មិន​ឈប់ ទាល់តែ​គេ​ធ្វើ​ពិធីកាត់សក់​បង្កក់ឆ្មប​ទើប​បានជា ។ ចាស់​ៗ​ពី​ដើម​ជឿ​ថា បើ​ឪពុក​ម្តាយ​ទារក​មិន​ធ្វើ​ជូន​យាយ​ម៉ប​ទេ ទារក​នោះ​នឹង​ទូល​កន្ទប​យាយ​ម៉ប​រហូត ។ ឥឡូវនេះ​គេ​ទៅ​ឆ្លងទន្លេ​នៅ​ពេទ្យ​អីុ​ចឹ​ង ខ្លះ​គេ​ធ្វើ ខ្លះ​គេ​មិន​ធ្វើ តែ​ភាគច្រើន​គេ​នៅ​តែ​ធ្វើ​តាម​ទំនៀម​» ។

ក្រៅពី​កាត់សក់​ទារក និង​បង្កក់​ជូន​យាយ​ម៉ប ពិធី​នេះ​ក៏​ជា​ពិធី​ប្រកាស​សុំ​ឲ្យ​ដូនតា​ចាស់ទុំ​ក្នុងភូមិ​ស្រុក​ជួយ​ទទួលស្គាល់​សមាជិក​ថ្មី​ក្នុង​គ្រួសារ​គឺ​ទារក​ដែល​ទើបនឹង​កើត​ដែរ ។ ដូច្នេះ​ហើយ​ទើប​មុន​នឹង​រៀបចំ​ពិធីកាត់សក់​ទារក និង​បង្កក់ឆ្មប អាចារ្យ​សូត្រ​ប្រកាស​សែនដូនតា​មួយ​លើក ជា​ពីរ​លើក​រហូត​បី​លើក​ឲ្យ​មក​សេពសោយ​សំណែន និង​សុំ​ឲ្យ​ដូនតា​ជួយ​រក្សា​ទារក​ដែល​ទើប​កើត​ឲ្យ​ក្តី​សុខ​សប្បាយ​ព្រមទាំង​គ្រួសារ​ទាំងមូល​ផង ។

នេះ​ជា​ប្រពៃណី​មួយ​ក្នុង​ចំណោម​ប្រពៃណី​ជា​ច្រើន​ទៀត ដែល​អ្នក​អង្គរ​បាន​រក្សា​ទុក​យ៉ាង​ល្អ ដែល​បង្ហាញ​ថា តំបន់​អង្គរ​ជា​ឃ្លាំង​ផ្ទុក​នូវ​មរតក​ដូនតា​ខ្មែរ​យ៉ាង​សម្បូរ​បែប ធ្វើ​ឲ្យ​អង្គរ​មានឈ្មោះ​ថា​ជា​សម្បត្តិ​បេតិកភណ្ឌ​មានជីវិត​ជា​រៀង​រហូត ៕