ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ចីម៉ូតូជូនមិត្តភក្តិទៅ​ផ្ទះ តែ​ចាំបាត់ៗមិនឃើញ​មកវិញ​ បែរជា​ទទួល​ដំណឹងអកុសល

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ជូន​គ្នា​ចេញពី​កន្លែង​ផឹកស៊ី​ជ្រុល​ទៅ​បុ.កខឿន​ចិញ្ចើម​ផ្លូវ

​រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ជូន​គ្នា​ចេញពី​កន្លែង​ផឹកស៊ី​ជ្រុល​ទៅ​បុ.កខឿន​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​ស្លា.ប់​ម្នាក់​ និង​រង​របួសធ្ងន់​ម្នាក់ ​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​វត្ត​ព្រែក​ប្រា ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ​​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ អ៊ុ​ន សា​រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ក្រោយ​វត្ត​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ក្អែក​ពង ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជា​អ្នក​បើក​ម៉ូតូ ។ ដោយឡែក​អ្នក​រង​របួសធ្ងន់ ឈ្មោះ ភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ជា​អ្នក​អង្គុយ​ខាងក្រោយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JN 3877 បាន​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៦៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំនុច​កើតហេតុ មិន​ថា​ជន​រង​គ្រោះ​គេច​នឹង​អ្វី​នោះ​ទេ ក៍​ស្រាប់​​តែ​ដួល​អូស​ទៅ​ផ្លូវ​ម្ខាង​ទៀត បុ.ក​​ឃឿ​ន​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទា.ត​ទៅ​មុខ​៥០​ម៉ែត្រ ព្រមទាំង​ធ្វើ​អោយ​អ្នក​បើក​ម៉ូតូ​បោ.ក​ក្បាល​ហូរ​ឈា.ម​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ ចំណែក​អ្នក​ជិះ​ខាងក្រោយ រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សា​មុ​យ យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ ។

​តាម​ប្រភព​​​​ដដែលបានបន្ត​ថា ក្នុង​ករណី​នេះ​ដែរ បន្តិច​ក្រោយមក​ គេឃើញ​មាន​មិត្ត​ភក្ដិ​ជន​រង​គ្រោះ​បាន​មក​កន្លែង​កើតហេតុ បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ទើបតែ​ខ្ចី​ម៉ូតូ​របស់​មិត្ត​ភក្ដិ ហើយ​ជូន​មិត្ត​ភក្ដិ​ពី​កន្លែង​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ចាំ​បាត់​ៗ​មិន​មក​វិញ ក៍​ស្រាប់តែ​ទទួល​ដំណឹង​ថា​គ្រោះ​ចរាចរណ៍​ស្លា.ប់​បែប​នេះ​ទៅ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ដូច​ជា​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ បាន​សាកសួរ​ពី​ដំណើររឿង​និង​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ ក៍​ឃើញ​​ស្ត្រី​ជា​ប្រពន្ធ​ដែល​​មាន​ផ្ទៃពោះ​៥​ខែ បាន​យំសោក​ឱបស.ព​បុរស​ជា​ប្តី ទាំង​អារម្មណ៍​ទទួលយក​មិន​បាន នៅ​ពេល​ដែល​ឃើញ​ប្តី​របស់​ខ្លួន​ជួប​​រឿង​អកុសល​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង ​ចំណែក​​ម៉ូតូ​វិញ​ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ រង់ចាំ​ប្រគល់​អោយ​ម្ចាស់​ម៉ូតូ​យក​ទៅ​ប្រើប្រាស់​វិញនៅពេលក្រោយ​ ៕