ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់សកល​កម្ពុជា ប្ដេជ្ញា​សម្រេច​ឱ្យ​លើស​គោលដៅ​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា កំពុង​ពង្រឹងសមត្ថភាព​កីឡាករ​របស់​ខ្លួន​យ៉ាង​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា កំពុង​ពង្រឹងសមត្ថភាព​កីឡាករ​របស់​ខ្លួន​យ៉ាង​ខ្លាំង ទាំង​បច្ចេកទេស និង​ស្មារតី​ហ្វឹកហាត់ ព្រមទាំង​បាន​កំណត់​ទិស​ដៅ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​យ៉ាងណា​ដណ្ដើម​មេដាយមាស សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ឲ្យ​បាន​លើស​គោលដៅ​ដែល​បាន​កំណត់​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​មេដាយមាស​ចំនួន​១​គ្រឿង ដែល CAMSOC បាន​ដាក់​ឲ្យ សហព័ន្ធ​បាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​។

ពិសេស​គឺ នឹង​ព្យាយាម​ពង្រឹង​កីឡាករ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​យក​មេដាយមាស​ឲ្យ​បាន​លើស​គោលដៅ​ដែល​បាន​កំណត់ ដោយ​ចង់​យក​ឲ្យ​បាន​មាស​២​គ្រឿង​។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​ថ្លែង​ក្នុង​សម្ដី​ដើមថា «​សម្រាប់​ផែនការ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ មាន​កីឡាករ​ខ្មែរ​ហាត់​នៅ​ថៃ​១​រូប និង​កីឡាករ​ខ្មែរ​ហាត់​នៅ​វៀតណាម​១​រូប យ៉ាងណា​យើង​ក៏​បាន​ត្រៀម​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ធំ ក្នុង​នោះ​សរុប​មាន​១២​នាក់ ដែល​សុទ្ធតែ​ជា​បុរស ។ ក្នុង​ទិស​ដៅ​របស់​យើង ធ្វើ​យ៉ាងណា​សម្រេច​គោលដៅ ដែល CAMSOC បាន​ដាក់​ឲ្យ ដោយ​យក​មេដាយមាស​យ៉ាង​ហោច​ឲ្យ​បាន​១​។ ប៉ុន្តែ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​លើស​ហ្នឹង គឺ​ព្យាយាម​យក​ឲ្យ​បាន​២​មេដាយមាស​»​។

លោក​បន្ថែម​ថា ទន្ទឹម​ការ​ខិតខំ​ប្រឹងប្រែង​ក្រៅពី​ការ​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ថៃ​រយៈពេល​២​ស​ប្ដា​ហ៍ សហព័ន្ធ​នឹង​ប្រឹងប្រែង​ស្វែងរក​ថវិកា​ដើម្បី​បាន​បញ្ជូន​កីឡាករ​កម្ពុជា ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​ទទួល​បាន​បទ​ពិសោធន៍​​កាន់តែ​ច្រើន ព្រមទាំង​អាច​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ។ មួយវិញទៀត សម្រាប់​ឆ្នាំ​២០២២ លោក​ក៏​គ្រោង​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​ប្រដាល់សកល​អន្តរជាតិ នូវ​ថវិកា​ទ្រទ្រង់​ដល់​ការ​រៀបចំ​ការ​ប្រកួត​ប្រដាល់សកល​ក្នុងស្រុក ឲ្យ​បាន​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​ចំនួន​៦​លើក ដូច​កាលពី​ឆ្នាំ​២០២១​។

កាលពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​នាំ​យក​គ្រូបង្វឹក​ម្នាក់​ទៀត​បន្ថែម គឺ​លោក Kkssymhanov Berikbol Amantayevich ជនជាតិ​កា​ហ្សា​ក់​ស្ថាន ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់ CAMSOC ដែល​កុងត្រា​របស់​លោក​មាន​សុពលភាព​រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ