ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ចុះហត្ថលេខា​ជាមួយ​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​វៀតណាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​មួយ ស្ដី​ពី ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០១៧ លើ​វិស័យ​អក្សរ​សម្ងាត់ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​មួយ ស្ដី​ពី ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០១៧ លើ​វិស័យ​អក្សរ​សម្ងាត់ រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោ​ង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ មក​រា កន្លង​មក នៅ​សណ្ឋាគារ​សាន់​វេ ក្រោម​អ​ធិ​តី​ភាព​លោកនាយ​ឧត្តមសេនីយ៍ ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ដាំង វូ​សឺ​ន ប្រធាន​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

គួរ​បញ្ជាក់​ផង​ដែរ មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​លោក ដាំង វូ​សឺ​ន ប្រធាន​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

នៅ​ក្នុង​ជំនួប​នោះ ភាគី​វៀតណាម​បាន​ឯកភាព​នឹង​ផ្តល់​ថវិកា​ជាង​៧​ម៉ឺន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​បច្ចេកទេស និង​៥៥​ម៉ឺន​ដុល្លារ​ទៀត​សម្រាប់​សាងសង់​អគារ​សាលា​បឋម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​អក្សរ​សម្ងាត់​នៅ​សាលា​នគរបាល​ត្រែង​ត្រ​យឹ​ង ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ ។ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងមហាផ្ទៃ និង​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ពេល​កន្លង​មក​ផង​ដែរ ។ ជាមួយ​គ្នា​នោះ សម្តេច​ក្រឡាហោម បាន​ស្នើ​សុំ​ឲ្យ​ខាង​ភាគី​វៀតណាម​ជួយ​កសាង​ធនធានមនុស្ស តាម​រយៈ​ការ​បណ្តុះបណ្តាល​ថ្នាក់​មហាវិទ្យាល័យ មធ្យមសិក្សា​បច្ចេកទេស និង​ការ​បំប៉ន​ធម្មតា​លើ​ជំនាញ​អក្សរ​សម្ងាត់ ។

ជា​ការ​ឆ្លើយ​តប លោក ដាំង វូ​សឺ​ន បាន​មាន​ប្រសាសន៍​ថា សម្រាប់​ឆ្នាំ​២០១៧​នេះ​ភាគី​វៀតណាម​នឹង​ទទួល​មន្ត្រី​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅ​វៀតណាម​ចំនួន​៣០​នាក់ ក្នុង​នោះ​ថ្នាក់​មហាវិទ្យាល័យ​ចំនួន​១០​នាក់ និង​ថ្នាក់មធ្យមសិក្សា​បច្ចេកទេស ចំនួន​២០​នាក់​។ ក្រៅពី​នោះ នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​រួម​មាន ម៉ាស៊ីន​បកប្រែ​ចំនួន​៣៤​គ្រឿង ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​ចំនួន​២​គ្រឿង និង​សម្ភារ​ផ្សេង​ៗ​ទៀត​សរុប​ទឹកប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ ថែម​ទាំង​ជួយ​សាងសង់​សាលា​បឋម​សិក្សា មធ្យមសិក្សា​បច្ចេកទេស​អក្សរ​សម្ងាត់​នៅ​សាលា​នគរបាល​ត្រែង​ត្រ​យឹ​ង ខេត្តកំពង់ស្ពឺ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​៥៥​ម៉ឺន​ដុល្លារ​ផង​ដែរ ៕