ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016​កន្លង​ទៅ​ដាំ​កូន​ឈើ​ជាង​6​ម៉ឺន​ដើម​នៅ​តំបន់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ ជា​ពិសេស​ប្រភេទ​ឈើ​ដែល​មានពូជ​នៅ​តំបន់​អង្គរ​ស្រាប់ ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តុះ និង​ដាំ​បាន​ចំនួន​៦០.៤៤៤​ដើម លើ​ផ្ទៃដី​ទំនេរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។ ចំនួន​នេះ

ខេត្តសៀមរាប ៖ កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ ជា​ពិសេស​ប្រភេទ​ឈើ​ដែល​មានពូជ​នៅ​តំបន់​អង្គរ​ស្រាប់ ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តុះ និង​ដាំ​បាន​ចំនួន​៦០.៤៤៤​ដើម លើ​ផ្ទៃដី​ទំនេរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។ ចំនួន​នេះ​គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​ប្រចាំឆ្នាំ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កំណត់​ដាំ​កូន​ឈើ​យ៉ាងតិច​៦​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ ។

លោក​និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា កូន​ឈើ​ដែល​បាន​ដាំ​ទាំង​ជាង​៦​ម៉ឺន​ដើម​នេះ គឺ​ដាំ​ដោយ​ក្រុមការងារ​ព្រៃឈើ​ផ្ទាល់​ជាង​៣​ម៉ឺន​ដើម និង​ចែក​ជូន​អង្គភាព​ពាក់ព័ន្ធ​ដាំ​ចំនួន​ជាង​២​ម៉ឺន​ដើម ។ លោក​បន្ថែម​ថា «​កូន​ឈើ​ដែល​យើង​បាន​ដាំ​នេះ មិន​រាប់​បញ្ចូល​ទាំង​កូន​ឈើ​ដែល​យើង​ចែក​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​តាម​ផ្ទះសម្បែង​ដើម្បី​ហូប​ផ្លែ ឬ​ប្រើ​ការ ផ្សេង​ៗ​ទេ យើង​គិតតែ​ដី​ព្រៃ​សុទ្ធ​ប៉ុណ្ណោះ ។ យើង​មាន​គម្រោង និង​បាន​ជំរុញ​ជា បណ្តើរ​ៗ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ចូលរួម​ដាំ​ឈើ​តាម​ផ្ទះ​របស់​គាត់ និង​តាម​ភ្លឺស្រែ ដើម្បី​បង្កើត​គម្រប​ព្រៃឈើ ក្នុង​តំបន់​អង្គរ​បាន​យ៉ាងតិច​៦០%​នា​ពេល​អនាគត​» ។

តាម​លោក​ចាន់ សា​មៀន ព្រៃឈើ​ក្នុង​តំបន់​អង្គរ​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​រាប់​ចាប់ពី​ឆ្នាំ​២០០៨ ។ តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​២០០៦ ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​មាន​ចំនួន​៤៥៨៥​ហិ​កតា​ដែល​ស្មើនឹង​១១,៤៣% ។ ក្នុង​ឆ្នាំ​២០១៣​ក្រុម​អង្កេត​ព្រៃឈើ​បាន​រក​ឃើញ​ផ្ទៃដី​ព្រៃ​កើនឡើង​ដល់​៥៧៣៧​ហិ​កតា ដែល​ស្មើនឹង​១៤,៣%​នៃ​ឧទ្យាន​អង្គរ​ទាំងមូល ។ ការ​អង្កេត​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ឃើញ​ថា ព្រៃឈើ​ក្នុង​តំបន់​អង្គរ​មានការ​កើនឡើង​ដល់​៦៥០៥​ហិ​កតា ដែល​ស្មើនឹង​១៦,២២%​នៃ​ផ្ទៃដី​ឧទ្យាន​អង្គរ​ទាំងមូល ។

ទោះជា​ព្រៃឈើ​ក្នុង​តំបន់​អង្គរ​មានការ​កើន​ឡើងជា​បន្តបន្ទាប់​យ៉ាងនេះ​ក្តី លោក​ចាន់ សា​មៀន​បញ្ជាក់​ថា ដរាបណា​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចូលរួម​ដាំ​ឈើ​តាម​ផ្ទះសម្បែង និង​តាម​ភ្លឺស្រែ​របស់​ពួក​គាត់​ទេ គម្រប​ព្រៃឈើ​អង្គរ នៅ​តែ​មិន​គ្រប់គ្រាន់ ព្រោះថា បើ​មើល​តាម​ស្ថិតិ​ជាក់ស្តែង ផ្ទៃដី​កសិកម្ម​របស់​ពួក​គាត់​មាន​ដល់​ទៅ​ជាង​៥០% ហើយ​បើ​ដី​ទាំងនោះ​ពុំ​មាន​ដើមឈើ​ទេ នឹង​ទៅ​វាល​ធំធេង មិន​អាច​ធ្វើ​ឲ្យ​ឧទ្យាន​អង្គរ​មាន​ពណ៌​បៃតង​បាន​ឡើយ ។ «​យើង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ឈើ​តាម​ផ្ទះ និង​តាម​ស្រែ​របស់​គាត់​ដើម្បី​ធ្វើ​អុស​ដុត និង​លក់ដូរ​។ យើង​បាន​ណែនាំ​ពួក​គាត់​ឲ្យ​ដាំ​ដើម​ក្ទម្ពទេស​តាម​របង​ផ្ទះ តាម​ភ្លឺស្រែ ព្រោះ​ប្រភេទ​ឈើ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា ឆាប់​ធំ ស្លឹក និង​ផ្លែ​ធ្លាក់​ទៅ​បង្កើន​ជាតិ​អាសូត​ជា​ជី​ដល់​ដីស្រែ​គាត់ ហើយ​ពួក​គាត់​ក៏​អាច​បេះ​ស្លឹក និង​ផ្លែ​ធ្វើ​អន្លក់ ឬ​លក់ដូរ​បាន ។ ជា​ពិសេស​គាត់​នឹង​បាន​អុស​ដុត​ជា​ប្រចាំ មិន​ទៅ​កាប់​ឈើ​ក្នុង​ព្រៃអង្គរ​មក​ដុត​ទៀត​» ៕