ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូន​ឈើ​ការពារ​ហូរ​ច្រោះ​នៅ​តាម​ជើងទេរ​ទំនប់​បារាយណ៍​ជ័យ​តា​ដាក

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ព្រៃឈើ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ចំពោះ​មនុស្ស និង​សត្វ​ប៉ុណ្ណោះ​ទេ តែព្រៃ​ឈើ​ក៏​រឹងរឹតតែ​មាន​ប្រយោជន៍​ចំពោះ​បេតិកភណ្ឌ​ថែម​ទៀត ព្រោះ​ព្រៃឈើ​អាច​ធ្វើ​ជា​របាំង​ខ្យល់ ទប់ស្កាត់​ការ​សឹក​រេចរឹល

ខេត្តសៀមរាប ៖ ព្រៃឈើ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ចំពោះ​មនុស្ស និង​សត្វ​ប៉ុណ្ណោះ​ទេ តែព្រៃ​ឈើ​ក៏​រឹងរឹតតែ​មាន​ប្រយោជន៍​ចំពោះ​បេតិកភណ្ឌ​ថែម​ទៀត ព្រោះ​ព្រៃឈើ​អាច​ធ្វើ​ជា​របាំង​ខ្យល់ ទប់ស្កាត់​ការ​សឹក​រេចរឹល និង​ស្រូបទឹក​ក្រោម​ដី​ដើម្បី​ផ្តល់​សំណើម​ដល់​ប្រាង្គ​ប្រាសាទ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​កូន​ឈើ​ចម្រុះ​ចំនួន​១៨០០​ដើម ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​នៅ​តាម​ជើង​ទំនប់​បារាយណ៍​ជ័យ​ត​ដាក​ខាងជើង តាម​ដងផ្លូវ​ទៅ​ប្រាសាទ​នាគព័ន្ធ ដែល​ជាទី​តាំង​ត្រូវ​ការពារ​ទាំង​បេតិកភណ្ឌ និង​ទេសភាព​ធម្មជាតិ​នៃ​តំបន់​ទាំងមូល ។

លោក​វ៉ា​ត ប៊ុ​ន​ថា បុគ្គលិក​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​កូន​ឈើ​ដែល​ក្រុមការងារ​យក​ទៅ​ដាំ​តាម​ជើងទេរ​ទំនប់​បារាយណ៍​មាន​៣​ប្រភេទ រួម​មានកូន​រំដួល​៦០០​ដើម កូន​ក្របៅ​៦០០​ដើម និង​កូន​រាំង​៦០០​ដើម​ដើម្បី​ការពារ​ជើងទេរ​របស់​ទំនប់​ពី​ការ​ហូរ​ច្រោះ​ដី​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​។ ការ​ដាំ​កូន​ឈើ​តាម​ជើងទេរ​ទំនប់​បារាយណ៍​នេះ វា​មិន​ត្រឹមតែ​ជួយ​ការពារ​ជើងទេរ​ទំនប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​ផ្តល់​សោភ័ណ​ភាព​ដល់​បារាយណ៍ ជួយ​កាត់​បន្ថយ​រំហួត​ទឹក ព្រមទាំង​ផ្តល់​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ពេល​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទៀត​ផង​។

ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ អា​ជ្ញ​ធរ​ជាតិ​អប្សរា​ក៏​ធ្លាប់​ដាំ​កូន​ឈើ​តាម​ជើងទេរ​ទំនប់​បារាយណ៍​ជ័យ​ត​ដាក​នេះ​ចំនួន​១៥០០​ដើម​ដែរ ក្នុង​ន័យ​រួមចំណែក​អភិរក្ស​និង​លើក​តម្លៃ​ទេស​ភាព​​វប្បធម៌​ធម្មជាតិ​នៃ​តំបន់​ឧទ្យាន​អង្គរ​ឲ្យ​ភាព​ស្រស់​ស្អាត​ជា​ប្រចាំ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ៕