មតិមហាជនជាច្រើននៅលើបណ្តាញសង្គមបានស្នើឱ្យអាជ្ញាធរ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយកែអក្ខរាវិរុទ្ធដែលសរសេរនៅលើផ្លាកសម្គាល់នានាតាមដងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផង ព្រោះឃើញមានកំហុសឆ្គងខុសអក្សរច្រើន ។

មតិមហាជនបានលើកឡើងថា គេឃើញផ្លាកសំគាល់យ៉ាងធំមួយកន្លែងតាមបណ្តោយផ្លូវល្បឿនលឿនបានសរសេរអក្សរខុស ដោយនៅលើផ្លាកនោះសរសេរថា «កំពង់ស្ពឺកើតំភ្នពេញ» ដែលពាក្យពេញសរសេរថា កំពង់ស្ពឺ ភ្នំពេញ ។

មហាជនបានបន្តទៀតថា ដែលការសរសេរបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងរបស់ជាតិដ៏ផូរផង់របស់ខ្មែរយើងព្រោះថា ផ្លូវល្បឿនលឿននេះ នៅពេលដែលដាក់ឱ្យដំណើរការនឹងមានប្រជាពលរដ្ឋខ្មែរ និងបរទេសជាច្រើនធ្វើដំណើរតាមដងផ្លូវនេះ ។ ដូចនេះ មហាជនបានធ្វើការសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយកែសម្រួលឱ្យបានត្រឹមត្រូវផង ។

ដោយឡែកលោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានបើកសាកល្បងធ្វើដំណើរនៅលើដងផ្លូវនេះ ។

មតិរបស់មហាជននៅលើបណ្តាញសង្គមបានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្ននេះ មនុស្សភាគច្រើនជាពិសេសយុវជនបានសរសេរខុសនូវអក្ខរាវិរុទ្ធ ក៏ដូចជា វេយ្យាករណ៍ខ្មែរច្រើនណាស់ ដែលការសរសេរខុសបែបនេះ មានសឹងតែគ្រប់ទីកន្លែងមិនថាក្នុងសំណេរនៅលើបណ្តាញសង្គម សំណេរប្រចាំថ្ងៃក្នុងសៀវភៅ អត្ថបទចម្រៀង ឬអក្សរដែលមានរត់នៅលើចម្រៀងខារ៉ាអូខេ ឬយីហោអាជីវកម្មនៅតាមទីសាធារណៈនានានោះទេ ។ មតិមហាជនបានចោទជាសំណួរថា តើបញ្ហាកំហុសអក្ខរាវិរុទ្ធទាំងនេះបណ្តាលមកពីមូលហេតុអ្វី?ហើយគួរដោះស្រាយដូចម្ដេច?

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
បច្ចុប្បន្នគម្រោងនេះឈានដល់ដំណាក់កាលបង្កើត គណៈកម្មការសម្រាប់ការដោះស្រាយ ផលប៉ះពាល់ ដែលមានសមាសភាពចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ចែករំលែកព័តមាននេះ