បុរសជាចោរលួចទូរស័ព្ទដៃ អ្នកចាក់សាំងដែលជានិស្សិតក្រីក្រឡើងមកសិក្សានៅភ្នំពេញ បានបើកម៉ូតូមួយគ្រឿងចូលស្ថានីយ៍ចាក់សាំងដូចភ្ញៀវធម្មតា បន្ទាប់មកបានលួចទូរស័ព្ទអ្នកចាក់សាំងបាត់តែម្តង។

លោកចោរបានចាក់សាំងមួយលីត្រ ចាក់ហើយឃើញឱកាសល្អដែលទូរស័ព្ទបុគ្គលិកចាក់សាំងទុកចោលនៅឆ្ងាយពីដៃ និងសង្កេតឃើញថាអ្នកចាក់សាំងរូបនេះកំពុងរវល់ពីវក់ក្នុងការសាក់សាំងឲ្យម៉ូតូ ឡាន ឲ្យភ្ញៀវ ខ្លួនក៏ធ្វើសកម្មភាពលួចតែម្តង ។
វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា លោកចោរបានរម្កិលម៉ូតូខ្លួន ដែលបញ្ចេះជាស្រេចទៅជិតទូរស័ព្ទដៃជនរងគ្រោះដែលទុកឆ្ងាយពីខ្លួនប្រមាណពីរ ឬបីម៉ែត្រ ។ លោកចោរបានលូកដៃទាញយកទូរស័ព្ទនោះយ៉ាងសុវត្ថិភាព ហើយបើកម៉ូតូចេញបាត់ស្រមោល ។

នៅពេលកម្មករចាក់សាំងបាត់ទូរស័ព្ទ មិត្តភក្តិរួមការងារបានឆោរឡោ ហើយទៅពិនិត្យកាមេរ៉ាសុត្ថិភាពទើបដឹងថា ទូរស័ព្ទដៃត្រូវបានលោកចោរសង្ហារលួចយកទៅបាត់ហើយ ។ ក្រោយបាត់គ្មានអ្វីក្រៅពីអំពាវនាវឲ្យលោកចោរយកទូរស័ព្ទដៃនោះមកប្រគល់ឲ្យជនរងគ្រោះវិញ ។
បុគ្គលិកចាក់សាំងនៅស្ថានីយចាក់សាំងមួយកន្លែងក្នុងសង្កាត់ក្រាំងធ្នង់នោះ បានចែកចាយនៅលើបណ្តាញសង្គមនូវការអំពាវនាវរបស់ពួកគេឲ្យលោកចោរព្រមយកទូរស័ព្ទដៃនោះមកប្រគល់ឲ្យជនរងគ្រោះវិញ ត្បិតអីជនរងគ្រោះជានិស្សិតក្រីក្រម្នាក់ទើបឡើងមករៀននៅភ្នំពេញថ្នាក់មហាវិទ្យាល័យក្នុងឆ្នាំទី១ ដោយប្រកបរបរជាកម្មករចាក់សាំង គ្រាន់បានប្រាក់បៀរវត្សរ៍ប្រមាណ២រយដុល្លារក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ការសិក្សា និងការរស់នៅក្នុងក្រុង ។

ទូរស័ព្ទដៃដែលលោកចោរអាចយកទៅលក់បានប្រមាណ១០០ដុល្លារនោះមានតម្លៃខ្លាំងណាស់ សម្រាប់និស្សិតក្រីក្ររូបនេះ គាត់បានសន្សំប្រាក់ច្រើនខែណាស់ទម្រាំអាចទិញវាបានមកប្រើនឹងគេ ។ ចោរបានលូចទូរស័ព្ទដៃនិស្សិតក្រីក្ររូបនោះ តាំងពីថ្ងៃទី៥ សីហា រហូតមកដល់ពេលនេះ មិនទាន់ឃើញលោកចោរយកទូរស័ព្ទដៃនោះមកប្រគល់ឲ្យជនរងគ្រោះវិញនៅឡើយទេ ។
ទោះមានសង្ឃឹមតិច តែបុគ្គលិកចាក់សាំងនៅទីនោះ នៅតែបន្តធ្វើការអំពាវនាវឲ្យលោកចោរធ្វើជាចោរចិត្តធម៌យកទូរស័ព្ទដៃនោះមកឲ្យជនរងគ្រោះវិញ ។ រហូតមកដល់ពេលនេះ កម្មករចាក់សាំងនោះនៅពុំទាន់មានប្រាក់ទិញទូរស័ព្ទដៃប្រើជាថ្មីនៅឡើយទេ ។កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីរូបភាពពីសកម្មភាពលោកចោរធ្វើសកម្មភាពយ៉ាងច្បាស់ក្រលែត និងថតបានស្លាក់លេខម៉ូតូ ជនល្មើសទៀតផង ។

បើតាមអ្នកធ្វើការនៅស្ថានីយនចាក់សាំងនោះអះអាងថា លោកចោរដដែលនេះធ្លាប់ធ្វើសកម្មភាពលួចនៅទីនោះម្តងហើយដោយធ្វើសកម្មភាពជាមួយម៉ូតូមានស្លាកលេចដដែលនេះ ។ ព័ត៌មាននេះអាចជាព័ត៌មាន ដើម្បីរំលឹកដល់អ្នកចាក់សាំងដទៃទៀតឲ្យមានការប្រុងប្រយ័ត្នពីសកម្មភាពចូលលួចដែលចោរបានធ្វើដូចជា អ្នកចាក់សាំង ធម្មតា ជាទូទៅនោះមិនអាចកត់សម្គាល់បានឡើយ ហើយកុំអាងទៅលើកាមេរ៉ាសុត្ថិភាព ដែលអាចថតបានតែសកម្មភាពចោរលួចប៉ុណ្ណោះ មិនអាចចាប់ចោរបានទាន់ពេលវេលាឡើយ ៕


ចែករំលែកព័តមាននេះ