ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍ពិសេស អ.ស.ប ទៅមើល​សកម្មភាព​ប្រមូល​ផ្តុំតវ៉ារបស់ក្រុមអតីត​បុគ្គលិក ណាហ្គា វើលដ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ នៅរសៀល​​ថ្ងៃ​ទី​១៧ ខែ​​សីហា ឆ្នាំ​២០២២ ម៉ោង ១៤: ២០នាទី នៅក្បែរផ្សារទំនើបអ៊ីអន​១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់…

​ភ្នំពេញ៖ នៅរសៀល​​ថ្ងៃ​ទី​១៧ ខែ​​សីហា ឆ្នាំ​២០២២ ម៉ោង ១៤: ២០នាទី នៅក្បែរផ្សារទំនើបអ៊ីអន​១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ក្រុម​អតីត​បុគ្គលិក ណាហ្គា វើល​ដ៍​ប្រមាណជាង ១០០​នាក់ ប្រមូលផ្ដុំ​ធ្វើ​ដំណើរ​ដោយថ្មើរជើង ទៅធ្វើកូដកម្ម នៅមុខក្រុមហ៊ុន​ណាហ្គាវើលដ៍។ នៅ​ម៉ោង ១៤:៣៥នាទី សមត្ថកិច្ចបានទប់ស្កាត់ពួកគាត់ នៅចំណុចច្រមុះជ្រូក (អតីតប៊ុលឌីង) ផ្លូវសុធារស ក្នុង​សង្កាត់ទន្លេបាសាក់។ នៅ​ម៉ោង ១៤:​៤០នាទី ក្រុមកូដករ បានទម្លុះបារ៉ាស់ បន្តដំណើរ ទៅ​ប្រមូលផ្ដុំតវ៉ា នៅ​មុខ​ក្រុមហ៊ុនណាហ្គា​ វើលដ៍ ១។

ក្រុមកូដករ បានប្រមូលផ្ដុំឈរលើកបដា ស្រែកទាមទារឱ្យក្រុមហ៊ុន ដោះស្រាយ ដោយផ្លុំប៉ី និងឡាយវីដេអូ។ ប៉ុន្តែការតវ៉ាលើកនេះ មិនមានអំពើហិង្សាកើតឡើងទេ​។

អំឡុងពេលអតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមូលផ្តុំតវ៉ានោះ គឺមានភ្នាក់ងារ​អង្គការសហប្រជាជាតិ ចំនួន ០៤នាក់ មកឃ្លាំមើល ដោយក្នុងនោះ មានការចូលរួមពីលោក វិទិត មុនតាប៊ន (VITIT MUNTARBORN) អ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ផងដែរ​។ លោក វិទិត មុនតាប៊ន កំពុងមកបំពេញទស្សនកិច្ច​នៅប្រទេស​កម្ពុជា ជាលើកដំបូង ចាប់តាំងពីលោក ត្រូវបានតែងតាំង​ជាអ្នករាយការណ៍ពិសេស កាលពីឆ្នាំមុន​។

តាមសេចក្តីរាយការណ៍ នៅវេលាម៉ោង ១៦:២៥នាទី លោក វិទិត មុនតាប៊ន (VITIT MUNTARBORN) បានដើរត្រលប់ទៅវិញ ដោយឡើងជិះរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 2BI-9688។ ក្រោយមក នៅវេលាម៉ោង ១៧:៣៥នាទី ក្រុមកូដករទាំងអស់ បាននាំគ្នារំសាយ ហើយដើរត្រឡប់ទៅយកម៉ូតូ នៅផ្សារទំនើបអ៊ីអន១ ដោយមិនមានការប៉ះ​ទង្គិចគ្នា​​ជាមួយអាជ្ញាធរសមត្ថកិច្ចដូចលើកមុនឡើយ៕ (រូបភាពពីអាជ្ញាធរសមត្ថកិច្ច)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ