ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លំនៅ​ឃុំ​ទ្រាន​រង​ការ​ខូចខាត​ដោយសារ​មាន​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្លូវលំ​ដែល​អង្គការ​ទ្រី​ប​បាន​ធ្វើ​ឆ្លងកាត់​តាម​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម នា​ពេល​កន្លង​មក​កំពុង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​មាន​ …

ខេត្តកំពង់ចាម ៖ ផ្លូវលំ​ដែល​អង្គការ​ទ្រី​ប​បាន​ធ្វើ​ឆ្លងកាត់​តាម​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម នា​ពេល​កន្លង​មក​កំពុង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​មាន​រណ្តៅ​តូច​ធំ ព្រោះតែ​មាន​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់​ទៅ​ទៅ​មក ហើយ​តាម​មន្ត្រី​ជំនាញ​បាន​ពន្យល់​ថា ផ្លូវលំ​នេះ​គឺ​មិន​អាច​ឲ្យ​មាន​រថយន្ត​បើក​ឆ្លងកាត់​នោះ​ទេ ត្រូវ​តែ​ទប់ស្កាត់ ។

ស្ត្រី​ឈ្មោះ សាន្ត ហេ​ន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​គ្រាល​លើ ឃុំ​ទ្រាន បាន​ប្រាប់​ឲ្យ​ថា ផ្លូវលំ​ដែល​បាន​ធ្វើ​កាត់​តាម​មុខ​ផ្ទះ​របស់​គាត់​កាលពី​ដំបូង​ៗ​គឺ​រលោង និង​ស្រួល​ជិះ​កង់ ម៉ូតូ ហើយ​ថែម​ទាំង​មាន​បង្គោល​ដាក់​សងខាង​ផ្លូវ ដើម្បី​ការពារ​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ទៀត ហើយ​ផ្លូវ​បាន​នៅ​ល្អជា​ច្រើន​ឆ្នាំ អ្នក​ភូមិ​សប្បាយចិត្ត ។ ប៉ុន្តែ​មក​ដល់​រដូវវស្សា​ឆ្នាំ​២០១៦​កន្លង​ទៅ មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក​បន្តបន្ទាប់​ជា​ច្រើន​មេ បាន​ធ្វើ​ឲ្យ​ផ្លូវត្រង់​មុខ​ផ្ទះ​បាន​មានទឹក​ហូរ​កាត់​ថ្នល់ លុះ​ពេល​ដែល​មាន​រថយន្ត​ធំ​ៗ​បើក​មក​ស្រាប់តែ​ជាប់ផុង​ទៅ​មុខ​មិន​រួច ទម្រាំ​តែ​រើខ្លួន​រួច ជួន​ប្រើ​ពេល​២​ទៅ​៣​ថ្ងៃ​ក៏​មាន ហើយ​ឧស្សាហ៍​ជាប់ផុង​ណាស់ រហូត​មាន​រណ្តៅ​ជ្រៅ​ៗ ។

ស្ត្រី​ឈ្មោះ សាន្ត ហេ​ន ប្រាប់​បន្ត​ថា ក្រោយ​ពី​បែក​ភក់ និង​មាន​រណ្តៅ​ធំ​ៗ ដែល​បង្ក​ផលវិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ ចាស់ទុំ​ក្នុងភូមិ​បាន​ចលនា​បច្ច័យ​តាម​ផ្លូវ​ពី​អ្នក​ភូមិ​ក្នុង​១​គ្រួសារ​២០០០​រៀល និង​ខ្លះ​ទៀត​៣០០០​រៀល រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ និង​រថយន្ត លុះ​ពេល​ដែល​បាន​មក​សម​ល្មម​ក៏​ទៅ​ទិញ​ដី និង​ថ្ម យក​មក​ចាក់​កន្លែង​មាន​រណ្តៅ​នោះ ។ សព្វ​ថ្ងៃនេះ​កន្លែង​ដែល​ចាក់​ដី និង​ថ្ម​កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ទៅ​វិញ​ស្ទើរតែ​ទាំង​អស់ហើយ ព្រោះថា​មាន​រថយន្ត​ធំ​ៗ​តែងតែ​បើក​ឆ្លងកាត់​ឡើង​ញ័រ​រញ្ជួយ​ផ្លូវ​តែ​ម្តង ។

ស្ត្រី​ឈ្មោះ ឈី​ម ស្រូ​យ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​ស្ត្រី​ខាងលើ ប្រាប់​ឲ្យ​ដឹង​ថា មាន​ពេល​មួយ​នោះ​មិនដឹង​ជា​រថយន្ត​របស់​អ្នក​ណា​ទេ បាន​បើក​កាត់​តាម​ផ្លូវ​មុខ​ផ្ទះ មក​កិន​ទុយោ​ទឹក​របស់​គាត់​ឡើង​បែក​ខ្ទេច ធ្លាយ​ហូរ​ទឹក ដោយ​មិន​ខ្ចី​ចុះ​មក​មើល​ផង គឺ​បើក​ទៅ​បាត់​តែ​ម្តង ។ រាល់​ថ្ងៃនេះ​ផ្លូវ​បាន​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង មាន​រណ្តៅ​តូច​ធំ ក្រហេងក្រហូង ។ ជាមួយ​គ្នា​នោះ​ដែរ គាត់​សូម​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​ជួសជុល​ផ្លូវ​ក្នុងភូមិ​របស់​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក អ៊ឹ​ង វិសុទ្ធ ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​សំណើ​មក​ដាក់​ជូន​រូប​លោក​ដែរ តែ​សំណើ​នោះ​បាន​សរសេរ​ខុស និង​សូម​ឲ្យ​យក​ទៅ​ធ្វើ​ម្តងទៀត រហូត​មក​ដល់​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​មិន​ទាន់​ឃើញ​យក​សំណើ​មក​ម្តងទៀត​នៅឡើយ​ទេ ។ ប្រសិនបើ​ទទួល​បានការ​ស្នើ​សុំ​នោះ ហើយ​រូប​លោក​នឹង​បញ្ជូន​ទៅ​ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ ដើម្បី​ឲ្យ​មន្ត្រី​ចុះ​មក​សិក្សា និង​វាយតម្លៃ បន្ទាប់​មក​នឹង​ជួសជុល​ឡើង​វិញ​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ តាម​ទម្លាប់​ផ្លូវលំ​គឺ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​នោះ​ទេ ពោល​គឺ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទទួល​រង​កិច្ចការ​ទាំងនោះ ៕