ខេត្តបាត់ដំបង៖ វត្ថុតាងគ្រឿ.ងញៀ.ន (ម៉ាទឹកកក) មានទម្ងន់ជាង១គីឡូក្រាម ដែលកម្លាំងកងរាជអាវុធហត្ថរឹបអូសបានកាលពី០៤ថ្ងៃមុន ខណៈម្ចាស់បោះចោលរួចរត់គេចខ្លួននោះ ពេលនេះម្ចាស់គ្រឿ.ងញៀ.នដ៏ច្រើនសន្ធឹកនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថតាមក្របួចអូស.កបានមេខ្លោងចំនួន០២នាក់ជាបន្តបន្ទាប់ យកមកថតនៅចំពោះមុខវត្ថុតាងរួមគ្នា កាលពីរសៀលថ្ងៃទី ៩ សីហា ថែមទាំងដកហូតវត្ថុតាងថ្នាំញៀ.នប្រភេទដដែលនេះបានមួយចំនួនទៀតផង។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿ.ងញៀ.នខាងលើនេះ ធ្វើឡើងរវាងកម្លាំងកងរាជអាវុធហត្ថខេត្ត សហាការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង។ លើកដំបូង កម្លាំងសមត្ថកិច្ចបានតាមបង្ក្រាបមុខសញ្ញាជូញដូរគ្រឿ.ងញៀ.ននេះ នៅវេលាថ្ងៃត្រង់ថ្ងៃទី ០៥ សីហា នៅចំណុចភូមិសាមសិប ឃុំត្រក្រី ស្រុកកំរៀង។
ប៉ុន្តែពេលដឹងខ្លួនថា ពួកគេចូលអន្ទាក់សមត្ថកិច្ច ពួកគេបានបោះថ្នាំញៀនចោល រួចឡើងរថយន្តជិះគេចខ្លួនបាត់ស្រមោល រីឯកម្លាំងជំនាញ រឹបអូសបានតែវត្ថុតាងគ្រឿងញៀនប្រភេទ «ម៉ាទឹក
កក» ចំនួន១០កញ្ចប់ មានទម្ងន់១០២២,៣០ក្រាម។

មន្ត្រីផ្នែកប្រឆាំងគ្រឿ.ងញៀ.នបានឲ្យដឹងថា ក្រោយពីជនសង្ស័យរត់រួច បន្សល់ទុកតែវត្ថុតាងថ្នាំញៀ.នជាង១គីឡូក្រាម និង ដោយយោងលើសំណុំរឿងនេះ ស្ថិតក្នុងករណីស៊ើបអង្កេតជាក់ស្ដែង ទើបលោកមេបញ្ជាការខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានស្រុកកំរៀង ធ្វើស្រាវជ្រាវបន្តលើមុខសញ្ញាជនសង្ស័យ រហូតដល់ការឃាត់ខ្លួនមេខ្លោង នៃមុខសញ្ញាម្ចាស់វត្ថុតាងបានចំនួន០២នាក់ជាបន្តបន្ទាប់នៅថ្ងៃទី៩ និង ថ្ងៃទី ១០ សីហា ថែមទាំងដកហូតបាននូវវត្ថុតាងថ្នាំញៀ.នមួយចំនួនបន្ថែមទៀតផង។
មន្ត្រីជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ និង ជាម្ចាស់វត្ថុតាងគ្រឿ.ងញៀ.នជាង១គីឡូក្រាមនោះ ម្នាក់ឈ្មោះមុត បូណា ហៅ សុខ អាយុ៤៥ឆ្នាំ ជាមេខ្លោង រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង និង ម្នាក់ទៀតឈ្មោះ ហួរ ហាក់លី ហៅ ឧត្តម អាយុ៣៩ឆ្នាំ នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល។

មន្ត្រីដដែលបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួននេះ ជាក់ស្ដែងកម្លាំងជំនាញ បានរកឃើញគ្រឿងញៀនប្រភេទ «ម៉ាទឹកកក» នេះបន្ថែមចំនួន០១កញ្ចប់ទៀត ដែលជនទាំង០២នាក់បានលាក់ទុក និង ដកហូតរថយន្តមួយគ្រឿងម៉ាក កាមេរីពណ៏ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ បាត់ដំបង 2C-2757 ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើស រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បើយោងលើរបាយការណ៍បឋម នៃកិច្ចប្រតិបត្តិការនេះ វត្ថុតាងដែលដកហូតបានពីជនសង្ស័យជូញដូរគ្រឿ.ងញៀ.នទាំង០២នាក់នេះមាន៖ ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១១កញ្ចប់ ស្មើទម្ងន់១១០៧,៥២ក្រាម រថយន្ត០១គ្រឿង និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងសួរនាំជនសង្ស័យទាំង០២នាក៉ ដើម្បីកសាងសំណុំរឿងបញ្ជូនពួកគេ និង វត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ៕

ចែករំលែកព័តមាននេះ