ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកសម្រេចបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ៣០រូបដែលចោរលួចយកពីប្រាសាទក្នុងរមណីយដ្ឋានកោះកេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នោះ​សហ​អា​មេ​រិ​កបាន​ប្រគល់​សម្បត្តិ​វប្បធម៌​ដែល​ចោរលួច​ពី​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​កោះ​កេ​ចំនួន​៣០​រូប​មក​កម្ពុជា​វិញ ។ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​៨ សីហា​នេះ​ស្ដី​ពី​ការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​៣០​រូប​ពី​សហរដ្ឋអាមេរិក​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នោះ​សហ​អា​មេ​រិ​កបាន​ប្រគល់​សម្បត្តិ​វប្បធម៌​ដែល​ចោរលួច​ពី​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​កោះ​កេ​ចំនួន​៣០​រូប​មក​កម្ពុជា​វិញ ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​៨ សីហា​នេះ​ស្ដី​ពី​ការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​៣០​រូប​ពី​សហរដ្ឋអាមេរិក​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ បាន​លើក​ឡើង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​៣០​រូប​នឹង​ត្រូវ​ប​ញ្ចូ​ន​ពី​សហរដ្ឋអាមេរិក​មក​ប្រទេស​កម្ពុជា​វិញ ។

ក្រសួង​ថា វត្ថុ​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាន់កា​.​ប់​វត្ថុ បុរាណ​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​នៃ​សង្កាត់​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក អនុលោម​តាម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ស្តី​ពី​ការ​ដាក់​កំរិត​ហាមប្រាម​នូវ​ការ​នាំ​ចូល​លើ​ប្រភេទ​នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា​។

ក្រសួង​បាន​បញ្ជាក់​ថា ៖«​ក្នុង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ​មាន​រូប​បដិមា​សំខាន់​ៗ​មួយ​ចំនួន​ផ្នែក​ពុទ្ធ សាសនា និង​ព្រហ្មញ្ញសាសនា​ដូច​ជា រូបចម្លាក់​ដ៏​ពិចិត្រ «​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​» និង​«​ព្រះ​គណេស​» ដែល​ត្រូវ​បាន​លួច​យក​ចេញពី​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​កោះ​កេ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី​១០ នៃ​គ​.​ស ។ ប្រាសាទ​កោះ​កេរ​ធ្លាប់​ជា​គោលដៅ​នៃ​ការ​លួច​ទ្រង់ទ្រាយ​ធំ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម ។

ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Damien Williams អគ្គ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​នៃ​សង្កាត់​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក បាន​ចូលរួម​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​៣០​រូប​នេះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ។

ក្រសួង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ដើម្បី​ចាត់ចែង​ការ​ដឹក​វត្ថុ​ទាំង​៣០​រូប​មក​កម្ពុជា​ក្នុង​ពេលវេលា​ខាង​មុខ​នេះ ហើយ​ក្រសួង​នឹង​ជូន​ព័ត៌មាន​បញ្ជាក់​បន្ថែម​នៅ​ពេល​វត្ថុ​ទាំងនេះ​មក​ដល់​កម្ពុជា ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​ថា ៖«​យើង​ពិតជា​សេចក្តី​រំភើប​ទទួល​ស្វាគមន៍​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​រតនសម្បត្តិ​ដ៏​ល្អ​ឯក​ទាំងនេះ​ដែល​ជា​ព្រលឹង​បុព្វបុរស​ខ្មែរ​ជា​ច្រើន​ជំនាន់ និង​តំណាង​ឱ្យ​ភាព​រុងរឿង​នៃ​ចក្រភព​ខ្មែរ​» ។

លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ការ​បញ្ជូន​មក​វិញ​នេះ គឺ​អាច​សម្រេច​ទៅ​បាន​ដោយសារ​កិច្ច​សហប្រតិបត្តិការ និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា និង​សហរដ្ឋអាមេរិក​) និង​ក៏​ដោយសារ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្ដល់​ឱកាស​ក្នុង​ការ​នាំ​មក​វិញ​នូវ​ព្រលឹង​បុព្វបុរស​ខ្មែរ​ដែល​បាន រសាត់​ចាក​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​ជា​ច្រើន​ឆ្នាំ​នា​សម័យ​សង្គ្រាម និង​អសន្តិសុខ ។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ស្ថាប័ន​នានា​របស់​សហរដ្ឋអាមេរិក ជា​ពិសេស​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​នៃ​សង្កាត់​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​យ៉​ក​, ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

ជាមួយ​នេះ លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ​,​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ក្រុមការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ពិសេស​ដល់​លោក​មេធាវី Bradley Gordon និង​លោក​មេធាវី Steven Heimberg ដែល​បាន​ចំណាយពេល​អស់​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​សហការ ជាមួយ​ក្រុ ម​ការងារ​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ជា​ច្រើន​មិន​អាច​កាត់ថ្លៃ​បាន​។

លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សារមន្ទីរ និង​អ្នកកាន់កាប់​ស​មុ​ច្ច័ យ​ឯកជន​នានា ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់មរតក​វប្បធម៌​ជាតិ​មក​កម្ពុជា​វិញ ​។ ជាមួយនឹង​យុទ្ធនា​ការ​សកល លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​សារមន្ទីរនានា ក៏​ដូច​ជា ​អ្នកកាន់កា.ប់​ស​មុ​ច្ច័ យ​ឯកជន​នៅ​ទូ​ទាំង​ពិភពលោក សូម​ចូលរួម​សហការ​ផ្ដល់​ឯកសារ​ភស្តុ​តាង និង​ប្រគល់​សម្បត្តិ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ ត្រឡប់​មក​ប្រទេស​កំណើត​វិញ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ