ខេត្តកំពត ៖ អាជ្ញាធរស្រុកទឹកឈូ ដឹកនាំដោយលោកអ៊ឹម ច័ន្ទសោធន អភិបាលរងស្រុក កាលពីព្រឹកថ្ងៃទី១១ សីហា បានចុះអនុវត្តដោយប្រើគ្រឿងចក្រឈួសឆាយ និងវាយកម្ទេចរបងរួមទាំងលូរៀបចូលទៅក្នុងព្រែកទឹកឈូ ត្រូវបានវាយកម្ទេចចោលនៅត្រើយខាងកើត ស្ថិតក្នុងភូមិម៉ាក់ប្រាង្គឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។
លោកអ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូបាននិយាយប្រាប់អោយដឹងថា រដ្ឋបាលស្រុកទឹកឈូបានជួនដំណឹងដល់អ្នករំលោភយកដីព្រែកទឹកឈូជាច្រើនដង ហើយតាំងពីឆាំ្ន2021 រហូតមកដល់ឆាំ្ន2022នេះ អ្នកចាក់ដីរៀបលូរំលោភយកដីព្រែកនៅតែព្រងើយកន្តើយមិនព្រមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលស្រុក ទើបនៅព្រឹកថ្ងៃទី១១ សីហា នេះ ដោយយោងតាមប្រសាសន៍ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត ចុះអនុវត្តផ្ទាល់ដោយប្រើគ្រឿងចក្រវាយកម្ទេចចោល
តែម្ដង ។
លោកអ៊ឹម ច័ន្ទសោធន បានប្រាប់អោយដឹងថា ការចុះរុះរើរបង និងវាយលូរៀបនៅក្នុងព្រែកនៅព្រឹកនេះ មានចំនួន៥ទីតាំង ស្មើនិង៥ម្ចាស់ រួមមានរបងប្ញស្សី, គំនរថ្មមានគម្រោងដាក់រៀបចូលព្រែក, របងថ្មរាយសំណាញ់ និងខ្យុសដឹកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកំពង់គ្រែង និងរោងប្រក់ដោយស្លឹក ត្រូវគ្រឿងចក្រកាយចោល និងសម្ភារមួយចំនួនទៀតដែលគ្រោងដឹកមកសាងសង់នៅលីព្រែកត្រូវបានកាយចោលទាំងអស់ក្រោមមេឃភ្លៀងរលឹម។
ការរុះរើ និងប្រើគ្រឿងចក្រវាយរបង និងវាយកម្ទេចលូនៅក្នុងទឹកទាំង៥កន្លែង កាលពីព្រឹកថ្ងៃទី១១ ខែសីហានេះ មិនមានបុគ្គលណាចេញមុខមកតវ៉ា ឬរារាំងរំខានដល់ក្រុមការងាររដ្ឋបាលស្រុកទឹកឈូឡើយ។
ចែករំលែកព័តមាននេះ