ប្រទេសវៀតណាមគ្រោងពីលទ្ធភាពពង្រឹងកិច្ចការពារអាកាសរបស់ខ្លួន ដូច្នេះហើយបានជាអាជ្ញាធរប្រទេសនេះគ្រោងទិញប្រព័ន្ធការពារអាកាសរុស្ស៊ី S-400 TRIUMPH ដែលចាប់ពីថ្ងៃទី១១ មករា ទៅ នឹងធានាដល់កិច្ចការពារតំបន់ក្រុងមូស្គូ និងតំបន់ឧស្សាហកម្មកណ្តាលរបស់រុស្ស៊ី ។
វៀតណាមចាប់អារម្មណ៍ខ្លាំងបំផុតចំពោះប្រព័ន្ធមីស៊ីលការពារអាកាសរុស្ស៊ី S-400 TRIUMPH ។ យោងតាមបណ្តាសារព័ត៌មានវៀតណាមថា ក្រសួងការពារប្រទេសវៀតណាមចរចារួចហើយជាមួយរុស្ស៊ីពីរឿងទិញប្រព័ន្ធនេះជាយថាហេតុ ។
ក្នុងបទសម្ភាសន៍មួយជាមួយ SPUTNIK លោក NGUYEN KHAC NGUET វរសេនីយ៍ឯកម្នាក់នៃកងទ័ពវៀតណាមនិយាយថា រុស្ស៊ីជាដៃគូចាស់បំផុតរបស់វៀតណាម ជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តក្នុងវិស័យកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស ។ រយៈពេលជាច្រើនទសវត្ស វៀតណាម និងរុស្ស៊ីបានថែរក្សាកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេសយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ។ ក្នុងវិស័យនេះ រុស្ស៊ីជាដៃគូសំខាន់របស់វៀតណាម ។
វរសេនីយ៍ឯករូបនេះធ្វើការកត់សម្គាល់ថា កងទ័ពវៀតណាមមានបទពិសោធន៍ច្រើនចាប់តាំងពីសង្គ្រាមវៀតណាមមក ក្នុងការប្រើប្រាស់បណ្តាមីស៊ីលរុស្ស៊ី និងសូវៀត ។ រដូវក្តៅឆ្នាំ១៩៦៥ ពេលធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក កងទ័ពវៀតណាមបានប្រើប្រាស់បណ្តាប្រព័ន្ធមីស៊ីលការពារអាកាសសូវៀតធុន DVINA ។ ដោយសារជំនួយអាវុធនេះ យន្តហោះអាមេរិក១.៣០០គ្រឿងត្រូវបាញ់ធ្លាក់ ក្នុងនោះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-52 ចំនួន៥៤គ្រឿងផង ។
បច្ចុប្បន្នវៀតណាមបានជំនួសមីស៊ីលសូវៀតចាស់ៗ ដោយប្រព័ន្ធការពារអាកាសទំនើបៗរបស់រុស្ស៊ី ដូចជាមីស៊ីលធុន TOR ធុន BUK និង S-300 ជាដើម ។ វៀតណាមក៏ប្រើដែរ បណ្តាមីស៊ីលអាកាស-អាកាសរុស្ស៊ីធុន R-73 និងបណ្តាមីស៊ីលអាកាស-ដីធុន H-59 MK និង H-35 URAN ។ ឆ្នេរសមុទ្រវៀតណាមការពារដោយប្រព័ន្ធមីស៊ីលការពារឆ្នេរចល័តធុន BASTION ផលិតនៅរុស្ស៊ី ហើយមានមីស៊ីលប្រឆាំងនាវាមានបញ្ញាធុន YAKHONT ។
វៀតណាមក៏ទិញផងដែរបណ្តាមីស៊ីលបណ្តែតរុស្ស៊ីធុន KALIBR បំពាក់ជាពិសេសដល់បណ្តានាវាមុជទឹកវៀតណាម ព្រមទាំងបណ្តានាវាពិឃាត រួចបណ្តានាវាល្បាត MOLNIYA កសាងនៅវៀតណាមក្រោមអាជ្ញាប័ណ្ណរបស់រុស្ស៊ី ។
មីស៊ីលបណ្តែត KALIBR មានឈ្មោះល្បីកាលពីថ្ងៃទី៧ តុលា ឆ្នាំ២០១៥ ពេលកងទ័ពរុស្ស៊ីបាញ់ចេញពីបណ្តានាវានៅសមុទ្រកាស្ពីយ៉ែនហោះហើរក្នុងចម្ងាយ១.៥០០គីឡូម៉ែត្រ ធ្លាក់ចំបណ្តាទីតាំងក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ៕
ចែករំលែកព័តមាននេះ