ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ត្រៀមខ្លួន​សងសឹក ប្រសិនបើ​លោក Trump បង្ក​ឧបសគ្គ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សងសឹក ប្រសិនបើ​លោក Trump ដាក់​ពន្ធ​លើ​ផលិតផល​ចិន និង​បង្ក​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​

ប្រទេស​ចិន ៖ យោង​តាម​ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សងសឹក ប្រសិនបើ​លោក Trump ដាក់​ពន្ធ​លើ​ផលិតផល​ចិន និង​បង្ក​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទាំងនោះ​បន្ត​ថា ការ​សងសឹក​អាច​ធ្វើ​ឡើងជា​លក្ខណៈ​ដាក់​ពន្ធ ឬ​ដាក់​ការ​ត្រួតពិនិត្យ​តឹង​រ៉ឹ​ង​លើ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ធំ​ៗ​ដែល​មានដំណើរ​ការ​ក្នុង​ប្រទេស​ចិន ។ លើស​ពី​នេះ​ទៀត វា​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ស៊ើបអង្កេត​ពី​ការ​លក់​បន្ទាប​តម្លៃ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​ផលិតផល​អា​មេ​រិ​ក​ផង​ដែរ។

ប៉ុន្តែ​ការ​សងសឹក​ពី​ប្រទេស​ចិន​នេះ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ។ លោក Michael Every ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង Rabobank Group នៅ​ហុងកុង និយាយ​​ថា ការ​សងសឹក​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ប្រទេស​ចិន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន ។ លោក​និយាយ​ថា ៖ « ពេល​ដែល​ប្រទេស​មួយ​មាន​ឱនភាព​ពាណិជ្ជកម្ម​ខ្ពស់​សងសឹក​ប្រទេស​មួយទៀត​ដែល​មាន​អតិរេក​ពាណិជ្ជកម្ម គឺ​ប្រទេស​មាន​ឱនភាព​ពាណិជ្ជកម្ម​ជា​អ្នក​ឈ្នះ​។ ប្រទេស​មាន​អតិរេក​ពាណិជ្ជកម្ម​នឹង​ចាញ់​រៀង​រាល់ដង » ។

យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​ឲ្យ​ដឹង​ថា ឱនភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន បាន​ធ្លាក់​ចុះ​ពី​៣២,៥​ប៊ី​លាន​ដុល្លារ មក​ត្រឹម​៣១,១​ប៊ី​លាន​ដុល្លារ​ក្នុង​ខែតុលា ដោយ​ប្រទេស​នេះ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ច្រើន​ជាងគេ​តាំងពី​ខែធ្នូ ឆ្នាំ​២០១៣​មក ។ វា​បាន​ធ្វើ​ឲ្យ​ឱនភាព​សរុប​របស់​ប្រទេស​នេះ​ធ្លាក់​មក​ត្រឹម​២៨៨,៧៨​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នា​ឆ្នាំ​មុន ។

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Wang Shouwen បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ទំនាក់ទំនង​ទ្វេភាគី​ល្អ និង​និយាយ​ថា ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ជួយ​ផ្តល់​ការងារ​ដល់​ប្រទេស​ចិន​ទេ ប៉ុន្តែ​ក៏​បាន​នាំ​មក​នូវ​ចំណូល​ជា​ច្រើន​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ផង​ដែរ ។ លោក​ថ្លែង​ថា ៖ « ទំនាក់ទំនង​សេដ្ឋកិច្ច​ឈ្នះ​ឈ្នះ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ទៅ​មុខ​ទៀត គឺ​គ្មាន​នរណា​ម្នាក់​ចង់បាន​ស្ថានការណ៍​ចាញ់​ចាញ់​ទេ ហើយ​ក៏​គ្មាន​នរណា​ចង់​ប៉ះពាល់​ដល់​ទំនាក់ទំនង​ឈ្នះ​ឈ្នះ​ផង​ដែរ ។ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​អនាគត​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង​អា​មេ​រិ​ក » ។

ដោយ​ស្ថានការណ៍​កំពុង​មាន​ភាព​តានតឹង Rhodium Group ព្យាករណ៍​ថា សាជីវកម្ម​ពហុ​ជាតិ​របស់​អា​មេ​រិ​កបាន​វិនិយោគ​ប្រាក់​ច្រើន​ជាង​២២៨​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ក្នុង​ប្រទេស​ចិន តាំងពី​ឆ្នាំ​១៩៩០​មក ។

ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រុមហ៊ុន​ជា​ច្រើន​រួម​មាន Boeing Co., Motorola Inc. និង American International Group Inc. បាន​ចូលរួម​បញ្ចុះបញ្ចូល​ឲ្យ​មានការ​រក្សា​ពន្ធ​ទាប​សម្រាប់​ផលិតផល​ចិន​ដែល​នាំ​ចូល​សហរដ្ឋអាមេរិក ។ ក្នុង​ឆ្នាំ​២០១១ ក្រុម​ពាណិជ្ជករ​ដែល​តំណាង​ក្រុមហ៊ុន​ដូច​ជា Microsoft Corp. និង Wal-Mart Stores Inc. បាន​ប្រឆាំង​នឹង​ការ​ដាក់​សម្ពាធ​ដល់​ប្រទេស​ចិន ឲ្យ​បង្កើន​តម្លៃ​ប្រាក់ ។

លោក William Zarit ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន ថ្លែង​ថា ៖ « ការ​អនុម័ត​ច្បាប់​ដោយ​មានការ​រើសអើង​ក្រុមហ៊ុន​បរទេស មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ទាំងនោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ប្រជាជន​ចិន​ជា​ច្រើន​ដែល​ធ្វើការ​ឲ្យ​ពួក​គេ ដៃគូ​ពាណិជ្ជកម្ម​ក្នុងស្រុក​របស់​ពួក​គេ អតិថិជន​ប្រើប្រាស់​សេវាកម្ម និង​ផលិតផល​របស់​ពួក​គេ​ផង​ដែរ ។ ពួក​យើង​ជំរុញ​ដល់​រដ្ឋាភិបាល​ទាំង​ពីរ​ភាគី​ឲ្យ​ស្វែងរក​វិធី​បង្កើន​ជំនឿ​ទុកចិត្ត » ៕