រាជធានីភ្នំពេញ ៖ កំណាត់ដែកជាច្រើនដើមបានធ្លាក់ពីលើអគារខុនដូរមួយកន្លែង ដែលកំពុងតែសាងសង់នៅជាប់សាលាខណ្ឌទួលគោក បណ្តាលអោយមេការម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងរថយន្តចំនួន៣គ្រឿងបានរងការខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូរ យីហោ «W» ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោកផ្នែកខាងត្បូង តាមបណ្ដោយផ្លូវលេខ៥៩៦ កែងផ្លូវលេខ៣២៩ ក្នុងភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលក្រុមជាងកំពុងតែធ្វើការ ស្រាប់តែកំណាត់ដែកជាច្រើនដើមបានធ្លាក់ពីលើអគារខុនដូរមកក្រោម បណ្តាលអោយត្រូវក្បាលមេការម្នាក់បានរងរបួសធ្ងន់ ។ ក្រៅពីនោះក៏បានធ្លាក់ត្រូវចំរថយន្តចំនួន៣គ្រឿងដែលចតនៅខាងក្រោមនោះ រួមមាន ៖ រថយន្តរបស់ការដ្ឋាន១គ្រឿង, រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក១គ្រឿង និងរថយន្តរបស់ពលរដ្ឋ១គ្រឿងក៏បានរងការខូចខាត។

ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ខាងលើនោះ កំណាត់ដែកអន្ទារជាច្រើនដើម បានធ្លាក់រាយលើដងផ្លូវ ព្រមទាំងធ្លាក់ចូលទៅក្នុងរបងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។
ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា តើបណ្តាលមកពីមូលហេតុអ្វីនោះទេ0x017d7 បានជាដែកធ្លាក់ពីលើអគារខុនដូរបែបនេះ។

គួរបញ្ជាក់ថា កន្លងមក ទីតាំងខុនដូរនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យម្តង មកហើយ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីប្រជាពលរដ្ឋប្តឹងចោទប្រកាន់ថា ខុនដូរនេះបានសង់រំលោ.ភលើចិញ្ចើមផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងសាងសង់មិនគោរពទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ជាហេតុបង្កអោយកើតមានគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ។

បន្ទាប់ពីត្រួតពិនិត្យរួច លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ក៏បានធ្វើការអប់រំណែនាំដល់ម្ចាស់ការដ្ឋាន ឱ្យដាក់សំណាញ់ និងរបាំងដែក ដើម្បីការពារសម្ភារៈធ្លាក់ជាយហេតុ នាំឱ្យបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញ តែម្ចាស់ការដ្ឋានខាងលើ ហាក់ដូចជាមិនបានយកចិត្តទុកដាក់នោះឡើយ ៕






ចែករំលែកព័តមាននេះ