ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ផ្អាក​សកម្មភាព​សហព័ន្ធ​ឥណ្ឌា ដោយសារ​មាន​ការ​ជ្រៀតជ្រែក​ពី​ភាគី​ទី​៣

1 ឆ្នាំ មុន

ឥណ្ឌា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​សម្រេច​ផ្អាក​សកម្មភាព​ទាំងអស់​របស់​សហព័ន្ធ​

ឥណ្ឌា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​សម្រេច​ផ្អាក​សកម្មភាព​ទាំងអស់​របស់​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា (AIFF) ជា​បន្ទាន់ ដោយសារ​តែ​មានការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​ភាគី​ទី​៣ នៅ​ក្នុង​វិស័យ​មួយ​នេះ​។ ដែល​សកម្មភាព​នេះ​ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​លក្ខន្តិកៈ​របស់ FIFA​។

ការ​ផ្អាក​នេះ ត្រូវធ្វើ​ឡើងជា​បណ្តោះអាសន្ន ដែល​មាន​ន័យ​ថា ក្រុម​ជម្រើសជាតិ​ឥណ្ឌា​គ្រប់​ឈុត​ទាំង​បុរស និង​នារី មិន​អាច​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ថ្ងៃ FIFA បាន​ទេ អំឡុង​ពេល​ហាមឃាត់​។

ក្រុម​ជម្រើសជាតិ​ឥណ្ឌា មិន​អាច​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Asian Cup 2023 ហើយ​ជំនួស​ដោយ​ហ្វី​លី​ពី​ន​។ ហើយ​ក្លិប​នៅ​ឥណ្ឌា​នឹង​មិន​អាច​ប្រកួត​ពានរង្វាន់ AFC Women Club Championship, AFC Cup និង AFC Champions League ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA U-17 Women’s World Cup ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ម្ចាស់ផ្ទះ​រៀបចំ​ផង​ដែរ​។
គួរ​បញ្ជាក់​ថា លោក Praful Patel ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ត្រូវ​បាន​ដក​ចេញពី​តំណែង​ដោយ​តុលាការ​កំពូល​ឥណ្ឌា​។ ហើយ​បន្ទាប់​មក​តុលាការ​កំពូល​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​បណ្តោះអាសន្ន (CoA)​។

ទោះ​យ៉ាងណា FIFA និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ជួប​ភាគី​ពាក់ព័ន្ធ​បាល់ទាត់​ឥណ្ឌា ហើយ​បាន​ដាក់​ផែនការ​បង្ហាញផ្លូវ​សម្រាប់​សហព័ន្ធ​នេះ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ច្បាប់​របស់​ខ្លួន និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​បាន​គណៈកម្មាធិការ​ទទួល​អំណាច និង​ការ​គ្រប់គ្រង​ពេញលេញ​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។

យោង​តាម​លក្ខន្តិកៈ​របស់ FIFA សហព័ន្ធ​សមាជិក​ត្រូវ​តែ​គ្មាន​ការ​ជ្រៀតជ្រែក​ផ្នែក​ច្បាប់ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​។ ហើយ​កន្លង​មក FIFA ក៏​ធ្លាប់​បាន​ផ្អាក​សហព័ន្ធ​បាល់ទាត់​ផ្សេង​ទៀត​ជុំវិញ​ការ​ព្រួយបារម្ភ​ស្រ​ដៀង​គ្នា​នេះ​៕ (​ដកស្រង់​ចេញពី BBC, DW និង ASEAN FOOTBALL)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ