លោកពេជ្រ មូន យុវជនក្រីក្រខ្មែរ ដែលបានបានសិក្សានៅសាលាបណ្ឌិតយោធាសហរដ្ឋអាមេរិក នៅមិនទាន់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញទេ ក្រោយពីលោកបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រ កាលពីពេលថ្មីៗនេះ ដោយសារលោកបានជាប់អាហារូបករណ៍សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅលើទឹកដីអាមេរិកបន្តទៀត។

យុវជខ្មែររូបនេះ បាននិយាយថា មានពលរដ្ឋជាច្រើនបានសួរនាំលោកថា នៅពេលណាទើបលោកវិលមកកម្ពុជា ដើម្បីយកចំណេះដឹងមកជួយបម្រើប្រទេសជាតិវិញ ។
លោកពេជ្រ មូន បានឆ្លើយសំណួរនោះថា ជាការពិតទឹកចិត្តរបស់លោក ចង់វិលមកស្រុកកំណើតវិញឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន ប៉ុន្តែនៅពេលនេះលោកយល់ថា ទោះបីជាវិលមកកម្ពុជាវិញក៏នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គមជាតិឲ្យបានច្រើនដែរ ។ «ចំណេះដឹង និងបទពិសោធន៍ការងាររបស់ខ្ញុំក៏តិច ដូច្នេះមានតែការស្វះស្វែងរកចំណេះ និងបទពិសោធន៍ដាក់ខ្លួនសិន» ។ នេះជាការបញ្ជាក់របស់ពេជ្រ មូន ។

លោក ពេជ្រ មូន បានទទួលសញ្ញាបត្របណ្ឌិតយោធាអាមេរិក កាលចុងខែឧសភា កន្លងមកនេះ ពីដៃលោក លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដោយផ្ទាល់ ។ ការទទួលបានសញ្ញាបត្របណ្ឌិតយោធារបស់កូនកសិកររូបនេះ ជារឿងគួរឲ្យកោតសរសើរពីព្រោះ មានមនុស្សមិនច្រើនទេ ដែលអាចធ្វើបែបនេះបាន ។
ការទទួលបានចេញទៅសិក្សានៅអាមេរិករបស់កូនកសិករក្រីក្ររូបនេះ ក៏ជាគំរូមួយក្នុងការដាស់តឿនរំលឹកដល់យុវជនផ្សេងៗទៀតកុំឲ្យបាក់ទឹកចិត្ត ឬអស់សង្ឃឹមដោយសារជីវភាពក្រីក្រ ។ ការព្យាយាម ការតស៊ូ និងការតម្លៃលើចំណេះវិជ្ជា គ្រប់គ្នាអាចសម្រេចក្តីសុបិនបាន ។

លោកពេជ្រ មួន ជាកូនចៅកសិករក្រីក្រ នៅខេត្តកំពង់ឆ្នាំង ដែលរស់ធំធាត់ក្រោមការបីបាច់បីបាច់របស់ជីដូន ។ ជីដូនរបស់លោកបានមានវត្តមាននៅក្នុងថ្ងៃលោកទទួលសញ្ញាបត្របណ្ឌិតយោធានៅសហរដ្ឋអាមេរិកនោះដែរ ។ នៅក្នុងថ្ងៃពិសេសនោះ ជីដូនបានជូនអំណោយពិសេសដល់លោក គឺចង្វាយខ្សែចងគោ ជាការរំលឹកអនុស្សាវរីយ៍ ដែលកាលពីកុមារភាពលោក ពេជ្រ មួន តែងតែស្ពាយចង្វាយខ្សែគោនោះ នៅពេលទៅឃ្វាលគោម្តងៗ ។ ពីទឹកដីសហរដ្ឋអាមេរិក អតីតក្មេងឃ្វាលគោរូបនេះនិយាយថា នៅពេលនេះ លោកមានអារម្មណ៍ថា ខ្លួនបានជំពាក់គុណទឹកដី និងពលរដ្ឋខ្មែរច្រើនណាស់ ។ ដូច្នេះថ្ងៃណាមួយនឹងបានវិលមកសងគុណប្រទេសជាតិវិញ ។ «ខ្ញុំបានជំពាក់គុណទឹកដីកម្ពុជាដែលបានផ្តល់កំណើតផ្តល់អាហារត្រីសាច់ចិញ្ចឹមរូបខ្ញុំ ។ ខ្ញុំជំពាក់អ៊ំ ពូមីង លោកគ្រូ អ្នកគ្រូ អ្នកភូមិខ្ញុំ មិត្តភក្តិខ្ញុំ ដែលផ្តល់សម្លៀកបំពាក់ផ្តល់ចំណី និងផ្តល់គំនិតដល់រូបខ្ញុំ ទើបខ្ញុំមានថ្ងៃនេះ» ។

ពេជ្រ មូន អះអាងថា ខ្លួនមិនខុសពីយុវជនផ្សេងទៀត ដែលបានសិក្សានៅក្រៅ ឬនៅក្នុងប្រទេសនោះទេ តែងតែចង់ចង់ចំណេះដឹងរបស់ខ្លួនមកបម្រើប្រទេសជាតិរបស់ខ្លួន ។ ហើយរូបលោកសង្ឃឹមថានៅថ្ងៃណាមួយនឹងបានចូលរួមជាយុវជននៅកម្ពុជា ដើម្បីតបស្នងសងគុណប្រទេសជាតិវិញ ៕





ចែករំលែកព័តមាននេះ