ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អាច​ទទួល​អត្ថប្រយោជន៍​ឬ​ហានិភ័យ​ពី​គោលនយោបាយ​របស់​លោក Trump

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​Donald Trump អាច​មាន​លទ្ធផល​វិជ្ជមាន និង​ហានិភ័យ​សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​ថៃ ដែល​ពួក​គេ​គួរតែ​ការពារ​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ការពារ​ខ្លួន

ប្រទេស​ថៃ ៖ គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​Donald Trump អាច​មាន​លទ្ធផល​វិជ្ជមាន និង​ហានិភ័យ​សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​ថៃ ដែល​ពួក​គេ​គួរតែ​ការពារ​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ការពារ​ខ្លួន​ពី​ភាព​មិន​ច្បាស់លាស់​នេះ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ដោយ​ការិយាល័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​ក្រសួងពាណិជ្ជកម្ម ។

លោក Pimchanok Vonkorpon អគ្គនាយក​នៃ​ការិយាល័យ​នេះ​បាន​និយាយ​ថា ការ​បង្ហាញ​វិជ្ជមាន​មួយ​គឺ​ការ​ប្រកាស​យ៉ាង​ច្បាស់​របស់​លោក Trump ដែល​ថា​សហរដ្ឋ​អាមេ​រិក​​នឹង​ចាក​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(TPP ) ដែល​ប្រទេស​ថៃ​មិនមែន​ជា​ហត្ថលេខី​មួយ​ក្នុង​ចំណោម​នោះ ខណៈ​ពេល​ដែល​ការ​ប្រកួតប្រជែង​ការ​នាំ​ចេញ​របស់​ថៃ​អាច​មាន​ភាព​ប្រសើរ​ឡើង ប្រសិនបើ​ប្រាក់​យន់​ចិន​មាន​ភាពរឹងមាំ​ខ្លាំង​ឡើង ។

លោក Pimchanok បានឱ្យ​ដឹង​ថា​៖«​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី​របស់​អា​មេ​រិ​ក​គឺ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា បើ​យោង​តាម​ការ​វិភាគ​បឋម គោលនយោបាយ​ថ្មី​ទាំង​ពីរ​របស់​លោក Trump នឹង​អាច​មាន​អត្ថប្រយោជន៍ និង​បញ្ហា​ប្រឈម​សម្រាប់​ពាណិជ្ជកម្ម​ថៃ ។ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​លទ្ធផល​ដែល​មិន​អាច​រំពឹង​ទុក​បាន ក្រុមហ៊ុននាំចេញ​របស់​ថៃ​គួរតែ​ការពារ​ខ្លួន​ពី​ការ​ខាត​ដើម្បី​ធានា​សុវត្ថិភាព​ប្រាក់​ចំណូល​របស់​ពួក​គេ » ។

ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​វិធានការ​ពាណិជ្ជកម្ម​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន វា​នឹង​ដាក់​សម្ពាធ​ប្រាក់​យន់​ឲ្យ​ឡើងថ្លៃ ហើយ​វា​អាច​បង្កើន​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​របស់​ថៃ ។
លើស​ពី​នេះ​ទៀត ការ​វិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​អាច​នឹង​ហូរ​ចូល​ទៅ​ក្នុង​តំបន់​អាស៊ាន​យ៉ាងច្រើន ក្នុង​នោះ​រួម​មាន​ប្រទេស​ថៃ​ផង​ដែរ ដោយសារ​ប្រទេស​ចិន​នឹង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ខ្លួន បន្ទាប់​ពី​ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ពាណិជ្ជកម្ម​នៅ​សហរដ្ឋអាមេរិក ។

លើស​ពី​នេះ ប្រសិនបើ​លោក Trump ពិតជា​ធ្វើ​តាម​ការ​សន្យា​ក្នុង​ការ​ជំរុញ​ការ​ចំណាយ​ក្នុងស្រុក​មែន វា​គួរតែ​ហុច​លទ្ធផល​នៅ​ក្នុង​តម្រូវការ​នាំ​ចូល​បន្ថែម​ទៀត ហើយ​វា​អាច​ជា​ប្រយោជន៍​ដល់​ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា ខណៈ​ពេល​ដែល​អា​មេ​រិ​ក​មិន​ទាន់​ប្រកាស​ពី​វិធានការ និង​គោលនយោបាយ​ថ្មី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​នោះ វា​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាស​កល​។ លើស​ពី​នេះ​ទៀត ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​ខ្ពស់​ជាង​មុន​ដើម្បី​ប្រឆាំង​នឹង​ការ​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​អាច​ប៉ះពាល់​ដល់​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ដោយសារ​អា​មេ​រិ​ក​នឹង​បង្កើន​ពន្ធ​នាំ​ចូល​គ្រប់​ប្រទេស​ទាំងអស់​ជា​ជាង​ការ​ជ្រើសរើស​យក​តែ​ប្រទេស​ចិន ។ បើ​មិន​ដូច្នោះ​ទេ អា​មេ​រិ​ក​អាច​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​សម្រាប់​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ ។

ចំពោះ​សេណា​រី​យ៉ូ​មួយ​នេះ ផលិតផល​របស់​ថៃ​អាច​ប្រឈម​មុខ​នឹង​ការ​យកពន្ធ​នាំ​ចូល​ខ្ពស់​ផង​ដែរ ដោយសារ​ផលិតផល​នាំ​ចេញ​របស់​ប្រទេស​នេះ​ទៅ​កាន់​អា​មេ​រិ​ក​គឺ​ស្រ​ដៀង​ទៅ​នឹង​ទំនិញ​របស់​ចិន​ដែរ ។ ទំនិញ​ទាំងនោះ​រួម​មាន​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​ជាដើម ។

លោក Pimchanok បាន​និយាយ​ថា ខណៈ​ពេល​ដែល​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​បាន​បណ្តាក់ទុន​នៅ​ក្នុង​វិស័យ​ពិតប្រាកដ ឬ​នៅ​ក្នុង​ការ​ផលិត ពួក​គេ​មិន​គួរ​ដកខ្លួន​ភ្លាម​ៗ​ពី​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​នោះ​ទេ ។ ទោះជា​យ៉ាងណា វា​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​ការ​ដាក់ទោស​ដែល​ពួក​គេ​នឹង​ប្រឈម​មុខ​ចំពោះ​ការ​បដិសេធ​មិន​នាំ​ការ​វិនិយោគ​របស់​ពួក​គេ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ៕