ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​ចង.ក្រង​កសាង​សំណុំរឿង​ បញ្ជូនទៅតុលាការ ប្តឹង​អតីត​បាតុករ​ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលធ្វើ​បាតុកម្ម​ ថ្ងៃទី១១សីហានេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសនៅយប់ថ្ងៃទី១១ ខែសីហានេះថា តាមរយៈ​ភស្តុតាង ដែលមានស្រាប់​នានា អាជ្ញាធរ​មានសមត្ថកិច្ច នឹង​ចងក្រង​កសាងសំណុំរឿង បញ្ជូន​ទៅស្ថាប័ន​តុលាការ ដើម្បីនាំជន​ដៃដល់…

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសនៅយប់ថ្ងៃទី១១ ខែសីហានេះថា តាមរយៈ​ភស្តុតាង ដែលមានស្រាប់​នានា អាជ្ញាធរ​មានសមត្ថកិច្ច នឹង​ចងក្រង​កសាងសំណុំរឿង បញ្ជូន​ទៅស្ថាប័ន​តុលាការ ដើម្បីនាំជន​ដៃដល់ មកផ្តន្ទាទោសតាមច្បាប់​នូវសកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សា មកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ប្រមាថ​មកលើមន្ត្រី​រាជការ កំពុងបំពេញភារកិច្ច​។

សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បង្ហាញថា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី ក្រុមបាតុករ ជាអតីតបុគ្គលិក និងបុគ្គលិក្រុមហ៊ុន​ ណាហ្គា វើលដ៍ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំ​គ្នា ធ្វើបាតុ​កម្ម​ខុសច្បាប់ នៅកណ្តាលមហាវិថី​សម្តេច​សុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខ​ចំណុច​ផ្សារ​ទំនើប អ៊ីអន ១ មកដល់ចំណុចសួនច្បារ មុខសាកលវិទ្យាល័យ បៀល ប្រាយ។​

សេចក្តីប្រកាស បន្តថា ដូចសព្វមួយដង ក្រោមការរៀបចំផែនការរួចជាស្រេចរបស់​ក្រុមមនុស្សមួយក្តាប់​តូច ដែល​នៅពីក្រោយ​ការរៀបចំឈុតឆាកសម្តែង ក្នុងន័យ​បង្កើត​រូបភាពអវិជ្ជមាន បង្កការប៉ះពាល់​ដល់មុខមាត់​អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមនេះ បានបន្តធ្វើសកម្មភាពអាណាធិបតេយ្យយ៉ាងគគ្លើន​ជាដដែលៗ។ ជាក់ស្តែង នៅវេលាម៉ោង ១៥:១៥នាទី ពួកគេបានរៀបចំបង្កើ​ត​ឱ្យមានព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទម្លាក់​កំហុស​មកលើអាជ្ញាធរអនុវត្តច្បាប់ ( ថាបានប្រើអំពើហិង្សាលើបាតុករ ) ដោយធ្វើសកម្មភាពញុះញង់ ដុតកម្តៅបញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំង​ជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ច នៅតែបន្តស្រាក់ដៃគ្នា​ធ្វើជាប៉ារាសការពារ ដើម្បី​រក្សាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេ​បានប្រើហិង្សាថែមទៀត មកលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិច​គ្នាបន្តិចបន្តួច​។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថា ដូចផែនការ ដែលបានគ្រោងទុក ក្រុមអគតិ​មួយក្តាប់តូច បានធ្វើការបង្ហោះ ចែកចាយនូវរូបភាព​ ដែលបានចងក្រងទុក​ជាមុន ក្នុងន័យ​ទម្លាក់កំហុស​មកលើសមត្ថកិច្ច។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមទៀតថា រៀងរាល់​លើក​ ដែលមាន​សកម្មភាពធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករ ជាអតីតបុគ្គលិក និងបុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ មិនដែលមានព្រឹត្តិការណ៍​ កើតឡោះងដូចថ្ងៃនេះទេ ប្រសិនបើ​ក្រុមបាតុករ មិនធ្វើ​ការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សា មកលើសមត្ថកិច្ច​។

នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាង​បាតុករ និងអាជ្ញាធរសមត្ថកិច្ច នៅរសៀលថ្ងៃទី១១សីហានេះ ត្រូវបាន​ក្រុមបាតុករ អះអាងថា យ៉ាងហោចណាស់ មានស្ត្រី ជាកូដករ ៣នាក់ រងរបួសធ្ងន់ ហើយ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ស្ត្រីទាំងនោះ ត្រូវបានអាជ្ញាធរសមត្ថកិច្ច បានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ា នៅក្បែរក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា​នេះ។

​វិវាទការងារនៅក្រុមហ៊ុន ណាហ្គា វើលដ៍ បានកើតឡើង​ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។ ក្នុងនោះ ក៏មានការតវ៉ា និងការបង្ក្រាបបាតុកម្មជាញឹកញាប់ រហូតដល់ចាប់ខ្លួន​មេដឹកនាំសហជីព និងតំណាងបាតុករ ដាក់ពន្ធនាគារថែមទៀត។ ក្រោយមក ក៏មានការដោះលែង​តំណាងបុគ្គលិក​តវ៉ា និងតំណាងសហជីពពីពន្ធនាគារ ហើយក៏មានកិច្ចប្រជុំចរចា​រាប់មិនអស់ រវាងតំណាងបុគ្គលិក​តវ៉ា និង​តំណាងក្រុមហ៊ុន ណាហ្គា វើលដ៍ ក្រោមការសម្របសម្រួលរបស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តែការចរចានោះ មិនត្រូវរ៉ូវគ្នាឡើយ។​

​​ចុងក្រោយនេះ​ ក្រសួងការងារ បានរុញករណីវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ទៅ​តុលាការ ដើម្បីដោះស្រាយតាមច្បាប់ ក្រោយការចរចា សម្របសម្រួល មិនត្រូវរ៉ូវគ្នារវាង​តំណាងបុគ្គលិកតវ៉ា និងតំណាងក្រុមហ៊ុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ