ខេត្តកំពង់ឆ្នាំង ៖ ដោយសារជំនន់ទឹកភ្លៀងបានបន្តគំរាមកំហែងលិចផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៩ និងលេខ៤០ ជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រទៅកាយបិទទប់ទឹក និងយកការុងច្រកដីទប់ទឹក ការពារមិនឲ្យហូរលើផ្លូវជាតិលេខ៥ជាថ្មីម្ដងទៀត។

សូមរម្លឹកដែរថា កាលពីយប់ថ្ងៃទី២១ ឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកពីទ្វារទឹកអន្លង់ជ្រៃ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យច្រោះដាច់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩ និង៤០ ស្ថិតនៅក្នុងភូមិជ្រលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលមិនអាចធ្វើដំណើរបានម្ដងហើយ។ កាលនោះបានក្រុមហ៊ុនធ្វើផ្លូវជប៉ុន អនុញ្ញាតឲ្យរថយន្តបើកបរលើផ្លូវដែលសាងសង់វាងផ្សារឧត្តង្គថ្មី កាលណោះបានដំណើរការមួយរយៈរហូតទឹកហូរស្រកចុះអស់ ក៏ចាប់ផ្ដើមធ្វើដំណើរតាមចាស់ឡើងវិញ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដោយសារតែទឹកបានហូរធ្លាក់មកជាថ្មីម្ដងទៀត ធ្វើឲ្យមានការព្រួយបារម្ភខ្លាចក្រែងហូរច្រោះដាច់ផ្លូវជាតិលេខ៥ នៅចំណុចខាងលើនោះដូចកាលមុន ទើបខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅកាយដីច្រកការុង និងប្រើអេស្កាវ៉ាទ័រជួយទប់ទឹកការពារការលិចលង់ជាថ្មីម្ដងទៀត។ ទោះជាយ៉ាងនេះក្តីលោកបានបញ្ជាក់ថា ប្រសិនបើស្ថានភាពទឹកឡើងខ្ពស់ជាងកន្លះម៉ែត្រ អាចនឹងកាត់ផ្ដាច់ផ្លូវចំណុចខាងលើជាថ្មីម្ដងទៀតជាពុំខានហើយ បើបែបនេះមែននឹងត្រូវសុំក្រុមហ៊ុនធ្វើផ្លូវជប៉ុនបើកផ្លូវវាងផ្សារឧត្តុង្គជាថ្មីម្ដងទៀតជាមិនខានឡើយ៕ ដោយ ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ