ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ​ ២​រូប​រង​របួស ​ខណៈ​ដេញ​បង្ក្រាប​ក្មេង​ទំនើង​រហស្សនាម​«​ក្រុម​ទឹកអំពៅ​»​ ឃាត់ខ្លួន​បាន​៨​នាក់

15 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ កម្លាំងនគរបាល​ខណ្ឌដង្កោ​ បាន​ដេញ​បង្ក្រាប​ក្មេង​ទំនើង​១​ក្រុម​ ដែល​មាន​រហស្សនាម​ «​ក្រុម​ទឹកអំពៅ​» មាន​គ្នា​៤០​នាក់ ​ប្រដាប់​ដោយ​ដំបង​ដែក ​បំពង់​ទីប ជិះ​ម៉ូតូ​ប្រសេចប្រសាច​​តាម​ដងផ្លូវ…

រាជធានីភ្នំពេញ ​៖ កម្លាំងនគរបាល​ខណ្ឌដង្កោ​ បាន​ដេញ​បង្ក្រាប​ក្មេង​ទំនើង​១​ក្រុម​ ដែល​មាន​រហស្សនាម​ «​ក្រុម​ទឹកអំពៅ​» មាន​គ្នា​៤០​នាក់ ​ប្រដាប់​ដោយ​ដំបង​ដែក ​បំពង់​ទីប ជិះ​ម៉ូតូ​ប្រសេចប្រសាច​​តាម​ដងផ្លូវ ហើយ​ក៏​ត្រូវ​បាន​ក្មេង​ទំនើង​ខាងលើ វាយ​តបត ​និង​ជិះ​ម៉ូតូ​បំ​បុក បណ្ដាល​ឲ្យ​នគរបាល ​ចំនួន២​រូប ​ដួល​ម៉ូតូ​រង​របួសធ្ងន់ និង​ស្រាល។ ចំណែក​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បន្ត​ជិត​ម៉ូតូ​រត់គេច​ខ្លួន ​ក៏​បាន​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​ដួល ទើបត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​​៨​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួច​នាំ​យក​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ជិត​ភ្លឺ​ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​៥០​ម៉ែត្រ ត្រង់​ចំណុច​ក្បែរ​ភ្លើងស្តុប​ABC ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ទំនើង ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៨​នាក់​នោះ​ ​រួម​មាន ៖
​១.​ឈ្មោះ ជុំ​ឌី អេ​វ៉េ​ទី​រ៉ូ អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​០៩​នៅ​សាលា​ជា ស៊ី​ម​សាមគ្គី ស្នាក់​នៅផ្ទះ​ជួល​មុខ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
២.​ឈ្មោះ ម៉ោង សៀ​មិ​ញ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​បុរី​អូ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។
៣.​ឈ្មោះ សម្បត្តិ ចាន់​សុខ អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។
៤.​ឈ្មោះ ឌី ឆា​លី អាយុ​១៧​ឆ្នាំ មុខរបរ​លក់​ម្ជូរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។
៥.​ឈ្មោះ សល់ ទ្រី​ម៉េ​ង​ហុង អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​៨ អនុ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន មាន​ទីលំនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ ៦.​ឈ្មោះ កា រ៉ូ​សា អាយុ​១៥​ឆ្នាំ មុខរបរ​រ​កម្មករ​ដឹង​ជញ្ជូន ទីលំនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៧.​ឈ្មោះ ផាត លឹ​ម​ហៀ​ង អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​មើល​ការងារ​ផ្ទះសំណាក់ មាន​ទីលំនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។
៨.​ឈ្មោះ សុខ ផានិត អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ដកហូត​បាន ដំបង​ដែក​បំពង់​ទីប​(​ដង​ឆ័​ត្រ​ពណ៌​ស​) ប្រវែង​១១០​សង្ទីម៉ែត្រ​១​ដើម​,​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ស្លាក​លេខ​១​គ្រឿង, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LF-9383 ១​គ្រឿង ។ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LP-8571 ១​គ្រឿង, ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LH-7158 ១​គ្រឿង, ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០២៥ គ្មាន​ស្លាក​លេខ ១​គ្រឿង។ ទូរសព្ទ​ដៃ​ម៉ាក IPHONE X ពណ៌​ខ្មៅ ០១​គ្រឿង, ​ស្លាក​លេខ​ម៉ូតូ បន្ទាយ​មាន​ជ័យ​1V-9979 ១​បន្ទះ, ទូរសព្ទ​ដៃ​ម៉ាក IPHONE ពណ៌​ផ្កាឈូក ១​គ្រឿង, ទូរសព្ទ​ដៃ​ម៉ាក IPHONE 15 ពណ៌​ប្រ​ផះ ចំនួន​០១​គ្រឿង ទូរសព្ទ​ដៃ​ម៉ាក SAMSUNG ពណ៌​ត្រាវ​១​គ្រឿង, ទូរសព្ទ​ដៃ​ម៉ាក IPHONE ខូច​(​មិន​ដំណើរការ​)​ចំនួន​០២​គ្រឿង, ទូរសព្ទ​ដៃ​ម៉ាក​Iphone 11 ពណ៌​ក្រហម​១​គ្រឿង​, ទូរសព្ទ​ដៃ​ម៉ាក Tecno ពណ៌​ខ្មៅ ​ចំនួន​០១​គ្រឿង ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​កើតហេតុ​ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ជើងឯក ក្រោម​បញ្ជា​របស់​លោក​វរសេនីយ៍ឯក​ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​ល្បាត ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន។ ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បានឃើញ​ក្មេង​ទំនើង​០១​ក្រុម​នោះ ​មាន​គ្នា​៤០​នាក់ ជិះ​ម៉ូតូ​២០​គ្រឿង តាម​ផ្លូវ​បេតុង​៥០​ម៉ែត្រ ដោយ​មាន​កាន់ដំបង​ដែក​បំពង់​ទីប​(​ដង​ឆ័​ត្រ)​ផង​ដែរ។ ឃើញ​ដូចនេះ​កម្លាំង​នគរបាល​ក៏​បាន​ហៅ​ឲ្យ​ឈប់​ ដើម្បី​ធ្វើការ​សួរនាំ ប៉ុន្តែ​ក្មេង​ទំនើង​ទាំងនោះ​ មិន​ព្រម​ឈប់​ឡើយ ក៏​បាន​បើក​ម៉ូតូ​គេចខ្លួន ហើយ​កម្លាំង​នគរបាល​ក៏​បាន​ដេញ​តាម ​និង​ប្រកាស​តាម​វិទ្យុទាក់ទង ដើម្បី​ឲ្យ​កម្លាំង ​ដែល​នៅ​តាម​បណ្ដា​គោលដៅ​ខាង​មុខ​ជួយ​ស្ទាក់ ខណៈនោះ​ក្រុម​ក្មេង​ទំនើង​បាន​យក​ដំបង​ដែក​ទីប​វាយ​ទៅ​លើ​នគរបាល​កុំ​ឲ្យ​ចូល​ជិត ប៉ុន្តែ​វាយ​មិន​ត្រូវ​ឡើយ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​មក​កម្លាំង​នគរបាល ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ជនសង្ស័យ​ខាងលើ រហូត​ដល់​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​នោះ​បើក​ម៉ូតូ​បំ​បុក​ម៉ូតូ​នគរបាល​២​រូប បណ្ដាល​ឲ្យ​ដួល​ហើយ​ម្នាក់​រង​របួស​ជង្គង់​ខាងស្តាំ​ដេរ​ចំនួន​០៣​ថ្នេរ និង​ម្នាក់​ទៀត​រលាត់​ដៃជើង​របួសស្រាល។ ដោយឡែក​ក្មេង​ទំនើង​នោះ​ បាន​បន្ត​គេចខ្លួន ហើយ​ក៏​បាន​ប៉ះ​គ្នា បណ្ដាល​ឲ្យ​ដួល ទើប​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​០៨​នាក់ រីឯ​បក្ខពួក​៣២​នាក់​ទៀត​គេចខ្លួន​បាត់​អស់ ។ បន្ទាប់​មក​នគរបាល​បាន​នាំ​ជន ​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​ដែល​ដកហូត​បាន ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ