រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា កម្ពុជានឹងបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្នុងនោះ មានដេប៉ាតឺម៉ង់ថ្មីមួយ ដើម្បីសិក្សាភាសាវៀតណាម។

លោក រស់ សុវិចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងក្នុងសន្និសីទកាសែត ស្តីពីសមិទ្ធផលរយៈពេល ៥ឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី១៦ ខែសីហា បានគូសបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់ថ្មីមួយ ដើម្បីសិក្សាភាសាវៀតណាមនេះ គឺជាយន្តការថ្មី ស្ថិតក្រោមកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអបរំ កម្រិតឧត្តមសិក្សា រវាងកម្ពុជា និងវៀតណាម ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ ដែលមិនខុសគ្នាពីកិច្ចសហប្រត្តិការ ដែលក្រសួងអប់រំ មានជាមួយបណ្ដាប្រទេសផ្សេងៗទៀតទេ។

នៅក្នុងដេប៉ាតឺម៉ង់សិក្សាវៀតណាមថ្មីនេះ ផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម (Vietnamese Studies), មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។

ជុំវិញការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះផងដែរ បានធ្វើឱ្យមហាជនមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់ខ្លាំង និងសម្តែងការមិនពេញចិត្ត លើការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានោះឡើយ។ តែក៏មានពលរដ្ឋមួយចំនួនលើកឡើងថា ការរៀនភាសាវៀតណាម វាមិនទាស់ខុសអីនោះទេ ព្រោះការចេះភាសាបរទេស មិនថាភាសាណានោះទេ គឺសុទ្ធតែមានប្រយោជន៍សម្រាប់ការធ្វើទំនាក់ទំនង។

យ៉ាងណាមិញ ក្រសួងអប់រំ បានបកស្រាយនិងពន្ល់ថា ការដេប៉ាតឺម៉ងភាសាវៀតណាម គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ របស់រដ្ឋ បានបង្កើតកន្លងមក សាលាភាសាបរទេសកំពុងមាននៅកម្ពុជាគឺមានថ្នាក់ ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស ភាសាបារាំង ភាសាជប៉ុន ភាសាកូរ៉េ និងភាសាចិន ជាដើម៕
ចែករំលែកព័តមាននេះ