ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងធំ​ជនបទ​វាយប្រហារ​វង់​តន្ត្រី​ឡើងផ្ទះ​ថ្មី

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បងធំ​ជនបទ​២​នាក់​បងប្អូន និង​គូកន​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ហិ.ង្សា​គប់ និង​វាយ​បំផ្លាញ​ឧបករណ៍​តន្ត្រី ព្រមទាំង​វាយ​

ខេត្តកំពង់ស្ពឺ ៖ បងធំ​ជនបទ​២​នាក់​បងប្អូន និង​គូកន​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ហិង្សា​គប់ និង​វាយ​បំផ្លាញ​ឧបករណ៍​តន្ត្រី ព្រមទាំង​វាយ​អ្នកចម្រៀង​ឱ្យ​រង​របួស នៅ​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​អ្នក​ភូមិ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ មក​រា នៅ​ភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី ។ វង់​តន្ត្រី​ដែល​រង​គ្រោះ​ដោយសារ​បងធំ​នេះ ជា​វង់​តន្ត្រី​របស់​លោក​សុវណ្ណ ថេ​ត ផ្សារ​ដើម​រកា ។

តាម​ក្រុម​តន្ត្រី​បានឱ្យ​ដឹង​ថា វង់​តន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ឱ្យមក​ប្រគំ​ក្នុង​កម្មវិធី ឡើង​គេហដ្ឋាន​នៅ​ភូមិ​ឃុំ​ខាងលើ ។ ភ្លេង​បាន​ប្រគំ​កំដរ​ភ្ញៀវ​តាំងពី​ហូប​អាហារ​រហូត​ដល់​រាំ​លេង​កម្សាន្ត​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។ ស្រាប់តែ​ក្រោយមក​ក៏​លេចមុខ​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​យក​ដុំ​ថ្ម ដុំ​ដី និង​ដំបង​គប់​មក​លើ​ក្រុម​តន្ត្រី ដែល​កំពុង​តែ​ច្រៀង​កំដរ​កម្មវិធី​បណ្តាល​ឱ្យ​អ្នកចម្រៀង​ភ័យ​លែង​ហ៊ាន​ច្រៀង​ហើយ​ភ្លេង​ក៏​ឈប់​ប្រគំ​ដែរ​។ ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​គប់​មក​លើ​អ្នកចម្រៀង​ហើយ ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​គប់​បំផ្លាញ​ឧបករណ៍​ភ្លេង និង​វាយ​បំផ្លាញ​រថយន្ត ព្រមទាំង​សម្ភារ​ផ្សេង​ៗ​ទៀត ។

ក្រោយ​កើត​មាន​អំពើ​ហិង្សា​ពី​សំណាក់​ក្រុមបងធំ​ជនបទ​រួច​មក ក្រុម​តន្ត្រី​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ជង្រុក ដែល​នៅ​ជិត​នោះ​ដែរ តែ​ពេល​ទៅ​ដល់​មិនឃើញ​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​នៅ​ប្រចាំការ​ឡើយ​។ រហូត​ទាល់តែ​ទូរស័ព្ទ​រក​លោក​អធិការរង​នគរបាល​ស្រុក​គងពិសី យ៉ាង​យូរ​ទើប​ឃើញ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ប៉ុស្តិ៍​មួយ​រូប​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​អាការ​ស្រវឹង​ជោក ។ វត្តមាន​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រូប​នោះ​មិន​ត្រូវ​បាន​ក្រុម​បង​ប​ធំ​ទាំងនោះ​ខ្លាចញញើត​ឡើយ ពួក​គេ​ថែម​ទាំង​បាន​សើចចំអក​ដល់​មន្ត្រី​នគរបាល​នោះ​ទៀត​ផង ។ លុះ​មួយសន្ទុះ​ធំ ទើប​ពួក​បងធំ​ជនបទ​ទាំងនោះ​បាន​គេចខ្លួន​បាត់​អស់​ខណៈ​មន្ត្រី​នគរបាល​ស្នើ​សុំ​កម្លាំង​បន្ថែម​ដើម្បី​ឃាត់ខ្លួន​ពួក​គេ ។

មន្ត្រី​នគរបាល​មួយ​រូប​ដែល​អះអាង​ថា ខ្លួន​នៅ​ប្រចាំការ​ប៉ុស្តិ៍​រដ្ឋបាល​ជង្រុក​បាន​និយាយ​ថា ពួក​មុខសញ្ញា ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​អស់នោះ គឺ​គាត់​ស្គាល់​អត្តសញ្ញាណ​ខ្លះ​ហើយ ដូច្នេះ​សូម​ឱ្យ​ខាង​ក្រុម​ភ្លេង​រៀបចំ​ទុកដាក់​អី​វ៉ា​ន់​ដឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន រង់ចាំ​ព្រឹក​ទើប​មក​ធ្វើ​កំណត់ហេតុ ។ មុខសញ្ញា​បងធំ​២​នាក់​បងប្អូន​ត្រូវ​បាន​អ្នក​ភូមិ​ស្គាល់​ច្បាស់​ជាងគេ​គឺ​ឈ្មោះ ឌឿ​ន និង​ឈ្មោះ ដា មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ហេតុតែ​ម្តង ។ មុខសញ្ញា​បងធំ​ទាំង​២​នាក់​នេះ​គឺ​តែងតែ​បង្ក​ការ​អុកឡុក​នៅ​តាម​កម្មវិធី​បុណ្យ​ទាន ឬ​នៅ​ពេល​ណា​ដែល​មានការ​ប្រគំ​តន្ត្រី ឬ​ក៏​ចាក់​ធុងបាស់​មិន​ដែល​ខាន​នោះ​ទេ ។ ជន​ទាំង​២​នាក់​នេះ​តែងតែ​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​ម្តង​ៗ តែ​ជន​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​យក​ទៅ​ដាក់គុក​ដែរ​នា​ពេល​កន្លង​មក តែ​មិន​ដែល​ជាប់​បាន​យូរ​នោះ​ទេ ក៏​ឃើញ​វិល​មក​វិញ​ក្រឡឺម ហើយ​ប្រព្រឹត្ត​លើស​ដើម ។

ភ្ញៀវ​និង​សាច់ញាតិ​ម្ចាស់​កម្មវិធី​បាន​រិះគន់​ថា នគរបាល​ប៉ុស្តិ៍​ជង្រុក​ហាក់ដូចជា​ខ្លាចញញើត​នឹង​អំណាច​ក្មេង​ពាល​ទាំងនោះ មិន​ហ៊ាន​ហៅ​សួរនាំ ឬ​ធ្វើ​កំណត់ហេតុ​ឡើយ ទុក​ឱកាស​ឱ្យ​ក្រុម​ក្មេង​ពាល​ដើរ​ចេញពី​កន្លែង​បង្កហេតុ​យ៉ាង​រំភើយ ។ នៅ​ក្នុងភូមិ​កើតហេតុ​ឱ្យ​តែ​មានបុណ្យ ទាន ឬ​ពិធី​មង្គលការ គឺ​ក្រុម​ក្មេង​ពាល​ទាំងនេះ​តែងតែ​បង្ក​ការ​អុកឡុក​មិន​ដែល​ខាន​ឡើយ ហើយ​ក៏​មានការ​រិះគន់​ទៅ​ដល់​លោកនាយ​ប៉ុស្តិ៍​ផង​ដែរ ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ពាល​ទាំងនេះ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា លោកនាយ​ប៉ុស្តិ៍​ហាក់​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ក្រុមបងធំ​ជនបទ​ទាំងនេះ​ឡើយ មិនដឹង​ថា​តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ បានជា​មិន​ដែល​សូវ​ឃើញ​ចាប់ខ្លួន​ជនល្មើស ។

ម្ចាស់​វង់ភ្លេង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​នគរបាល​ជង្រុក និង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​គង​ពីសី អាច​ចាប់ខ្លួន​ក្រុមបងធំ​ទាំងនេះ យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​បាន​ដែរ​ឬ​យ៉ាងណា​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​សំណង​ការ​ខូចខាត​មក​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ២០១៧ លោក​សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា មិន​ទាន់​ឃើញ​ខាង​អធិការ​ស្រុក​រាយការណ៍​មក​លោក​នៅឡើយ​ទេ ហើយ​ករណី​នេះ​លោក​នឹង​ចាត់​ឱ្យ​ខាង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕