ខេត្តបន្ទាយមានជ័យ ៖ ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃចំនួន២កន្លែងក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋទិញសំបុត្រចេញ-ចូលទៅព្រឹកវិលល្ងាចដូចដើមឡើងវិញ ។ តាមការកត់សម្គាល់ មានពលរដ្ឋ១ថ្ងៃជិត១០០នាក់ បានឆ្លងកាត់ព្រំដែន ។
![Picture]()
លោក ស៊ិន ស៊ិញហឹង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ថ្លែងថា ក្រោយពេលអាជ្ញាធរជាប់ព្រំដែនកម្ពុជា-ថៃសម្រេចបើកច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ ឱ្យប្រជាពលរដ្ឋកម្ពុជាទិញសំបុត្រចេញ-ចូលព្រឹកវិលល្ងាច សម្រាប់ស្រុកជាប់ព្រំដែនមានស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ក្នុង១ថ្ងៃមានប្រមាណជិត១០០នាក់ ។ ឯប្រជាពលរដ្ឋថៃ ក៏មានចំនួនប្រហាក់ប្រហែលគ្នាចូលមកកម្ពុជាមានស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីបើកដំណើរការចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២មក ។
![Picture]()
លោកបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាដែលចូលទៅប្រទេសថៃព្រឹកវិលល្ងាច ភាគច្រើនទៅទិញទំនិញ និងចូលទៅធ្វើការតាមព្រំដែន។
ឯប្រជាពលរដ្ឋថៃចូលមកផ្សារបឹងត្រកួន និងអ្នកបើកបររថយន្តចូលមកដឹកដំឡូងមីចូលទៅប្រ
ទេសថៃ ។ មានរថយន្តថៃដឹកទំនិញចូលមកកម្ពុជា ក្នុង១ថ្ងៃប្រមាណពី២០ទៅ៣០គ្រឿង ដែលជារថយន្តដឹកទំទិញគ្រឿងសំណង់ គ្រឿងឧបភោគបរិភោគ និងគ្រឿងយន្តកសិកម្ម និងម៉ូតូដែលនាំចូលមានពន្ធ ។ ឯទំនិញកម្ពុជានាំចេញទៅប្រទេសថៃមាន ដំឡូងមីស្ងួត ។
![Picture]()
លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ថ្លែងថា ក្រោយពីកិច្ចប្រជុំជួបពិភាក្សារវាងអាជ្ញាធរស្រុកជាប់ព្រំដែន គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញ ខេត្តស្រះកែវ ភាគីថៃបានសម្រេចបើកច្រកឱ្យប្រជាពលរដ្ឋទិញសំបុត្រចេញ-ចូលព្រឹកវិលល្ងាចចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ឯភាគីកម្ពុជា គណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ សម្រេចបើកដំណើរការទិញសំបុត្រចេញ-ចូលចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២តទៅ ។
![Picture]()
លោកបញ្ជាក់ថា ក្រោយពីភាគីថៃបើកដំណើរការឲ្យប្រជាពលរដ្ឋទិញសំបុត្រចេញ-ចូលព្រឹកវិលល្ងាច គេឃើញមានរថយន្តថៃដឹកទំនិញចូលមាន គ្រឿងសំណង់ ជីគីមី គ្រឿងឧបភោគបរិភោគ ក្នុង១ថ្ងៃៗពី៣០ទៅ៤០គ្រឿង ។
ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក និងច្រកទ្វារព្រំដែនម៉ាឡៃស្រុកម៉ាឡៃ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាដែលទិញសំបុត្រចេញ-ចូលទៅស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ អាជ្ញាធរថៃត្រូវពិនិត្យសុខភាព និងប្រជាពលរដ្ឋថៃចូលមកកម្ពុជា ក៏ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដូចគ្នា ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ