ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​កម្មករ​ខ្មែរ​១០​នាក់​ដែល​ថៃ​ចាប់ខ្លួន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ជួយ​អន្តរាគមន៍

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​ក្រុម​កម្មករ​ខ្មែរ​១០​នាក់​ពី​បទ​លួច​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នៅ​ក្នុងស្រុក​សំពៅ​លូន​កាលពី​ …

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​ក្រុម​កម្មករ​ខ្មែរ​១០​នាក់​ពី​បទ​លួច​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នៅ​ក្នុងស្រុក​សំពៅ​លូន​កាលពី​ជាង​១​ស​ប្ដា​ហ៍​មុន ក្រុម​គ្រួសារ​កម្មករ​ខ្មែរ​ទាំងនោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ និង​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ប្រចាំ​ច្រក​ទ្វារ​តំបន់​«​ភ្នំ​ដី​» ស្រុក​សំពៅ​លូន ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​ក្រុម​កម្មករ​ទាំង​១០​នាក់​នោះ​បាន​វិល​ត្រឡប់​មក​ជួប​ប្រពន្ធ​កូន​វិញ ខណ​:​ពេល​នេះ​ពួក​គេ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ថៃ​នៅឡើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​កម្មករ​ខ្មែរ​ទាំង​១០​នាក់ បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ខ្មែរ​ទាំងនោះ​ត្រូវ​សមត្ថកិច្ច និង​មន្ត្រី​គយ​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ មក​រា ខណ​:​ពួក​គេ​ស៊ី​ឈ្នូ​ល​ដឹក​ជញ្ជូន​ទំនិញរត់ពន្ធ (​ខោអាវ និង​ស្បែកជើង​) ឆ្លង​ដែន​តាម​ច្រករបៀង​លួចលាក់​មួយ​នៅ​ក្នុងស្រុក​សំពៅ​លូន ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​កម្មករ​ទាំងនេះ​បាន​ស៊ី​ឈ្នូ​ល​ជញ្ជូន​ទំនិញ​ខាងលើ​ឲ្យ​ថៅកែ​ស្រី​ម្នាក់​ឈ្មោះ ភ័​ណ្ឌ ហើយ​ត្រូវ​មន្ត្រី​គយ និង​សមត្ថកិច្ច​ថៃ​ចាប់​នាំ​យក​ទៅ​កាន់​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ រហូត​ដល់​ពេល​នេះ​ថៅកែ​ទំនិញ​ឈ្មោះ ភ័​ណ្ឌ នោះ​មិន​បាន​ជួយ​ដោះស្រាយ​ទេ ហើយ​ពួក​គេ​ក៏​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ស្រះ​កែវ ទាំងអស់​គ្នា​ហើយ​ដែរ ។

ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់​នោះ​មាន ១-​ឈ្មោះ ហុង ខុ​ម​, ២-​ឈ្មោះ ជ្រោយ ហឿ​ន​, ៣-​ឈ្មោះ អែម ណូ​, ៤-​ឈ្មោះ អ៊ុំ ធី​ម​, ៥-​ឈ្មោះ នាក់ អាន​, ៦-​ឈ្មោះ ឈឿ​ន ឆេ​ង​, ៧-​ឈ្មោះ ដុ​ង សុខ​, ៨-​ឈ្មោះ គឹ​ម ចាន់​ថន​, ៩-​ឈ្មោះ ប្រាក់ ចិ​ត្រា និង ១០-​ឈ្មោះ ស៊ុំ នី ។

ជុំវិញ​ករណី​នេះ លោក ឈុ​ន លុន ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​តំបន់​«​ភ្នំ​ដី​»​ស្រុក​សំពៅ​លូន បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា នេះ​ថា សមត្ថកិច្ច​ថៃ​ពិតជា​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនូ​ន​១០​នាក់​មែន ។ លោក​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ​ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​នាំ​បាន​លួច​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដែល​មាន​ថៅកែ​ស្រី​ម្នាក់​ឈ្មោះ ភ័​ណ្ឌ ជា​ជនជាតិ​ខ្មែរ តែ​បាន​ប្ដី​ថៃ ។

លោក​ឈុ​ន លុន បាន​ប្រាប់​ថា ទំនិញ​ទាំងនោះ​មាន​ខោអាវ និង​ស្បែកជើង ច្រក​ក្នុង​កា​រ៉ុ​ង​ជាង​៤០​ដុំ ដែល​ថៅកែ​ស្រី​នោះ​ជួល​កម្មករ​ខាងលើ​ឲ្យ​ជញ្ជូន​ឆ្លង​អូរ​តាម​ច្រករបៀង​មួយ​ចូល​ទឹកដី​ថៃ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ស្ទាក់​ចាប់​បាន​ចំនួន​ជាង​១០​ដុំ និង​ជាង​២០​ដុំ​ទៀត​ស្ថិត​នៅ​មាត់​អូរ​ព្រំដែន​ខាង​ដី​ខ្មែរ​នៅឡើយ ។ ប្រធាន​ក្រុម​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ រូប​នេះ​បាន​និយាយ​ថា ក្រោយ​ពេល​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ភ្លាម​ៗ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ឬ​សាច់ញាតិ​មិន​បាន​ប្ដឹង​មក​ក្រុមការងារ​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ទេ ហើយ​ថែម​ទាំង​ជួយ​បិទ​បាំង​ពី​មូលហេតុ និង​លាក់លៀម​ថៅកែ​របស់​ពួក​គេ​ទៀត ដូច្នេះ​ហើយ​ទើប​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​រហូត​មក​ដល់​ពេល​នេះ ។ ប៉ុន្តែ​លោក ឈុ​ន លុន បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ មក​រា សាច់ញាតិ​របស់​ពួក​គេ​បាន​មក​ជួប​មន្ត្រី​របស់​លោក ដើម្បី​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​ពលរដ្ឋ​ទាំង​១០​នាក់​នោះ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់ហើយ ដោយ​អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់​នោះ​ចំនួន​៣​ករណី គឺ ១-​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ២-​ក្លែងបន្លំ​ទំនិញ ឬ​រំលោភ​កម្មសិទ្ធិបញ្ញា និង ៣-​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​ក្រុមការងារ​របស់​លោក​កំពុង​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​ដើម្បី​ជួយ​អន្តរាគមន៍​ហើយ តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន បច្ចុប្បន្ន​នេះ​មាន​ឈ្មួញ​ទុច្ចរិត​ជា​ច្រើន​ដែល​មានការ​សមគំនិត​ជាមួយ​មន្ត្រី​ការងារ​ព្រំដែន និង​មន្ត្រី​គយ​មួយ​ចំនួន​ផង​បាន​លួច​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឆ្លង​ដែន​តាម​ច្រករបៀង​ដោយ​លួចលាក់​ចេញ​-​ចូល​ប្រទេស​ថៃ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា ទំនិញ​ដែល​ឈ្មួញ​ខ្មែរ​លួច​នាំ​ឆ្លង​ដែន​តាម​ច្រករបៀង​ខុសច្បាប់​ចេញ​ទៅ​ថៃ មាន​ដូច​ជា​ខ្ទឹម សម្លៀក​បំពាក់ និង​ស្បែកជើង ។​ល​។ និង ។​ល​។ ប្រភព​ដដែល​បញ្ជាក់​ថា មិនមែន​មាន​តែ​ថៅកែ​ស្រី​ឈ្មោះ ភ័​ណ្ឌ នេះ​ម្នាក់​ទេ ដែល​មានមុខ​របរ​ទុច្ចរិត​លួច​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់ គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះ យក្ស នៅ​ស្រុក​សំពៅ​លូន ក៏​ល្បីល្បាញ​ខាង​លួច​រត់ពន្ធ​ទំនិញ​ដូច​ខាងលើ​នេះ​ដែរ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​។

បើ​តាម​សាក្សី​ថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ យក្ស នេះ​កំពុង​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ចេញ​ទៅ​ថៃ​តាម​ច្រករបៀង​មួយ​កន្លែង​នៅ​ភូមិ​អូរ​ចោត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។ ទំនិញ​ដែល​បុរស​ឈ្មោះ យក្ស នេះ​ឃុំ​ឃិ​ត​ជាមួយ​មន្ត្រី​ព្រំដែន និង​មន្ត្រី​គយ​លួច​នាំ​ចេញ​នៅ​ច្រករបៀង​ខាងលើ គឺ​មាន​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ផលិត​នៅ​ប្រទេស​ចិន និង​វៀតណាម ហើយ​ការ​លួច​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​អូរ​ព្រំដែន​នេះ គឺ​ធ្វើ​ឡើង​នៅ​វេលា​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដើម្បី​លាក់បាំង​ពី​ភ្នែក​មហាជន ៕