ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ក្រុមហ៊ុន​ចិន​ចង់​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​តំបន់​សក្ដានុពល​ទេសចរណ៍​សម្បូរ​បែប ទាំង​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា មាន កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដោយ​មើលឃើញ​កំណើន​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​តំបន់​សក្ដានុពល​ទេសចរណ៍​សម្បូរ​បែប ទាំង​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា មាន កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដោយ​មើលឃើញ​កំណើន​ភ្ញៀវ​ទេសចរ​បែប​នេះ ក្រុមហ៊ុន​វិនិយោគ​បរទេស​ក៏​កំពុង​សម្លឹង​រក​ឱកាស​មក​វិនិយោគ​លើ​វិស័យ​នេះ​នៅ​កម្ពុជា​ផង​ដែរ ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៥ មក​ពី​ប្រទេស​ចិន មក​ស្វែងរក​ឱកាស​វិនិយោគ លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​គោលដៅ​ធំ​របស់​ពួក​គេ គឺ​ចង់​វិនិយោគ​នៅ​តំបន់ឆ្នេរ​សមុទ្រ ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត ។

ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង​៥​ខាងលើ ដែល​ដឹកនាំ​ដោយ​លោក Yuan Hao នាយក​ប្រតិ​បត្តិ​នៃ​ក្រុមហ៊ុន China CYTS Tours Holding Co, Ltd ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗទាំង​៥​នេះ ហើយ​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ទៀត នា​ទីស្ដីការ​ក្រសួងទេសចរណ៍ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ មក​រា កន្លង​មក​ថា ៖ « ក្រុមហ៊ុន​ទាំង​៥​នេះ មក​ពី​ប្រទេស​ចិន សុទ្ធតែ​ជា​ក្រុម​អ្នក​វិនិ​យោគ​​ធំ​ៗ​ដែល​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ និង​ព័ត៌មាន​ពាក់ព័ន្ធ​នានា​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​ការ​ចូល​មក​របស់​ក្រុមហ៊ុន​ទាំងនេះ គេ​បាន​សិក្សា​អំពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ខ្លះ​ៗ​ហើយ » ។

លោក​បន្ត​ថា លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ជម្រាប​ព័ត៌មាន​សំខាន់​ជូន​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ជា​ច្រើន​ហើយ​ដែរ ក្នុង​នោះ​រួម​មាន ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​ជា​គោលនយោបាយ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហ៊ុម​ព័ទ្ធ​ដោយ​ភាព​សុខដុមរមនា សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ ដែល​កម្ពុជា​កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន បន្ត​ថែរក្សា​ទៅ​ថ្ងៃ​អនាគត និង​មាន​សក្ដានុពល​ទេសចរណ៍​ពី​ធម្មជាតិ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ឱកាស​វិនិយោគ​ដ៏​សម្បូរ​បែប ។

លោក​ក៏​បាន​ជម្រាប​ប្រាប់​ក្រុម​វិនិយោគិន​ចិន​បន្ត​ថា តាំងពី​ប្រវត្តិសាស្ត្រ​រហូត​ដល់​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ និង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចិន ជា​ពិសេស ក្រោយ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ក៏​កាន់តែ​ជំរុញ​កំណើន​​ភ្ញៀវ​ទេសចរ​ចិន និង​វិនិយោគិន​ចិន​ចូល​មក​ទស្សនា​កម្សាន្ត និង​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ឡើង​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក ក៏​កាន់តែ​ទូលំទូលាយ​ផង​ដែរ ។ លោក​បន្ត​ថា ៖ «​ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៥​លាន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ​៥% បន្ថែម​ទៀត » ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​អំពាវនាវ​ដល់​ក្រុម​វិនិយោគិន​ចិន​ទាំងនោះ ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន និង​ធ្វើការ​វិនិយោគទុន​ឲ្យ​បាន​ច្រើន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​រីករាយ​ស្វាគមន៍​ជា​និច្ច ។ ឆ្លើយ​តប​នឹង​សំណើ​នេះ ខាង​ភាគី​ចិន​បាន​សន្យា នឹង​ខិតខំ​កៀងគរ​វិនិយោគិន និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦ ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ទស្សនា​កម្ពុជា មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ប្រមាណ​ជិត​២០%​បន្ថែម​ទៀត ខណៈ​ឆ្នាំ​២០១៥ ភ្ញៀវ​ចិន​មក​ទស្សនា​កម្ពុជា កើន​ជាង​២៤% ៕