ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានពេទ្យ នៅស្វាយរៀង ដឹកក្មេងអ្នកជំងឺ មក​ភ្នំពេញ យក ១៨០ដុល្លារ ពេលដឹកសពទៅវិញ យក ១២០ដុល្លារទៀត​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ក្មេងស្រី អាយុ ៧ឆ្នាំ នៅខេត្តស្វាយរៀង ត្រូវបាន​ឱម៉ាល់ទិច ១០០មេ ស្លា.ប់ ពេលយកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។…

ខេត្តស្វាយរៀង៖ ក្មេងស្រី អាយុ ៧ឆ្នាំ នៅខេត្តស្វាយរៀង ត្រូវបាន​ឱម៉ាល់ទិច ១០០មេ ស្លា.ប់ ពេលយកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ចោទថា គ្រូពេទ្យ​ក្រុង​ស្វាយរៀង មិនព្រមបញ្ជូន ទើបកូនគាត់ស្លា.ប់ ហើយឡានពេទ្យ​ ដឹកក្មេងស្រីរងគ្រោះ ពីស្វាយរៀង មកភ្នំពេញ យក ១៨០ដុល្លារ ហើយពេលកូនស្លា.ប់ ដឹកសពទៅផ្ទះវិញ យកថ្លៃ ១២០ដុល្លារទៀត​។  

ក្មេង​ស្រីរងគ្រោះ អាយុ ០៧ឆ្នាំ បានជិះកង់ ទៅតាមតាឃ្វាលគោ ក៏ត្រូវ​ខ្យល់ផ្តាច់សំបុកឱម៉ាល់ ធ្លាក់ពីលើដើមត្នោត ចំពីមុខកង់ ឱម៉ាល់ហើរចេញពីសំបុកព្រួតទិចនាង ប្រមាណ ១០០មេ ធ្វើឱ្យ​ក្មេងស្រីភ័យ ផ្តួលកង់ចោល រួចរត់ស្រែកហៅតាឱ្យជួយ ជាអកុសល នាង​បានស្លា.ប់ពេលបញ្ជូន​ដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ហើយក្រុមគ្រួសារកុមារីរងគ្រោះ ចោទថា ក្រុមគ្រូពេទ្យ​ខេត្តស្វាយរៀង គ្មានលទ្ធភាព មិនព្រមបញ្ជូនកូនរបស់គាត់​ទៅ​ភ្នំពេញ ទុកពន្យារពេលជាច្រើន​ម៉ោង រហូតកូនរបស់គាត់ ហួសពេល ស្លា.ប់នៅលើឡានពេទ្យ។

ករណីឱម៉ាល់​ទិច​ក្មេងស្រីនោះ បានកើតឡើង នៅវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២២ នៅចំណុចភ្លឺបឹងតាបែន ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយពីផ្ទះ ២០០ម៉ែត្រ។

ស្ត្រីឈ្មោះ ហ៊ូ ស៊ីណា អាយុ ៣៦ឆ្នាំ ត្រូវជាម្តាយក្មេងស្រី​រងគ្រោះ និង​ឳពុកឈ្មោះ ខៀវ ថេន អាយុ ៣៥ឆ្នាំនៅភូមិកើតហេតុខាងលើ បានឱ្យ​ដឹងថា មុនពេលកើតហេតុ កូនស្រីឈ្មោះ ភឿន ចន្ថា អាយុ ៧ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ២ធ្នូ បានជិះកង់ទៅលេងនៅវាលស្រែ ទៅតាម​ជីតា ទៅឃ្វាលគោ នៅមាត់បឹងតាបែន ខណៈដែលកំពុងជិះកង់ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់​យ៉ាងខ្លាំងបោកបក់ បណ្តាលឲ្យដាច់ធ្លាក់សំបុកឱម៉ាល់ពីលើចុងត្នោត ធ្លាក់មកដីទាំងសំបុក ប៉ុន​ល្អី​គ្រាង ចំពីមុខកង់ជនរងគ្រោះ ខណៈនោះស្រាប់តែសត្វឱម៉ាល់ ហើរ​ចេញពីសំបុក មកព្រួតអុចទិច​លើខ្លួនប្រាណ សុះខ្លួន ប្រមាណ ១០០មេ។ នាងក៏ផ្តួល​កង់ រួចរត់ចេញ ហើយស្រែកហៅតាឱ្យ​ជួយ។ លោកតា ក៏រត់ទៅជួយ ចម្ងាយពីសំបុកឱម៉ាល់ប្រមាណជា ៥០ម៉ែត្រ។ សត្វឱម៉ាល់ ក៏លែង​ដេញ បានហើរទៅសំបុកវិញ។

ប្រភពបន្តថា ពេលនោះ ក្មេងស្រីរងគ្រោះ ឈឺចុកចាប់យ៉ាងខ្លាំង ក៏ប៉ុន្តែមានស្មារតីរឹងមាំ ជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯង ហើយបានឱ្យ​ឳពុកម្តាយ ដឹកនាងតាមម៉ូតូ ទៅមន្ទីរ​ពេទ្យ​ខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

ប្រភព​បន្តទៀតថា ពេលទៅដល់មន្ទីរពេទ្យខេត្ត គឺនៅវេលាម៉ោង ៥ និង០០នាទីល្ងាច ក្រុមគ្រូពេទ្យ​ទៅធ្វើតេស្ត​កូវីដ១៩ លទ្ធផលអវិជ្ជមាន ទើបពេទ្យឱ្យ​ឳពុកបីកូន ទៅអាគារកុមារ រួចបន្តោង​សេរ៉ូមមួយកំផ្លោក និងចាក់ថ្នាំ ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោ ៧ និង ៣០នាទីយប់ មានលោក​គ្រូពេទ្យម្នាក់ មកមើល ហើយនិយាយថា កូននេះ ធ្ងន់ហើយ បើមានលទ្ធភាពបញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ​ទៅ ហើយក៏ទៅបាត់។

ក្រោយមកមានគ្រូពេទ្យក្មេងៗ ២នាក់ មកមើល គាត់​និយាយថា «បើគ្មានលទ្ធភាពព្យាបាល​កូន​ខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ» ខណៈនោះ គ្រូពេទ្យសុំទុកតាមដានរយៈពេល ១ម៉ោងទៀតសិន មិនអីទេ ចាំឲ្យកូននោមសិន ក្រែងធូ។ ក៏ប៉ុន្តែកូនស្រីគាត់ កាន់តែឈឺចុកចាប់ពេញខ្លួនប្រាណ​ខ្លាំងឡើងៗ រហូតម៉ោង ៨ និង១០នាទីយប់ ទើបបញ្ជូន ហើយបានហៅរថយន្តសាមុយឯកជន ឲ្យមកដឹក។ ម្ចាស់រថយន្តយកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផា នៅ​ភ្នំពេញ ដោយរថយន្តសាមុយឯកជននោះ ចាស់ បើកយឺត រហូតដល់ម៉ោង ១០ និង៣០ យប់ ទើបដល់​មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។ ពេលគ្រូពេទ្យ លើកយកកូនចុះពីរថយន្ត ក៏​នាង​បានដាច់ខ្យល់​ស្លា.ប់តែម្តង។

ម្តាយក្មេងស្រីរងគ្រោះ បាន​និយាយទាំងអួលដើម​ក​ថា អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត​ឱ្យ​គ្រូពេទ្យជួយ និយាយរហូតដល់នាង​ដាច់ខ្យល់ស្លា.ប់។ អ្វីដែលកាន់តែហួសចិត្តនោះ រថយន្ត​សាមុយ ដែលដឹកកូនគាត់​ទៅយក ១៨០ដុល្លារ ហើយពេលស្លា.​ប់​ដឹកត្រឡប់មកវិញ យកថ្លៃដឹក​សព ១២០ដុល្លារទៀត។

​ម្តាយ និងឪពុកក្មេងស្រីរងគ្រោះ​ បានសំណូមពរដល់​លោកប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តម​​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង មេត្តា ចុះអធិការកិច្ច​លើបញ្ហាគ្រូពេទ្យ មិនសូវយកចិត្តទុកដាក់ផ្តល់សេវា ថែទាំព្យាបាលអ្នកជំងឺ​ ដែលត្រូវសង្គ្រោះ​បន្ទាន់ ជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យរដ្ឋ សូមឱ្យ​ក្រុមគ្រូពេទ្យ ទទួលខុសត្រូវ​ចៀសវាងគ្រោះថ្នាក់ដល់ជនរងគ្រោះផ្សេងទៀត ជាពិសេសឡានពេទ្យ យកថ្លៃពេក។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានមន្ទីរពេទ្យ ខេត្តស្វាយរៀង បានទេ រហូតដល់ម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ